ភរិយារបស់លោក សួន សេរីរដ្ឋា ដែលជាអ្នកនយោបាយខ្មែរមានសញ្ជាតិអាមេរិកាំងបានស្នើឲ្យស្ថានទូតអាមេរិកនៅកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការចាប់ខ្លួន និងការចោទប្រកាន់ស្វាមីរបស់អ្នកនាង ដោយសារការបង្ហោះសាររិះគន់កងទ័ពលើប្រព័ន្ធសង្គមហ្វេសប៊ុក។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយរដ្ឋាភិបាលចាត់ទុកសាររបស់លោក ដែលហៅ«មេទ័ពចោរ» ជាការប្រមាថមួយ។
លោកបានរិះគន់ការបញ្ជូនទ័ពទៅតំបន់ចម្រូងចម្រាសក្នុងខេត្តស្ទឹងត្រែង ដែលមានជម្លោះជាមួយប្រទេសឡាវថា៖ «បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវ មែននោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ គឺកូនខ្មែរកងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិ... ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិបានលុយកាក់សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង»។
អ្នកនាង ណៃ ចរិយា អាយុ៣០ឆ្នាំ ភរិយារបស់លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់VOAថា អ្នកនាងបានជួបជាមួយមន្រ្តីស្ថានទូតអាមេរិក នៅព្រឹកថ្ងៃអង្គារ ហើយបានស្នើឲ្យជួយអន្តរាគមន៍លើការចាប់ខ្លួនស្វាមីរបស់អ្នកនាង។
អ្នកនាងមានប្រសាសន៍ថា៖ «បងចង់ឲ្យគេជួយអន្តរាគមន៍ជួយ ព្រោះគាត់មានសញ្ជាតិអាមេរិកដែរ។ អញ្ចឹងបងគ្រាន់តែចង់ឲ្យគេជួយនិយាយជាមួយរដ្ឋាភិបាលយើង តែប៉ុណ្ណឹងឯង»។
អ្នកនាងបានចាត់ទុកការបង្ហោះសាររបស់ស្វាមីអ្នកនាង មិនធ្ងន់ធ្ងរ ដូចការចោទប្រកាន់នោះទេ។ អ្នកនាងស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ និងជួយសម្រួលករណីនេះ។
អ្នកស្រីបានបញ្ជាក់ថា៖ «វាជារឿងមួយរន្ធត់សម្រាប់បង ដែលគេចាប់ខ្លួនប្តីបងហ្នឹង។ ចង់និយាយថាន័យគាត់ហ្នឹង បារម្ភពីសុខទុក្ខប្រជាពលរដ្ឋ ហើយក៏ដូចជាកងទ័ពយើងដែរ។ អ្នកដែលអាចកាត់ន័យក្នុងន័យល្អក៏ល្អទៅ អ្នកដែលកាត់ន័យក្នុងន័យអាក្រក់ ក៏អាក្រក់ទៅ»។ អ្នកនាងបានចាត់ទុកការបង្ហោះសាររបស់ស្វាមី ជាការបញ្ចេញមតិមួយដែលមិនគួរមានទោសនោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកនាងបានបដិសេធមិនអត្ថាធិប្បាយលម្អិតពីការពិភាក្សាជាមួយស្ថានទូតអាមេរិក ដោយគ្រាន់តែបញ្ជាក់ថា ស្ថានទូតនឹងសួរសុខទុក្ខលោក សួន សេរីរដ្ឋា នៅពេលខាងមុខនេះ។ អ្នកនាងបន្តថា អ្នកនាងកំពុងស្វែងរកមេធាវី ឲ្យជួយការពាររឿងក្តីនេះ។
VOA មិនអាចសុំការឆ្លើយតបពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
លោក សួន សេរីរដ្ឋា ដែលរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ បានទទួលសញ្ជាតិអាមេរិកកាលពីឆ្នាំ២០១៥ ហើយលោកបានរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០០៦។ នេះបើតាមភរិយារបស់លោក។ សព្វថ្ងៃនេះ លោកមានកូនពីរនាក់ ប្រុសមួយ ស្រីមួយ អាយុ២ឆ្នាំ និង៣ឆ្នាំ។
លោកធ្លាប់ត្រូវតុលាការរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ កាលពីឆ្នាំ២០០៤ ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទរៀបចំគម្រោងការផ្តួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណា កាលពីខែកក្កដា ឆ្នាំ២០១៥ តាមសំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់កាលពីខែមិថុនាឆ្នាំនេះ លោកត្រូវបានព្រះមហាក្សត្រលើកលែងទោស។ លោកបានត្រឡប់មកកម្ពុជាវិញ កាលពីខែតុលា ឆ្នាំ២០១៥ ហើយលោកបានបង្កើតគណបក្សមួយឈ្មោះ គណបក្សអំណាចខ្មែរ ដែលត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃកាលពីខែកញ្ញា ឆ្នាំ២០១៥។ គណបក្សលោកពុំបានទទួលសំឡេងឆ្នោតដូចគណបក្សជាច្រើនទៀតដែរក្នុងពេលបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លោកក៏ត្រូវបានចោទប្រកាន់ថា បានចូលដៃចូលជើងជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបំបែកសំឡេងគណបក្សសង្រ្គោះជាតិ នៅការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។ ទោះជាយ៉ាងណា លោក សួន សេរីរដ្ឋា ធ្លាប់បានបដិសេធការចោទប្រកាន់នេះ ដោយលោកលើកឡើងថា គណបក្សកាន់រដ្ឋាភិបាលដឹកនាំប្រទេសមិនបានល្អនោះទេ។
ភរិយារបស់លោក សួន សេរីរដ្ឋា បានចាត់ទុកការចោទប្រកាន់នេះជា«ការលាបពណ៌មួយ» ហើយអ្នកនាងថា ស្វាមីចង់ជួយប្រជាពលរដ្ឋកម្ពុជា។
កាលពីថ្ងៃច័ន្ទលោកហ៊ុន សែនបានថ្លែងថាការបង្ហោះសាររបស់លោកសួន សេរីរដ្ឋា «ជាការប្រមាថ» ដែលមិនអាចអត់ឱនឲ្យបាន។លោកមានប្រសាសន៍ថា៖ «អ្នកណាធ្វើអត្ថាធិប្បាយ លើរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកឯងមិនអាចប្រមាថជាមួយនឹងអ្វីដែលគេឈ្លានពាន ហើយអ្នកឯងចាត់ទុកថាជា វិធីដើម្បីគណបក្សប្រជាជនយកសំឡេងឆ្នោត។ យើងមិនអាចទទួលយកបានអាកន្លែងនេះ។ សូមព្រមានអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ។ ហើយ បើនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំនឹងចាប់ខ្លួនហើយ។ ជាបទល្មើសជាក់ស្តែងតែម្តង ក្នុងការប្រមាថទៅលើជាតិសាសន៍មួយ ដែលមានឯករាជ្យអធិបតេយ្យ ហើយនេះវាទាក់ទងទៅនឹងសន្តិសុខរបស់ជាតិ។ កុំថាខ្ញុំផ្តាច់ការ»។
ក្រោយការថ្លែងរបស់នាយករដ្ឋមន្រ្តី សាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃច័ន្ទដដែល បានសម្រេចចោទប្រកាន់លោក សួន សេរីរដ្ឋា ចំនួនបីបទល្មើស គឺពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់តាមបញ្ញត្តិមាត្រា៤៧១ បទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើរកឃើញកំហុស លោកអាចជាប់ពន្ធនាគារចំនួន១២ឆ្នាំ។
តុលាការរាជធានីភ្នំពេញបានសម្រេចលើកពេលជំនុំជម្រះកាលពីថ្ងៃច័ន្ទ ដោយនឹងបន្តសវនាការទៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយសារជនជាប់ចោទស្នើសុំរកមេធាវីការពារក្តីឲ្យខ្លួន៕