កូនប្រុសសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តកំពង់ចាម បានស្លាប់នៅក្នុងពន្ធនាគារខេត្ត បន្ទាប់ពីត្រូវបានកម្លាំងប៉ូលិសចាប់ឃុំខ្លួន ប្រាំបួនឆ្នាំក្រោយពីមានដីកាចាប់ខ្លួនដែលចេញដោយតុលាការខេត្តតាំងពីខែកក្កដា ឆ្នាំ២០១០។ នេះបើយោងតាមការបញ្ជាក់របស់សាច់ញាតិនៃជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកំពង់ចាម។
ការស្លាប់របស់លោក ទិត្យ រ៉ន វ័យ៣៨ឆ្នាំ កូនប្រុសរបស់លោក អៀម ទិត្យ វ័យ៦២ ឆ្នាំ ជាសកម្មជនគណបក្សសង្គ្រោះជាតិ បានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយការចាប់ខ្លួន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
តាមវីដេអូឃ្លីបមួយ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញថា លោក អៀម ទិត្យ រៀបរាប់ពីការចាប់ខ្លួន និងការស្លាប់របស់កូនប្រុសលោក។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនគរបាលអះអាងក្នុងរបាយការណ៍មួយថា ជនសង្ស័យឈ្មោះ ទិត្យ រ៉ន ជា «មនុស្សញៀនស្រា»។
ក្នុងវីដេអូឃ្លីបដដែលដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ីកាលពីថ្ងៃទី៣០ ខែមេសា លោកអៀម ទិត្យ មិនបានចោទប្រកាន់ថា មានការធ្វើទារុណកម្មពីសំណាក់ក្រុមមន្ត្រីមានសមត្ថកិច្ចលើកូនប្រុសរបស់លោកទេ។
ប៉ុន្តែសកម្មជនបក្សប្រឆាំងដែលមានវ័យចំណាស់រូបនេះ បានអំពាវនាវដល់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងមកពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ឲ្យជួយរកយុត្តិធម៌ជូនកូនប្រុសរបស់លោក។
លោក អៀម ទិត្យ ដែលអះអាងថា កូនប្រុសមានអាយុ៣៧ឆ្នាំ បានថ្លែងថា៖
«កាលពីថ្ងៃ១៥ ខែ៤ ឆ្នាំ២០១៩ វេលាម៉ោង ៧:៣០នាទីព្រឹក មានប៉ូលិសប៉ុស្តិ៍ ឃុំទួលព្រះឃ្លាំង ចំនួន៣នាក់ បានមកចាប់កូនប្រុសរបស់ខ្ញុំបាទឈ្មោះទិត្យ រ៉ន អាយុ៣៧ ឆ្នាំ យកទៅបាត់។ នៅថ្ងៃទី១៨ ខែ៤ ឆ្នាំ២០១៩ វេលាម៉ោង៩យប់ មានប្រជាពលរដ្ឋម្នាក់ បានមកប្រាប់ខ្ញុំថា កូនបងឯង បានស្លាប់ហើយ គឺនៅពន្ធនាគារ...ព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែល ខ្ញុំបាទទៅយក អ្ហូទៅ ទីនោះ ក៏ឃើញ ក៏បានឃើញកូនរបស់ខ្ញុំបាទស្លាប់ពិតប្រាកដមែន»។
លោកបានបន្ថែមថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវដល់តុលាការ អង្គការជាតិ អង្គការអន្តរជាតិ ជាពិសេសអ្នកស្រី រ៉ូណា ស្មីត ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទផង»។
VOA ព្យាយាមសុំការអធិប្បាយបន្ថែមពីលោកអៀម ទិត្យ តែមិនអាចទាក់ទងលោកបាននៅឡើយមកដល់ល្ងាចថ្ងៃពុធនេះ។
ចំណែកលោកសម រង្ស៊ី បានផ្តល់ការអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក ដោយបានចាត់ទុក ការស្លាប់របស់លោកទិត្យ រ៉ន ថាជា «ឃាតកម្មនយោបាយ»។
ទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖
«ឃាតកម្មនយោបាយមួយទៀត បានកើតឡើងនៅប្រទេសកម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៩នេះ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជនរងគ្រោះឈ្មោះ ទិត្យ រ៉ន អាយុ ៣៧ ឆ្នាំ ត្រូវនគរបាលធ្វើឃាត ថ្ងៃ១៨មេសា ឆ្នាំ២០១៩នៅពន្ធនាគារវត្តឃ្មួង»។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលការចោទប្រកាន់របស់លោកសម រង្ស៊ី និងបានអះអាងថា គណបក្សប្រឆាំងដែលត្រូវបានរំលាយ កំពុងធ្វើឲ្យមតិសាធារណជនមានការភាន់ច្រឡំ ខណៈពេលអ្នកស្រី រ៉ូណា ស្មីត កំពុងមានវត្តមានក្នុងប្រទេស។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«យើងចាត់ទុកថា នេះគឺជា កលល្បិច ឃោសនា បោកប្រាស់មតិសាធារណៈ ដែលកើតឡើងចំពេល ដែលលោកជំទាវ រ៉ូណា ស្មីតមកកម្ពុជា។ ជាយូរមកហើយ គេអត់មានឃើញព័ត៌មានហ្នឹងទេ នេះគឺជាការគ្រោងទុកមុន។ តាមពិត មិនមែនរឿងហ្នឹងអ៊ីចឹងទេ គឺទណ្ឌិតហ្នឹង យើងមានឯកសារត្រឹមត្រូវ គឺទណ្ឌិតហ្នឹង គឹស្លាប់ដោយដួលបោកក្បាលដោយខ្លួនឯង នៅពេលដែលខ្លួនគេហៅថា ស្រវឹងញ័រញាក់ ដោយសារ និយាយរួមមេស្រាវាកាច់ វាដើរដួលនៅក្នុង មានសាក្សីអីត្រឹមត្រូវ នៅក្នុងមន្ទីរឃុំឃាំង មានកោសល្យវិច័យ មានឯកសារត្រឹមត្រូវ សុំបដិសេធនូវព័ត៌មានហ្នឹងបាទ»។
របាយការណ៍របស់ស្នងការដា្ឋននគរបាលខេត្តកំពង់ចាមចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងពី ដំណើរនៃការឃាត់ខ្លួន និងគ្រោះថ្នាក់របស់ទិត្យ រ៉ន «ដែលចូលទៅបន្ទប់ទឹកក្នុងអគារឃុំខ្លួនបណ្តោះអាសន្នដោយមិនបានប្រុងប្រយ័ត្ន ក៏ដួលបោកក្បាលទៅប៉ះនឹងជ្រុងអាងទឹក បណ្តាលឲ្យរបួស លើត្របកភ្នែកផ្នែកខាងស្តាំចេញឈាមចំនួន១កន្លែង»។
របាយការណ៍បានរៀបរាប់ថា លោកទិត្យ រ៉ន ត្រូវបានឃុំខ្លួនបណ្តោះអាសន្នជាមួយជនសង្ស័យពីរនាក់ផ្សេងទៀតមុនគ្រោះថ្នាក់កើតឡើង។ ជនសង្ស័យទាំងពីរនាក់នោះ មានឈ្មោះ ម៉េង អេង និងម៉ាន គីមលន់ ដែលត្រូវបានឃាត់ខ្លួនក្នុងករណី ហិង្សាដោយចេតនា និងករណីគ្រោះថ្នាក់ចរាចរណ៍។
ប៉ូលិសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានយោងតាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ ម៉េង អេង ដែលរងការចោទប្រកាន់ដាច់ដោយឡែកពីលោកទិត្យ រ៉ន។ ជនសង្ស័យឈ្មោះ ម៉េង អេង បានបានប្រាប់ប៉ូលិស ថា លោក ទិត្យ រ៉ន មានសភាពធំក្លិនស្រាយ៉ាងខ្លាំង ញ័រដៃ ញ័រជើង ដើរមិនត្រង់ផ្លូវ។ លោកក៏ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ មកស្នងការនគរបាលខេត្តកំពង់ចាម។
របាយការណ៍របស់ប៉ូលិសខេត្តកំពង់ចាមបានបន្ត ដោយយោងលើការបំភ្លឺរបស់ជនសង្ស័យឈ្មោះម៉េង អេង ថា នៅពេលលោក ទិត្យ រ៉ន ត្រូវបានបញ្ជូនមកដល់អគារឃុំខ្លួនបណ្តោះអាសន្ននៃស្នងការនគរបាលខេត្តកំពង់ចាម លោក ទិត្យ រ៉ន មានអាការៈញ័រដៃ ញ័រជើង ញ័រខ្លួន និងមានបែកពុពុះមាត់ ដែលហាក់បីដូចជាមនុស្សញៀនស្រា តែក្រោយមកត្រូវបានសមត្ថកិច្ចជួយឲ្យដឹងខ្លួនឡើងវិញ។
របាយការណ៍ដដែលបានអះអាងថា ក្នុងពេលឃុំខ្លួននៅក្នុងអគារឃុំខ្លួនបណ្តោះអាសន្ននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម «សមត្ថកិច្ច...ពុំបានប្រើអំពើហិង្សា ឬធ្វើទារុណកម្មទៅលើជនសង្ស័យឈ្មោះ ទិត រ៉ន អ្វីនោះឡើយ»។
របាយការណ៍ក៏បានសន្និដ្ឋានថា៖ «ស្លាកស្នាមរបួសលើចិញ្ចើមផ្នែកខាងស្តាំ ស្នាមជាំក្នុងរង្វង់ភ្នែកផ្នែកខាងស្តាំ ស្នាមហើមកំភួនជើងស្តាំ ស្នាមហើមកំភួនដៃស្តាំ និងកំភួនដៃឆ្វេង គឺដោយសារដួលផ្កាប់មុខខ្លួនឯងនៅក្នុងបន្ទប់ទឹក នៃអគារឃុំខ្លួនបណ្តោះអាសន្ន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៧ និង៣០នាទី ពិតប្រាកដមែន»។
របាយការណ៍ប៉ូលិសបានបញ្ជាក់ទៀតក្នុងន័យដើមថា៖ «ឈ្មោះ ទិត រ៉ន ពិតជាស្លាប់នៅក្នុងពន្ធនាគារ ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ ពិតប្រាកដមែន»។
VOA ព្យាយាមសុំការអធិប្បាយពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម តែទូរស័ព្ទរបស់លោករោទិ៍គ្មានអ្នកទទួល។
លោក ឡេង សេងហាន មន្ត្រីអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម បានបញ្ជាក់ថា លោកទិត្យ រ៉ន ពិតជាបានស្លាប់នៅពន្ធនាគារ តែលោកសុំមិនផ្តល់អធិប្បាយចំពោះ ការចោទប្រកាន់ថា ករណីស្លាប់លោក ទិត្យ រ៉ន មានជាប់ទាក់ទងនឹងហេតុផលនយោបាយ។
លោកបានលើកឡើងថា សមាគមលោកនឹងបន្តអង្កេតលើរឿងនេះ ហើយក៏បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចបន្តកិច្ចស៊ើបអង្កេត ដើម្បីបញ្ជាក់ឲ្យច្បាស់ពីហេតុផលនៃការស្លាប់លោក ទិត្យ រ៉ន ដើម្បីធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះបានធូរស្រាលក្នុងចិត្ត។
«ជាសំណូមពរវិញ សង្ឃឹមថា ខាងសមត្ថកិច្ចជំនាញនឹងធ្វើការបង្ហាញជារបាយការណ៍ជាក់លាក់ផ្តល់ភាពយុត្តិធម៌ ឲ្យទៅឪពុកជនរងគ្រោះ ឲ្យគាត់បានស្ងប់ចិត្ត ថាកូនគាត់ស្លាប់ដោយសារអី ឲ្យច្បាស់»។
អ្នកស្រីស្មីត បានស្នើឲ្យមានការអង្កេតច្បាស់លាស់ ទៅលើហេតុផលនៃការស្លាប់លោក ទិត្យ រ៉ន ហើយថា ការស្លាប់ណាមួយដែលបានកើតឡើងនៅក្នុងពេលឃុំខ្លួន គឺជា «បញ្ហាធ្ងន់ធ្ងរ»។ អ្នកស្រីបានផ្តល់ការអធិប្បាយតាមសារឆ្លើយឆ្លងអេឡិចត្រូនិក ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«ការស្លាប់ណាមួយដែលបានកើតឡើងក្នុងពេលឃុំខ្លួនគឺជាបញ្ហាធ្ងន់ធ្ងរមួយ។ រដ្ឋត្រូវបានតម្រូវឲ្យធានាឲ្យបាននូវការស៊ើបអង្កេតឆាប់រហ័ស និងមានប្រសិទ្ធភាព ទៅក្នុងហេតុការណ៍ជុំវិញការស្លាប់ និងបង្ហាញនូវហេតុផលជាក់លាក់នៃការស្លាប់។ ប្រសិនបើភស្តុតាងត្រូវបានរកឃើញក្នុងស្ថានភាពសង្ស័យ ឬជាមួយកំហុសឆ្គងនោះ វាត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ហើយបើសិនមានហេតុផលសមស្របនោះ គឺត្រូវយកមកកាត់ទោស»។
ការបង្ហាញពីការស្លាប់របស់លោកទិត្យ រ៉ន តាមទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី កើតមានឡើង
បន្ទាប់ពី អតីតមន្ត្រីថ្នាក់មូលដ្ឋានប្រាំនាក់នៃគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកោះហៅទៅសាកសួរពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់ពួកគេ ក្រោយពីការរំលាយអតីតគណបក្សប្រឆាំងនេះ។
មន្ត្រីទាំងប្រំានាក់នោះមាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ លោក ម៉ក់ រ៉ា អតីតចៅសង្កាត់ទួលតាឯក លោក ហួន ចំរើន អតីតចៅសង្កាត់ចំការសំរោង លោក ឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក គង់ ប៊ុនហ៊ាង សកម្មជនគណបក្សនឹងត្រូវទៅបំភ្លឺនៅតុលាការនៅខែឧសភានេះ ពាក់ព័ន្ធនឹង«ការប្រឆាំងនឹងសាលដីការបស់តុលាការកំពូល»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្សនិងឯកសារតុលាការ។
ការចាប់ឃុំខ្លួនលោកទិត្យ រ៉ន ត្រូវបានធ្វើឡើងទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១០ ចេញដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទបង្ករបួសស្នាមដោយចេតនា ប្រពឹត្តនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៦។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