ប្រធានស្តីទីគណបក្ស អំណាចខែ្មរ លោក សួង សុភណ្ឌ លើកឡើងថា ការថ្លែងរបស់លោក សួន សេរីរដ្ឋា មិនខុសច្បាប់នោះទេ ក៏ប៉ុន្តែលោកថា ការព្រមានថា មានសង្គ្រាម និងការព្រមានផ្សេងៗ របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ទើបជាការព្រមាន ដែលគួរតែត្រូវបានតុលាការកាត់ទោស។ អ្នកនាំពាក្យគណបក្សកាន់អំណាចបញ្ជាក់ថា ការព្រមានរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងការប្រព្រឹត្តរបស់លោក សួន សេរីរដ្ឋា ជាអំពើផ្សេងគ្នា។
នៅថ្ងៃអង្គារនេះ ប្រធានស្តីទីគណបក្សអំណាចខ្មែរ លោក សួង សុភណ្ឌ បានថ្លែងការពារ ចំពោះការ លើកឡើងរបស់ប្រធានគណបក្សខ្លួនពាក់ព័ន្ធនឹងការបំបែកបំបាក់ទឹកចិត្តកងទ័ព។ លោកអះអាង ការលើកឡើងរបស់លោក សួន សេរីរដ្ឋា គ្រាន់ជាការរិះគន់ក្នុងន័យកែលម្អ និងបានទាមទារឲ្យតុលាការកាត់ទោសលោកនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច ដែលលោកយល់ថា តែងតែប្រើពាក្យគំរាមកំហែងប្រជាពលរដ្ឋ។
ខណៈក្រុមកម្លាំងសមត្ថកិច្ចចម្រុះកំពុងឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរនាព្រឹកថ្ងៃអង្គារ ដើម្បីរកភស្តុតាងបន្ថែម លោក សួង សុភណ្ឌ ប្រធានស្តីទីគណបក្ស ដែលទើបឡើងកាន់តំណែងជាអនុប្រធានបក្សទើបតែប៉ុន្មានថ្ងៃ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅទីស្នាក់ការបក្សថា ប្រធានគណបក្សរបស់លោក គឺលោក សួន សេរីរដ្ឋា មិនមានកំហុសរហូតដល់ត្រូវបានចាប់ខ្លួននោះទេ។ លោក សួង សុភណ្ឌ បន្ថែមថា លោក សួន សេរីរដ្ឋា គ្រាន់តែនិយាយពីស្ថានភាពរបស់កងទ័ពដែលកំពុងជួបការលំបាក មិនបានធ្វើឲ្យប៉ះពាល់ដល់កងទ័ព ឬប៉ះពាល់ដល់ផ្នែកណាមួយក្នុងសង្គមនោះទេ ប៉ុន្តែលោកថា ការព្រមានពីសង្គ្រាមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការព្រមានផ្សេងៗរបស់បុគ្គលមួយចំនួនទៀត ទើបគួរតែត្រូវបានតុលាការកាត់ទោស។
លោក សួង សុភណ្ឌ បញ្ជាក់ថា៖
«បើចង់ចាប់ ចាប់បួននាក់ ដែលខ្ញុំនិយាយអម្បាញ់មិញ ទាំងលោក ហ៊ុន សែន លោក ទៀ បាញ់ លោក វង សូត សុំទោសដែរទៅ។ អ្នកដែលប្រមាថព្រះមហាក្សត្រ ដឹងអ្នកណាគេទេ? លោក ខឹម វាសនា។ ទៅចាប់លោក ខឹម វាសនា ទៅ អ្នកដែលប្រមាថសាសនា ប្រមាថព្រះមហាក្សត្រ ទៅចាប់ទៅ ហេតុអីបានជាមិនព្រមចាប់? នេះជាសំណួរឲ្យលោក ខឹម វាសនា ឆ្លើយមក ក្នុងនាមខ្ញុំជាអ្នកនយោបាយម្នាក់។ ហើយលោក ហ៊ុន សែន ដូចគ្នា ឬក៏ចំណាត់ការតុលាការដូចគ្នា ព្រះរាជអាជ្ញា ដែលមានយុត្តាធិការចាប់ឃាត់ខ្លួននរណាម្នាក់ មិនព្រមទៅចាប់ទៅ ទៅឃាត់ទៅ អ្នកដែលប៉ះពាល់ស្ថាប័នព្រះមហាក្សត្រ។ តែផ្ទុយទៅវិញហេតុអីបានមិនធ្វើ? ហេតុអីបានជាមកធ្វើចំណាត់ការលើលោក សួន សេរីរដ្ឋា?»