នៅថ្ងៃចន្ទនេះ អ្នកតំណាងផ្នែកពាណិជ្ជកម្មមកពីប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ព័ត៌មានថ្មីបំផុតអំពីដំណើរការនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង ដែលហៅកាត់ថា NAFTA។ ចំណែកឯអ្នកដែលយល់ដឹងអំពីដំណើរការនេះបាននិយាយថា កិច្ចព្រមព្រៀងចុងក្រោយអាចនឹងធ្វើឡើងក្រោយខែមិនាដែលជាខែគោលដៅក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងនេះ។
ប្រទេសទាំង ៣ បានព្យាយាមបញ្ចប់ការពិភាក្សាអំពីកិច្ចព្រមព្រៀងនេះនៅត្រឹមចុងឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែពួកគេធ្វើការស្វែងរកចំណុចរួមលើបញ្ហាផ្ទុយគ្នាមួយចំនួន។
កិច្ចពិភាក្សាជុំក្រោយបង្អស់ដែលបានធ្វើឡើងនៅក្នុងទីក្រុង Montreal ប្រទេសកាណាដានេះ មានដូចជាការពិភាក្សាលើយន្តការដំណោះស្រាយជម្លោះ និងក្បួនច្បាប់នានាសម្រាប់ឧស្សាហកម្មរថយន្ត។
សហរដ្ឋអាមេរិកភាគច្រើនចង់លុបបំបាត់គណៈកម្មាធិការដោះស្រាយជម្លោះ និងបង្កើនភាគរយនៃគ្រឿងបន្លាស់នានារបស់សហរដ្ឋអាមេរិកដែលតម្រូវសម្រាប់រថយន្ត។ សហរដ្ឋអាមេរិកក៏បានស្នើឲ្យមានការបញ្ចូលនូវជំពូកមួយទៅក្នុងកិច្ចព្រមព្រៀងនេះ ដែលចែងថាកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់ក្រោយពីដំណើរការបានរយៈពេល ៥ ឆ្នាំ ប្រសិនបើប្រទេសទាំង ៣ មិនឯកភាពគ្នាក្នុងការបន្តរក្សាទុកកិច្ចព្រមព្រៀងនេះទៅមុខទៀត។
កិច្ចព្រមព្រៀងជុំថ្មីមួយទៀតគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក នៅក្នុងរយៈពេលមួយខែខាងមុខនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមម្ដងហើយម្ដងទៀតថានឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើមិនមានការផ្លាស់ប្ដូរណាមួយដែលមានទំនោរទៅរកសហរដ្ឋអាមេរិកត្រូវបានធ្វើឡើងនោះទេ៕