មុនពេលប្រទេសអាហ្វ្រិកខាងត្បូងរងការវាយប្រហារខ្លាំងដោយសារមេរោគកូរ៉ូណាថ្មីទៅទៀត ប្រទេសនេះមានបញ្ហាស្រាប់ជាមួយប្រព័ន្ធសុខាភិបាល ដែលញាំញីដោយសារជំងឺរបេង និងជំងឺអេដស៍។ អ្នកជំនាញផ្នែកសុខាភិបាលនិយាយថា ពលរដ្ឋដែលប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង គឺប្រជាជនដែលងាយរងគ្រោះរស់នៅតាមតំបន់កខ្វក់គ្មានអនាម័យ ក្រីក្រតោកយ៉ាក និងកកកុញជាមួយគ្នា។
ក្រុង និងតំបន់ក្រីក្រតោកយ៉ាកដែលមានមនុស្សកកកុញនានានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងមានអត្រាឆ្លងជំងឺរបេង និងជំងឺអេដស៍ខ្ពស់ជាងគេបំផុតក្នុងប្រទេស។
ករណីនេះមានន័យថា ពលរដ្ឋអាហ្វ្រិកខាងត្បូងក្រីក្ររាប់លាននាក់មានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។
អ្នកជំនាញខាងសុខាភិបាលបានឲ្យដឹងថា បូកបញ្ចូលការគំរាមកំហែងពីមេរោគកូរ៉ូណាថ្មី ករណីនេះអាចធ្វើឲ្យប្រព័ន្ធសុខាភិបាលដែលទន់ខ្សោយស្រាប់ កាន់តែដុនដាបទៅៗ។
អ្នកស្រីវេជ្ជបណ្ឌិត Angelique Coetzee នៃសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង បាននិយាយថា ប្រទេសទាំងមូលមានសម្ភារៈបរិក្ខារ ដែលអាចទប់ទល់នឹងការផ្ទុះទ្បើងនៃការឆ្លងរាលដាលទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។
អ្នកស្រីបាននិយាយដូច្នេះថា៖ «បើសិនជាអកុសលមានការឆ្លងរាលដាលខ្លាំងនៃមេរោគនេះមែន នោះនៅតាមតំបន់ក្រីក្រតោកយ៉ាក ហានិភ័យនៃប្រជាជនដែលមានអាការៈធ្ងន់ធ្ងរនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយអ្នកទាំងនោះគឺជាអ្នកដែលយើងខ្លាចថាអាចត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ខ្ញុំគិតថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាហ្វ្រិកខាងត្បូងមិនអាចមានលទ្ធភាពព្យាបាលក្រុមមនុស្សអ្នកមានជំងឺធ្ងន់ធ្ងរដ៏ច្រើនក្នុងពេលតែមួយបានទេ»។
ក្រុមឱសថការីក្នុងប្រទេសអាហ្វ្រិកខាងត្បូងកំពុងប្រយុទ្ធក្នុងសមរភូមិមុខ តាមរយៈការចែកចាយថ្នាំពេទ្យ និងអប់រំអំពីការការពារជំងឺកូវីដ ១៩។
នៅឯឱសថស្ថាន Mays Pharmacy ក្នុងទីក្រុង Johannesburg លោកឱសថការី Dara Vucevic បានឲ្យអតិថិជនតម្រង់ជួរនៅខាងក្រៅ និងអនុវត្តការរក្សាគម្លាតពីគ្នា។
លោក Vucevic បញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា នៅតាមសហគមន៍ទូទៅ ដែលមានមនុស្សច្រើនរស់នៅ ខ្ញុំមិនដឹងថាពួកគេនឹងដោះស្រាយបញ្ហានេះដោយវិធីណានោះទេ។ ប៉ុន្តែខ្ញុំគិតថា ពួកគេបានផ្គង់ផ្គង់សម្ភារៈបរិក្ខានៅតាមមន្ទីរពេទ្យធំៗ នៅតាមមន្ទីរពេទ្យចម្បងៗ»។
អ្នកឯកទេសផ្នែករោគរាតត្បាតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងមានការព្រួយបារម្ភអំពីសំណង់តំបន់ក្រីក្រតោកយ៉ាកដែលមានមនុស្សរស់នៅកកកុញ ដែលនៅតាមតំបន់ទាំងនោះ ការរក្សាគម្លាតពីគ្នាហាក់ដូចជាមិនអាចទៅរួច។
អ្នកស្រី Cheryl Cohen សហប្រធានមជ្ឈមណ្ឌលជំងឺផ្លូវដង្ហើមនៃវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រទេសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា៖
«តើឲ្យអ្នកជំងឺព្យាយាមនៅឲ្យឆ្ងាយពីគេឯង នឹងរក្សាគម្លាតពីអ្នកដទៃដោយវិធីណា បើសិនជាពួកគេស្នាក់នៅរួមគ្នាជាមួយអ្នកដទៃមួយម៉ែត្រពីគ្នាក្នុងបន្ទប់តែមួយបែបនេះ? ពីព្រោះថា ចម្ងាយមួយម៉ែត្រ គឺជាចម្ងាយដែលមេរោគនៅក្នុងកម្ទេចកម្ទីទឹកមាត់នៅពេលអ្នកជំងឺក្អក ឬកណ្ដាស់ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន»។
សម្រាប់ករណីឆ្លងរាតត្បាតនេះ អាជ្ញាធរអាហ្វ្រិកខាងត្បូងសង្ឃឹមលើសេណារីយ៉ូល្អបំផុតមួយ ដែលថា វិធានការស្នាក់នៅក្នុងផ្ទះមិនចេញទៅក្រៅដែលមនុស្សម្នាកំពុងអនុវត្ត នឹងអាចគ្រប់គ្រងស្ថានការណ៍បាន។
គិតត្រឹមថ្ងៃអាទិត្យ ប្រទេសអាហ្វ្រិកខាងត្បូងមានករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះចំនួនជិត ១ ពាន់ ៦ រយនាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៩ នាក់។
ចំនួននេះគឺតិចជាងចំនួនករណីដែលប្រទេសមួយចំនួនទៀតបានជួបប្រទះ។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យទាំងឡាយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកំពុងត្រៀមលក្ខណៈទប់ទល់ក្នុងករណីមានរឿងអាក្រក់កើតឡើង៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា