ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលសព្វថ្ងៃនេះមិនមានតំណាងជាខ្មែរដែលជាប់តំណែងជាសមាជិកក្រុមប្រឹក្សាក្រុង ដែលមានតួនាទីអភិវឌ្ឍក្រុងនេះទេ។ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងខាងមុខនេះ ពួកគេទទូចចង់បានតំណាងជាខ្មែរ។ ក៏ប៉ុន្តែ អ្នកវិភាគសហគមន៍មួយចំនួន យល់ថា ដើម្បីឲ្យមានតំណាងជាខ្មែរ លុះត្រាតែខ្មែរនៅទីក្រុងនេះមានសាមគ្គីភាព និងសកម្មក្នុងការបោះឆ្នោត។
នាពេលបច្ចុប្បន្ននេះ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកគឺជាទីក្រុងដែលមានពលរដ្ឋខ្មែររស់នៅច្រើនបំផុតទី២ ដែលមានចំនួនប្រមាណ៣០.០០០នាក់។ កាលពីមុន ទីក្រុងឡូវែលនេះ ធ្លាប់មានតំណាងជាខ្មែរពីរនាក់ដែលធ្លាប់ជាប់ជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល។
ក៏ប៉ុន្តែកាលពីឆ្នាំ២០១៥ មានបេក្ខជនខ្មែរចំនួន៤នាក់ដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុង តែមិនមានបេក្ខជនណាម្នាក់ជាប់ដើម្បីធ្វើជាតំណាងឲ្យសហគមន៍ខ្មែរនៅទីក្រុងនេះទេ។ ត្រង់បញ្ហានេះ ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនទទូចចង់បានតំណាងជាខ្មែរនៅក្នុងក្រុមប្រឹក្សាក្រុងឡូវែលនេះ។
លោកស្រី វ៉ាត សាវឿន អាយុ៨២ឆ្នាំ ដែលបានរស់នៅទីក្រុងឡូវែលនេះជាងសាមសិបឆ្នាំមកនេះ ចង់បានតំណាងជាខ្មែរ ដោយលោកស្រីបានខំស្ទុះស្ទារនាំពលរដ្ឋខ្មែរដទៃទៀតទៅបោះឆ្នោត បើទោះបីជាមិនបានជោគជ័យក៏ដោយ។
«អារម្មណ៍ខ្ញុំចង់បាន ចង់បានអ្នកតំណាងខ្មែរយើងដែរ។ ប៉ុន្តែ គាត់ឈរឈ្មោះដែរតែមិនជាប់ ហើយមិនដឹងធ្វើម៉េច។ ខ្ញុំខំនាំគេទៅបោះច្រើនដែរ»។
លោក ឃុន ហុង អាយុ៥៥ឆ្នាំ ថ្លែងថា លោកក៏ចង់បានតំណាងជាខ្មែរដែរ ក៏ប៉ុន្តែ លោកបានខកចិត្តចំពោះអ្នកដឹកនាំមួយចំនួនដែលបានជាប់ឆ្នោតហើយ តែមិនបានយកចិត្តទុកដាក់លើសហគមន៍ខ្មែរ ដូចដែលបានសន្យាមុនជាប់តំណែង។
«គាត់ជាប់ទៅហើយ គាត់ដូចជាព្រងើយនឹងប្រជាជន។ អ្វីដែលគាត់[សន្យា]ថាធ្វើ គាត់ធ្វើមែន ដូចផ្លូវថ្នល់ ដូចអ្វីៗផ្សេងៗជាដើម។ តែក្រោយពីជាប់មកហ្នឹង អត់ទន់ភ្លន់ដូចពេលមិនទាន់ជាប់ទេ។ អាហ្នឹងបញ្ហាច្រើនមកហើយ»។
លោក ឱក តុលាយុត្តិ ដែលជាសកម្មជននយោបាយម្នាក់នៅទីក្រុងឡូវែលនេះ ក៏មានការសោកស្តាយ ពីព្រោះវាជាការខាតប្រយោជន៍របស់សហគមន៍ខ្មែរនៅទីក្រុងនេះ ដែលមិនមានតំណាងរបស់ខ្លួន។
«យើងត្រូវតែមានតំណាងមួយ ដែលការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរយើងនៅទីនេះ។ មិនមែនមានន័យថា យើងមិនមានតំណាង មិនមានអ្នកណាការពារផលប្រយោជន៍យើងទេ។ គេការពារ តែយ៉ាងណា គាត់មិនអាចយល់ច្បាស់ពីបញ្ហាក្នុងសង្គមខ្មែរយើង។ គាត់មិនអាចយល់ច្បាស់ពីកង្វល់របស់យើង»។
លោកស្រី លី ផល្លីន ដែលជាពលរដ្ឋខ្មែរនៅទីក្រុងឡូវែល បានប្រាប់ VOA ថា លោកស្រីសោកស្តាយដែលសហគមន៍ខ្មែរនៅទីនេះដែលមានពលរដ្ឋខ្មែររស់នៅច្រើន តែមិនមានតំណាងជាខ្មែរ។
«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ដែលមិនមានតំណាងខ្លួន ខ្ញុំអន់ចិត្តមែនទែន ដោយសារទី១ បងប្អូនខ្មែរយើងមានជិត៤ម៉ឺននាក់នៅក្នុងសហគមន៍ ហើយបើសិនជាគាត់ចេញទៅបោះ ក៏ជាប់ដែរ។ តែភាគតិចណាស់ដែលគាត់ចេញទៅបោះ។ ដល់អញ្ចឹងខ្ញុំសោកស្តាយ»។
យ៉ាងណាមិញ អ្នកវិភាគសហគមន៍ខ្មែរនៅទីក្រុងឡូវែលមួយចំនួន បានផ្តល់មូលហេតុផ្សេងៗគ្នា ជុំវិញបញ្ហាគ្មានតំណាងជាខ្មែរនៅក្នុងក្រុមប្រឹក្សាក្រុងឡូវែលនេះ។
លោក នួន វាសនា គឺជាអតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលកាលពីឆ្នាំ២០១១។ លោកបានបកស្រាយថា ការមានតំណាងជាខ្មែរនៅក្នុងក្រុមប្រឹក្សាក្រុងមានសារៈសំខាន់ណាស់ដល់ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងនេះ ជាពិសេស ទាក់ទងនឹងការចាត់ចែងថវិកាអភិវឌ្ឍក្រុង ការទទួលបានឱកាសការងារ និងការអប់រំជាដើម។ ក៏ប៉ុន្តែ លោកថា មានពលរដ្ឋខ្មែរតិចតួចទៅបោះឆ្នោត។
«ពាក់ព័ន្ធរឿងថា បងប្អូនប្រជាពលរដ្ឋរបស់យើងចេញទៅបោះឆ្នោតមិនបានច្រើន។ យើងមានប្រជាពលរដ្ឋបីម៉ឺននាក់ផ្លាយ អ្នកដែលមានសិទ្ធិទៅបោះឆ្នោតហ្នឹង គឺ៧ពាន់ ទៅ៨ពាន់នាក់ ហើយអ្នកដែលបានទៅបោះហ្នឹងមិនបាន២ពាន់នាក់ទេ។ ម្ល៉ោះហើយ យើងត្រូវការចំនួនដែលយកឈ្នះច្រើន»។
លោក លាង ស៊ីដនី ដែលជាប្រធានគម្រោងស្តីអំពីសិទ្ធិពលរដ្ឋនៃមជ្ឈមណ្ឌលសុខភាព Lowell Community Health Center យល់ថា ភាគច្រើនពលរដ្ឋខ្មែរនៅទីក្រុងឡូវែលនេះផ្តោតអារម្មណ៍ខ្លាំងទៅលើស្ថានភាពនៅប្រទេសកម្ពុជា ជាជាងស្ថានភាពសង្គមនៅទីក្រុងឡូវែលនេះ។ អាស្រ័យហេតុនេះ គោលបំណងមួយនៃគម្រោងស្តីអំពីសិទ្ធិបោះឆ្នោតដែលលោកកំពុងដឹកនាំ គឺដើម្បីជំរុញឲ្យពលរដ្ឋខ្មែរយកចិត្តទុកដាក់លើបញ្ហានៅទីក្រុងឡូវែលនេះ។
«ការយោគយល់ ការចង់ដឹង ចង់ឮអំពីសភាពការណ៍ ឬមួយរឿងរ៉ាវកើតឡើងនៅក្នុងសង្គម [ពលរដ្ឋ]ក្នុងក្រុងឡូវែលនេះ មិនសូវមានច្រើនប៉ុន្មានដែរ។ យើងឃើញថា បងប្អូនយើងផ្តោតអារម្មណ៍រឿងរ៉ាវនៅស្រុកខ្មែរច្រើន ហើយយករឿងរ៉ាវនោះមកដាក់ក្នុងសង្គមយើង។ ដូច្នេះ យើងចង់បង្វែរពួកគាត់ផងដែរថា ពីព្រោះថា ឆ្នាំងបាយរបស់ពួកគាត់នៅទីនេះ»។
