ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទំនង​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ទស្សនកិច្ច​លោក Kerry នៅ​ចិន


រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ John Kerry​ បាន​មក​ដល់​​​សន្និសីទ​​ព័ត៌មាន​របស់ NATO នៅ​ទី​ក្រុង Antalya ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ John Kerry​ បាន​មក​ដល់​​​សន្និសីទ​​ព័ត៌មាន​របស់ NATO នៅ​ទី​ក្រុង Antalya ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៥។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ John Kerry​ បាន​មក​ដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាមួយ​នឹង​មេដឹកនាំ​ស្ថាប័ន​ស៊ីវិល​និង​មេដឹកនាំ​យោធា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។​ គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​រៀបចំ​នូវ​កិច្ច​ពិភាក្សា​ជាន់ខ្ពស់​រវាង​មេដឹកនាំក៏​ដូច​ជា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ Xi Jingping ​ដែល​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ឆ្នាំ​នេះ។​ ប៉ុន្តែ​ការ​រីក​រាល​ដាល​នៃ​ជម្លោះ​ទាមទារ​ដែនទឹក​នៅសមុទ្រ​ចិន​ខាងត្បូង​អាចជះ​ឥទ្ធិពល​មិន​ល្អដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក ​John Kerry។​ ​

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​សហរដ្ឋអាមេរិក​លោក​ John Kerry​ ​មាន​ការ​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​ពី​សំណាក់​មន្ត្រី​អាមេរិក​ទាក់ទិន​នឹង​ការ​ព្យាយាម​របស់​ចិន​ក្នុង​ការ​បើក​ការដ្ឋាន​សាងសង់​បោះ​ទីតាំង​ចំនួន​៧​ក្នុង​ដែន​ទឹក​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង។​

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​សាងសង់​ផ្លូវ​យន្តហោះ​នៅ​ឯ​ថ្ម​ប៉ប្រះ​ទឹក Fiery Cross Reef​ ដែល​ស្ថិត​នៅ​ក្នុងប្រជុំ​កោះ​ Spratly Islands ​និង​បាន​បូម​ខ្សាច់​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ដើម្បី​សាងសង់​ទីតាំង​ទី២​ ដែល​បាន​ពង្រីក​ជា​កូន​កោះ​ដែល​មាន​ទំហំ​ ៨០០​ហិកតា។​

យោង​តាម​សេចក្ដី​រាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​ ក្រសួង​ការពារ​ជាតិ​អាមេរិក​កំពុង​ពិចារណា​ប្រើប្រាស់​នូវ​យន្តហោះ​ចម្បាំង​និង​នាវា​ចម្បាំង​ចុះ​ល្បាត​ដើម្បី​ធានា​នូវ​សេរីភាព​នាវាចរណ៍​និង​ដើម្បី​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​របស់​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ទៅ​លើ​សារៈសំខាន់​តំបន់​នេះ​ចំពោះ​ពាណិជ្ជកម្ម​សាកល។​

មន្ត្រី​ការ​ទូត​កំពូល​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​លោក​ Daniel Russel​ បាន​ថ្លែង​ថា​ សកម្មភាព​ចង់​បង្ក​រឿង​របស់​ចិន​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​របស់​ចិន។ លោក​បាន​ថ្លែង​បន្ថែម​ទៀត​នៅ​ក្នុង​អំឡុង​ការ​ផ្តល់​សក្ខីកម្ម​នៅ​ឯ​សភា​សហរដ្ឋ​អាមេរិកក្នុង​សប្ដាហ៍​នេះ​ថា ​គួរ​តែ​មាន​សកម្មភាព​ដើម្បី​តបត​នឹង​អាកប្ប​កិរិយា​ចង់​បង្ក​រឿង​របស់​ចិន​នេះ។​

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​ថា ​បញ្ហា​នេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​ហើយ​លោក ​Kerry​ នឹង​ជម្រះ​នូវ​មន្ទិល​សង្ស័យ​ទាំង​ស្រុង​ជាមួយ​ចិន​ទាក់ទិន​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​រក្សា​នូវ​សេរីភាព​នាវាចរណ៍​និង​ហោះហើរ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង។​

ប៉ុន្តែ​ថា​តើ​លោក​នឹង​ពិភាក្សា​ស៊ី​ជម្រៅ​យ៉ាងណា​នោះ ​នៅ​មិន​ទាន់​មាន​ភាព​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ។​

លោក​ William Choong ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​មួយ​រូប​នៅ​ឯ ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ (International​ Institute ​of Strategic​ Studies) បាន​និយាយ​ថា​ លោក​ Kerry ​អាច​នឹង​លើក​ឡើង​ទាក់ទិន​នឹង​បញ្ហា​ការ​ធ្វើ​ល្បាត​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហើយ​បើ​លោក​ពិត​ជា​លើក​ឡើង​ពី​បញ្ហា​នេះ​មែន​នោះ ​វា​អាច​នឹង​មាន​ការ​ឆ្លើយតប​យ៉ាង​ខ្លាំង​មួយ​ពី​ចិន។​

«ប៉ុន្តែ​ខ្ញុំ​គិត​ថា​ទីបំផុត​នោះ​គឺ​ថា​ តើ​សហរដ្ឋ​អាមេរិក​មាន​ឆន្ទៈ​មោះមុត​កម្រិត​ណា​ក្នុង​ការ​រុញច្រាន​ការ​ទាមទារ​នេះ ដែល​ប្រថុយ​ប្រថាន​ក្នុង​ការ​អាច​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់​តែ​ខ្លាំង‍​ឡើង»។‍​

ចិន​និង​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​រៀបចំ​ជំនួប​កំពូល​ខាង​សេដ្ឋកិច្ច​និង​សន្តិសុខ​នា​ពេល​ខាងមុខ​ណា​មួយ​ក្នុង​ឆ្នាំ​នេះ។​ ហើយ​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​តែ​រៀបចំ​ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ចមកសហរដ្ឋ​អាមេរិក​ជា​លើក​ទី១​របស់ប្រធានាធិបតី​ចិន​លោក Xi Jingping​ ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ ។​

លោក​ Choong ថ្លែង​ថា​ ប្រសិន​បើ​អាមេរិក​នៅ​តែ​ចង់​ធ្វើ​ការ​ល្បាត​នៅ​ជិត​កន្លែង​សាងសង់​កោះ​របស់​ចិន​នោះ​មែន​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទៅ​លើ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ។​

លោក ​Wang Dong​ ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​មក​ពី​សាកលវិទ្យាល័យ​ Peking​ Universityបាន​និយាយ​ថា​ វា​ពិបាក​នឹង​និយាយ​ណាស់​ ថា​តើ​បញ្ហា​នេះ​ជា​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​ទស្សនកិច្ច​ ឬ​អាច​និយាយ​បាន​ថា ​វា​អាច​ថា​ប្រទេស​ទាំងពីរ​នេះ​កំពុង​ព្យាយាម​សម្រាល​ស្ថានការណ៍​នេះ​ទៅ​វិញ​ក៏​អាច​ថា​បាន។​

«ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ​គឺ​ថា ​វា​ដូច​ជា​សហរដ្ឋ​អាមេរិក​គ្រាន់​តែ​កំពុង​ព្យាយាម​ឲ្យ​សញ្ញា​មួយ​ដើម្បី​បង្អាក់​ចិន​តែ​ប៉ុណ្ណោះ​ ហើយ​អាមេរិក​ទំនង​នឹង​មិន​បញ្ចេញ​ជា​សកម្មភាព​ពិត​នោះ​ទេ‍»។​

បើ​ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​ពិត​មែន​នោះ ​សេចក្ដី​អត្ថាធិប្បាយ​របស់​មន្ត្រី​អាមេរិក​នា​សប្តាហ៍​នេះ​ បាន​ធ្វើ​ឲ្យ​មន្ត្រី​ចិន​មាន​ការ​ទើស​ចិត្ត​រួច​ទៅ​ហើយ។​ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មាន​«ការ​ព្រួយ​បារម្ភ​យ៉ាង​អនេក»​ និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​បញ្ជាក់​ទាក់ទិន​នឹង​សេចក្ដី​រាយការណ៍​ស្តី​ពី​ការ​អាច​នឹង​ធ្វើ​ល្បាត​ ដែល​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​ជា​សំណួរ​មួយ​ដែល​ចិន​អាច​នឹង​ចោទ​សួរ​ដោយ​សេរី​ក្នុងដំណើរ​ទស្សនកិច្ច​នេះ៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG