ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តអាណត្តិទី ៤ នាថ្ងៃអង្គារនេះ គណបក្សនយោបាយមួយចំនួន បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សា កុំប្រកាន់និន្នាការនយោបាយ ហើយត្រូវធ្វើការរួមគ្នាដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឬហៅថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី ៤ បានបញ្ចប់កាលពីទី ២៦ ខែឧសភា ឆ្នាំ ២០២៤។ គណបក្សនយោបាយចំនួន ៥ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលមួយនេះ ដែលរួមមានគណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
លទ្ធផលបោះឆ្នោតផ្លូវការ បានបង្ហាញថា សម្រាប់តំណែងក្រុមប្រឹក្សារាជធានីខេត្ត ដែលមានអាសនៈសរុបចំនួន ៥៥៩ គឺគណបក្សប្រជាជនទទួលបាន ៥០៤ អាសនៈ គណបក្សឆន្ទៈខ្មែរទទួលបាន ៤៧ អាសនៈ និងគណបក្សកម្លាំងជាតិទទួលបាន ៨ អាសនៈ។ ចំណែកអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស ដែលមានសរុប ៣.៦៤១ អាសនៈ គឺគណបក្សប្រជាជនទទួលបានចំនួន ៣.២៥៧ អាសនៈ គណបក្សឆន្ទៈទទួលបានចំនួន ៣១២ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបានទទួលបានចំនួន ២ អាសនៈ គណបក្សកម្លាំងជាតិទទួលបានចំនួន ៦៩ អាសនៈ និងគណបក្សខ្មែររួបរួមជាតិ ទទួលបានចំនួន ១ អាសនៈ។ នេះបើតាមអ្នកនាំពាក្យ គ.ជ.ប។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់វីអូអេថា គណបក្សឆន្ទៈខ្មែរ ទទួលយកលទ្ធផលបោះឆ្នោតនេះ បើទោះបីជាគណបក្សបានកត់សម្គាល់ឃើញភាពមិនប្រក្រតីមួយចំនួន ជាពិសេសរូបភាពគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួនសកម្មជនរបស់គណបក្សឆន្ទៈខ្មែរ នៅមុនថ្ងៃបោះឆ្នោត។
លោកមានសុទិដ្ឋិនិយមថា មន្ត្រីដែលជាប់ឆ្នោតជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ព្រោះការប្រកាន់និន្នាការនយោបាយ គឺជាឧបសគ្គ រារាំងដល់ការបំពេញភារកិច្ចរបស់សមាជិកក្រុមប្រឹក្សា ក្នុងការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។
បើតាមលោក គង់ មុនីកា ជាទូទៅមន្ត្រីដែលមានតួនាទីក្រុមប្រឹក្សា គឺជាមន្ត្រីរបស់ប្រជាពលរដ្ឋ ពោលគឺពួកគេមិនអាចបម្រើប្រយោជន៍គណបក្សនយោបាយឡើយ។
លោកបន្ថែមថា៖ «ក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ក៏ដូចគ្នាយើងឃើញពីបញ្ហាលំបាករបស់ក្រុមប្រឹក្សាជាប់ឆ្នោត ដែលជាប់ឆ្នោតហើយ តែមិនអាចអនុវត្តតួនាទីមុខងាររបស់ខ្លួនស្របតាមច្បាប់ ដោយសារការនៅតែប្រកាន់និន្នាការនយោបាយ ហើយដូចថាគិតថាសំឡេងភាគតិច ភាគច្រើនអីហ្នឹង។ ដូច្នេះហើយនៅក្នុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្តនេះ ខ្ញុំអត់ចង់ឃើញរបៀបធ្វើការបែបហ្នឹងទៀតទេ។ ខ្ញុំចង់ឱ្យពួកគាត់ធ្វើយ៉ាងណារួមកម្លាំងគ្នាក្នុងនាមជាមន្ត្រីសាធារណៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា កុំឱ្យមានការរើសអើស ហើយជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច និងមុខងារដែលច្បាប់បានកំណត់នោះ»។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែររូបនេះ បន្ថែមថា ក្រុមប្រឹក្សាជាប់ឆ្នោត នឹងដើរតួនាទីជាភ្នែកច្រមុះរបស់ប្រជាពលរដ្ឋ ក្នុងការរកដំណោះស្រាយលើបញ្ហាសំខាន់ៗមួយចំនួនៗ ដូចជាបញ្ហាដីធ្លី និងកសិផលគ្មានទីផ្សារជាដើម។ ពួកគេក៏នឹងលើកឡើងពីទុក្ខលំបាករបស់ពលរដ្ឋនៅមូលដ្ឋានឱ្យបានដឹងឮដល់ថ្នាក់ដឹកនាំប្រទេសផងដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វីអូអេថា គណបក្សកម្លាំងជាតិ ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្តប្រមាណ៨អាសនៈ និងក្រុមប្រឹក្សាស្រុក ខណ្ឌប្រមាណ៧០អាសនៈ នៅក្នុងការបោះឆ្នោតអសកលមួយនេះ។
លោកសង្ឃឹមថា ការបញ្ចេញមតិរបស់សមាជិកក្រុមប្រឹក្សាដែលមកពីគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវបានយកចិត្តទុកដាក់ ដោយគ្មានការរើសអើងខាងផ្នែកនយោបាយ។
លោក រ៉ុង ឈុន ថ្លែងថា៖ «អ៊ីចឹងយើងចង់ឃើញថាការអនុវត្តត្រូវតែដំណើរទៅតាមច្បាប់កំណត់ ហើយត្រូវគោរពតាមសំឡេងភាគតិច នៅពេលដែលសំឡេងភាគតិចត្រូវបានលើកឡើងនៅបញ្ហាប្រជាពលរដ្ឋ ត្រូវតែពិនិត្យសម្រេចក្នុងការការពារផលប្រយោជន៍របស់ពលរដ្ឋ»។
យ៉ាងណាមិញ លោកបានបញ្ជាក់ថា មុនពេលដំណើរការបោះឆ្នោតតែងកើតមាននៅភាពមិនប្រក្រតី ការរឹតត្បិត ការចាប់ខ្លួនសកម្មជនគណបក្ស ដែលរូបភាពទាំងនេះធ្វើឱ្យប៉ះពាល់ដល់បរិយាកាសការបោះឆ្នោត។
ទោះបីជាមានការបកស្រាយពីអ្នកនយោបាយជំទាស់អំពីភាពប្រក្រតីមួយចំនួនជុំវិញដំណើការបោះឆ្នោតក្តី ក៏ស្ថាប័ន គ.ជ.ប បានវាយតម្លៃថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈអង្គបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបានចេញទៅបោះឆ្នោតចំនួន ៩៩,៧៩% ឬអង្គបោះឆ្នោតមិនបានបានចេញទៅបោះឆ្នោតចំនួន ២៤ នាក់ ក្នុងចំណោមអង្គបោះឆ្នោតសរុប ១១.៦២២ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសលោក សុខ ឥសាន យល់ស្របនឹងការវាយតម្លៃរបស់ គ.ជ.ប ទាក់ទិនបរិយាកាសបោះឆ្នោត និងថាគណបក្សនយោបាយទាំងអស់ មិនថាគណបក្សដែលទទួលបានសំឡេងភាគច្រើន និងគណបក្សនយោបាយដែលទទួលបានសំឡេងតិច គឺត្រូវបម្រើជាតិ និងប្រជាជនរួមគ្នា។
លោកថ្លែងថា៖ «យើងមានច្បាប់ស្ដីពីការរៀបចំនឹងប្រព្រឹត្តទៅនៃរដ្ឋាបាលថ្នាក់ក្រោមជាតិហើយ អ៊ីចឹងការសម្រេចរបៀបណាយើងយកមតិភាគច្រើនលើសពី ៥០% បូក ១។ អ៊ីចឹងពេលដែលយើងសម្រេចក្រុមប្រឹក្សា គេប្រជុំគ្នាសម្រេចដោយលើកដៃបោះឆ្នោតយកសំឡេងភាគច្រើន អ៊ីចឹងគឺយើងត្រូវតែគោរពតាមគោលការណ៍នេះដែលមានចែងនៅក្នុងច្បាប់»។
លោកបន្ថែមថា ដំណើរការបោះឆ្នោតអសកលអាណត្តិទី ៤ នេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើង ដូចការចោទប្រកាន់របស់គណបក្សនៅក្រៅរដ្ឋាភិបាលនោះទេ។
ដោយឡែក អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានកត់សម្គាល់ថា ដោយសារគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនជាងគណបក្សផ្សេង ដូច្នេះមន្ត្រីមកពីគណបក្សកាន់អំណាច នឹងក្លាយប្រធានក្រុមប្រឹក្សារាជធានីខេត្តទាំង ២៥ និងជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស។
បើតាមច្បាប់ស្តីពី «ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានអាណត្តិ ៥ ឆ្នាំ ដែលមានន័យថា អាណត្តិរបស់ក្រុមប្រឹក្សា រាប់គិតចាប់តាំងពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រហូតដល់ផុតកំណត់នៃថ្ងៃបោះឆ្នោតបន្ទាប់។
ក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាក៏មានតួនាទី បង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជំរុញឱ្យមានការចូលរួមពីសាធារណជននៅក្នុងដំណើរការអភិបាលកិច្ចនៅក្នុងស្រុក និងឃុំសង្កាត់ ហើយឆ្លើយតបចំពោះតម្រូវការក្នុងស្រុករបស់ខ្លួន និងសំណើរបស់ក្រុមប្រឹក្សាឃុំសង្កាត់។
ក្រៅពីនោះ ក្រុមប្រឹក្សាអាចស្នើជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដកហូតអភិបាល និងអភិបាលរងចេញពីមុខដំណែង ក្នុងករណីអភិបាល អភិបាលរង បាត់បង់លក្ខណៈសម្បត្តិជាអភិបាល អភិបាលរង ឬអសមត្ថភាព បំពេញការងារមិនបានល្អ មានបញ្ហាសុខភាព ឬបាត់បង់សម្បទាវិជ្ជាជីវៈ បោះបង់ចោលការងារ និងប្រព្រឹត្តខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវស៊ើបអង្កេតជាបន្ទាន់នូវរាល់សំណើរបស់ក្រុមប្រឹក្សាដើម្បីរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន លើកឡើងថា នៅក្នុងក្របខណ្ឌអភិបាលកិច្ចល្អ គេឱ្យតម្លៃលើភាពចម្រុះ ដែលអាចផ្តល់នូវគំនិតថ្មី ទស្សនៈថ្មី និងយន្តការតាមដានត្រួតពិនិត្យបានគ្រប់ជ្រុងជ្រោយ ដូច្នេះក្រុមប្រឹក្សាអាណត្តិទី ៤ ដែលមានភាពចម្រុះបែបនេះ គឺជាសញ្ញាល្អ សម្រាប់ដំណើរការប្រជាធិបតេយ្យ។
លោកប្រាប់វីអូអេថា៖ «រាល់កិច្ចការងារ និងសកម្មភាពរបស់គាត់ គឺត្រូវតែកំណត់ខ្លួនឯងថា គាត់គឺជាអ្នកបម្រើរបស់សង្គម បម្រើប្រជាពលរដ្ឋ ដោយបែងចែងការងារបក្ស និងការងារសាធារណៈឱ្យបានដាច់ចេញពីគ្នា និងអនុវត្តនូវគោលការណ៍ គោលនយោបាយ ក៏ដូចជាផែនការដែលរាជធានីខេត្ត នីមួយៗបានដាក់ចេញមក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
បើយោងតាមច្បាប់ស្តីពី«ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» អង្គ ប្រជុំសម្រាប់ការចូលកាន់តំណែងរបស់ក្រុមប្រឹក្សា នឹងត្រូវរៀបចំឡើងក្នុងរយៈពេលមិនឱ្យលើស១៤ថ្ងៃ បន្ទាប់ពីថ្ងៃដែលគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ៕
វេទិកាបញ្ចេញមតិ