អតីតមេដឹកនាំសាសានានៃប្រទេសអាហ្វ្រិកខាងត្បូងលោក Desmond Tutu បានស្លាប់ក្នុងអាយុ ៩០ឆ្នាំ។ ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោកទៅលើសកម្មភាពប្រឆាំងការប្រកាន់ពូជសាសន៍និងការពារសិទ្ធិមនុស្សដ៏ខ្លាំងក្លា។
ការស្លាប់របស់លោកត្រូវបានប្រកាសនៅថ្ងៃអាទិត្យដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa។
លោក Ramaphosa បាននិយាយថា៖ «ការស្លាប់របស់មេដឹកនាំសាសនា Desmond Tutu គឺជាការបាត់បង់បុគ្គលដ៏ឆ្នើមមួយរូបរបស់ពលរដ្ឋអាហ្វ្រិកខាងត្បូងដែលបានបន្សល់ទុកឲ្យប្រទេសអាហ្វ្រិកខាងត្បូងនូវសេរីភាព។ លោក Tutu បានធ្វើសកម្មភាពលើសពីតួនាទីក្នុងនាមជាមេដឹកនាំសាសនាម្នាក់។
លោកបានចំណាយពេលក្នុងជីវិតរបស់លោកដើម្បីការពារសិទ្ធិមនុស្ស ហើយបាននិយាយប្រឆាំងអំពើអយុត្តិធម៌ អំពើពុករលួយ និងការគៀបសង្កត់ជិះជាន់។
លោក Tutu ទទួលបានជ័យលាភីរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៨៤ចំពោះសកម្មភាពរបស់លោកប្រឆាំងនឹងរបបប្រកាន់ពូជសាសន៍ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Apartheid)។
នៅពេលដែលអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Nelson Mandela ត្រូវបានដោះលែងចេញពីពន្ធនាគារនោះ លោកTutu បានផ្តល់កន្លែងស្នាក់នៅឲ្យអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះក្នុងយប់ទី១នៃសេរីភាពរបស់លោក។
លោក Tutu បន្ទាប់មកបានប្រកាសដល់សាធារណជនថា លោក Mandela ជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងស្បែកខ្មៅទី១នៅក្នុងឆ្នាំ១៩៩៤។
លោក Tutu ក៏បានធ្វើជាមេដឹកនាំនៅក្នុងដំណើរការផ្សះផ្សាជាតិរបស់ប្រទេសអាហ្វ្រិកខាងត្បូងក្រោយការដួលរលំនៃរបបប្រកាន់ពូជសាសន៍ដោយបានធ្វើជាប្រធានគណៈកម្មការបង្រួបបង្រួមនិងស្វែងរកការពិតដែលនៅពេលនោះមានករណីអយុត្តិធម៌សង្គមជាច្រើនត្រូវបានដោះស្រាយ។
បើទោះបីជាជួបការប្រឈមលំបាកជាខ្លាំងយ៉ាងណាក្តីលោក Tutu ត្រូវបានគេចងចាំនូវសកម្មភាពប្រកបដោយសន្តិវីធីនិងការអត់អោនសណ្តោសប្រណីរបស់លោក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP និង Reuters។