។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ក្រោយពេលដែលលោករិះគន់ករណីបញ្ជូនទ័ពទៅព្រំដែនកម្ពុជា-ឡាវ ថា អាចធ្វើឲ្យកងទ័ពរងគ្រោះ ចំណែកអ្នកបានផលគឺ មន្ត្រីថ្នាក់លើ។ លោកត្រូវ បានតុលាការចោទប្រកាន់ ចំនួន៣បទល្មើស គឺពី បទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ បទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប្រធានគណបក្សដែលមានសញ្ជាតិខ្មែរអាមេរិកកាំង រូបនេះ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងរង់ចាំការជំនុំជម្រះបន្តទៅថ្ងៃទី២៤ ខែសីហា ខាងមុខ។ បន្ទាប់ពីការចាប់ខ្លួន លោក សួន សេរីរដ្ឋា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដ៏មានឥទ្ធិពល ក៏បានព្រមានចាប់ខ្លួនអ្នកដែលធ្វើអត្ថាធិប្បាយរិះគន់ ការបញ្ជូនទ័ពទៅព្រំដែន ដើម្បីត្រៀមប្រយុទ្ធនឹងកងទ័ពឡាវដែលចូលទឹកដីខ្មែរថា ជារឿងនយោបាយរបស់គណបក្សកាន់អំណាច ដើម្បីកេងចំណេញសន្លឹកឆ្នោត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកធ្លាប់បានថ្លែងព្រមានជារឿយៗថា ប្រទេសនឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត។ ចំណែកលោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានព្រមានវាយសំពងក្បាលជនណាដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ ដែលការព្រមាននេះធ្វើឡើងបន្ទាប់ពី លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានព្រមានវាយបំបាក់ធ្មេញជនណា ដែលហ៊ានតវ៉ាលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងមក។
ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថាការលើកឡើងរបស់ លោក សួង សុភណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរ គ្រាន់តែជាការយល់ឃើញរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រព្រឹត្តរបស់លោក សួន សេរីរដ្ឋា គឺជា បទល្មើសប្រមាថកងទ័ព មិនមានពាក់ព័ន្ធណាមួយទៅនឹងការថ្លែងរបស់ប្រមុខដឹកនាំរដ្ឋាភិបាលនោះទេ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ៖
«ខ្ញុំយល់ថា នេះជាយោបល់ផ្ទាល់ខ្លួន ក្នុងការយល់ឃើញរបស់គាត់ទេ។ ហើយរឿងដែលចាប់ សួន សេរីរដ្ឋា មិនមែនចាប់ដោយសាររឿងវាយបាក់ធ្មេញ មិនមែនចាប់រឿងដែលថា មានសង្គ្រាមអីទេ គឺរឿងប្រមាថកងទ័ព។ អានេះដូចតុលាការបានធ្វើការចោទប្រកាន់រួចហើយ»។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយធ្លាប់លើកឡើងថា ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាបន្តបន្ទាប់ដូច្នេះ បង្ហាញពីចេតនាជំរុញឲ្យកើតមានអំពើហិង្សានៅកម្ពុជា និងជាការគំរាមកំហែងលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ដែលពួកគេអះអាងថា ការណ៍នេះផ្ទុយទៅនឹងលទ្ធិប្រជាធិបតេយ្យ៕