ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​សេអ៊ូល​នឹង​បន្ត​ផ្សព្វផ្សាយ​ការ​ឃោសនា​​សងសឹក​នឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង


ទាហាន​កូរ៉េ​ខាង​ត្បូង​ម្នាក់​សម្រាក​ នៅ​ពេល​គាត់​ផ្តេក​លើ​រថក្រោះ​នៅ​កន្លែង​ហ្វឹកហ្វឺន​នៅ​ក្បែរ​តំបន់​ស រវាង​កូរ៉េ​ទាំង​ពីរ​នៅ​ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
ទាហាន​កូរ៉េ​ខាង​ត្បូង​ម្នាក់​សម្រាក​ នៅ​ពេល​គាត់​ផ្តេក​លើ​រថក្រោះ​នៅ​កន្លែង​ហ្វឹកហ្វឺន​នៅ​ក្បែរ​តំបន់​ស រវាង​កូរ៉េ​ទាំង​ពីរ​នៅ​ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា ខ្លួន​នឹង​បន្ត​ផ្សព្វផ្សាយ​ការ​ឃោសនា​តាម​មេក្រូ ​ឬ​ធុងបាស​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​អាវុធ​បរមាណូ​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​សប្ដាហ៍​នេះ។

មន្ត្រី​នៅ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា ​«ការ​ផ្សព្វផ្សាយ​ការ​ឃោសនា​នោះ​នឹង​ចាប់​ផ្តើម​ពេល​ថ្ងៃ​ត្រង់​ស្អែក​នេះ»។

ប្រទេស​កូរ៉េ​ទាំង​ពីរ បើ​គិត​តាម​លក្ខណៈ​បច្ចេកទេស គឺ​កំពុង​តែ​នៅ​មាន​សង្គ្រាម​នឹង​គ្នា​ ក្រោយ​ពី​ជម្លោះ​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​ចន្លោះ​ឆ្នាំ​១៩៥០ និង​១៩៥៣​នោះ។

ប្រទេស​ទាំង​ពីរ បាន​បាញ់​កាំភ្លើង​ធំ​ ដាក់​គ្នា​ទៅវិញ​ទៅ​មក​កាល​ពី​ខែ​សីហា ដោយសារ​តែ​រឿង​ផ្សព្វផ្សាយ​ការ​ឃោសនា​នេះ។

ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​នេះ​រួច​ទៅ​ហើយ ក្រោយ​ពី​ខ្លួន​បាន​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​អំពី​វិធានការ​មួយ​កញ្ចប់​ ដែល​មាន​គោល​បំណង​បន្ធូរបន្ថយ​ភាព​ប្រទូស្ត​សារ៉ាយ​នឹង​គ្នា​នោះ។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់់​ទទួល​បន្ទុក​ខាង​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង គឺ​លោក Cho Tae-yong បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការ​អះអាង​របស់​កូរ៉េ​ខាង​ជើង​ថា ប្រទេស​នោះ​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​មួយ​កាល​ពី​ថ្ងៃ​ពុធ​នោះ​គឺ​ជា​ «ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ» ​ទៅលើ​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​សីហា​នោះ។

គ្រាប់បែក​អ៊ីដ្រូសែន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គ្រាប់បែក​បរមាណូ​រាប់ពាន់​ដង​ឯ​ណោះ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ បាតុករ​កូរ៉េ​ខាង​ត្បូង​រាប់​សិប​នាក់​បាន​តវ៉ា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។ បាតុករ​ជា​ច្រើន​នាក់​បាន​លើក​បដា​ ដែល​សរសេរ​ថា «កូរ៉េ​ខាង​ជើង បរាជ័យ!» និង​បដា​សរសេរ​ថា «ចេញ​ទៅ ​Kim Jong Unៗ»។ ក្រុម​ បាតុករ​ទាំង​នោះ​ក៏បាន​ដុត​រូប​សំណាក​របស់​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោកKim Jong Un ផង​ដែរ។

អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើនលើក​ច្រើន​សារ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​សារ​តែ​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​បរមាណូ​របស់​ប្រទេស​នោះ។

ប៉ុន្តែ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​មិន​អើពើ និង​មិន​ខ្វល់​ខ្វាយ​នឹង​ទណ្ឌកម្ម​ទាំង​នោះ​ទេ ហើយ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​និង​អាវុធ​បរមាណូ​របស់​ខ្លួន​ដដែរ។

មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​កូរ៉េ​ខាង​ជើង​ ជុំវិញ​ការ​បន្ត​ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​កូរ៉េ​ខាង​ត្បូង​ ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​នៅឡើយ​ទេ៕

XS
SM
MD
LG