លោក ប៉ែន សុផល ដែលជាសកម្មជននយោបាយម្នាក់នៅទីក្រុងឡូវែល យល់ថា មិនមានតំណាងជាខ្មែរនៅក្នុងក្រុមប្រឹក្សាក្រុង គឺដោយសារតែពលរដ្ឋខ្មែរខ្វះសាមគ្គីភាព ដែលជាសម្លេងតែមួយ។
«មិនបានជាប់ [elect] ជាសមាជិកក្រុមប្រឹក្សា ដោយសារតែការរៀបចំក្នុងសហគមន៍របស់យើង មិនទាន់បានមូលមតិគ្នាជាថ្លុងមួយ។ ត្រង់ន័យនេះ ខ្ញុំគ្រាន់តែចង់និយាយថា ត្រូវតែមានតំណាងសមាគម តំណាងខ្មែរនៅក្នុងសហគមន៍ ពីព្រោះវាសំខាន់។ វាជាតំណាងសាសន៍យើង តំណាងជាតិយើង ហើយដើម្បីឲ្យគាត់មានឱកាសបម្រើសហគមន៍ខ្មែរ។ ប៉ុន្តែគួរឲ្យស្តាយ ឥឡូវនេះមិនទាន់មានបេក្ខជនណាមួយ elect [ជាប់]»។
លោក ប៉ាន សូ គឺជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាក្រុងឡូវែលកាលពីឆ្នាំ២០១៥កន្លងទៅនេះ។ ក៏ប៉ុន្តែ លោកមិនបានទទួលជ័យជំនះទេ ដោយសារលោកពុំសូវមានទំនាក់ទំនងច្រើនជាមួយពលរដ្ឋខ្មែរក្នុងសហគមន៍។ ទោះជាយ៉ាងណាក្តី លោកជំរុញឲ្យពលរដ្ឋខ្មែរក្នុងសហគមន៍ឡូវែលនេះកាន់តែច្រើនទៅបោះឆ្នោត ហើយចាប់ផ្តើមទាក់ទងគ្នា និងពិភាក្សាគ្នាអំពីការជ្រើសរើសតំណាងរបស់ខ្លួន។
«យើងត្រូវនាំគ្នាបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក៏ប៉ុន្តែមុននឹងនាំគ្នាទៅ[បោះឆ្នោត] យើងត្រូវជួបជុំគ្នា នាំគ្នាជជែកគ្នា ហើយប្រព័ន្ធទាក់ទងឲ្យជាប់ ពីព្រោះយើងត្រូវបោះឆ្នោតរាល់ឆ្នាំ។ ហើយយើងនឹងជជែកគ្នា ឲ្យស្គាល់ចិត្តគំនិតគ្នាទៅវិញទៅមក ទាំងអ្នកតំណាង និងទាំងប្រជាពលរដ្ឋ។ ប្រព័ន្ធទាក់ទងគឺសំខាន់បំផុត ហើយសូមបងប្អូនគិតគូរ។ ហើយយើងកុំប្រកាន់ ពេលណាយើងជជែកពីរឿងសហគមន៍ យើងកុំប្រកាន់ថា យើងមានទស្សនៈ ខាងជំនឿក៏ដោយ ខាងនយោបាយក៏ យើងទុកមួយកន្លែងសិន»។
រីឯលោក ខូ តារារិទ្ធ ដែលជាសាស្ត្រាចារ្យខាងវប្បធម៌នៃមហាវិទ្យាល័យ Middlesex Community College នៅទីក្រុងឡូវែល ក៏ទទួលស្គាល់ថា ការប្រាស្រ័យទាក់ទងគ្នា និងពិភាក្សាគ្នាឲ្យបានជិតស្និទជាងមុនក្នុងចំណោមពលរដ្ឋខ្មែរមានសារៈសំខាន់ ក្នុងការពង្រឹង និងពង្រីកសម្លេងពលរដ្ឋខ្មែរនៅទីក្រុងឡូវែលនេះ។
«យើងត្រូវរួបរួមគ្នា ហើយនិយាយគ្នា។ អ្នកដឹកនាំក្នុងសហគមន៍ យើងរើសមក សហគមន៍ខាងវត្ត សហគមន៍ខាងនយោបាយ សហគមន៍ខាងសេដ្ឋកិច្ច សហគមន៍ខាងសង្គមកិច្ច។ យើងកុំបែងចែកគ្នា។ មនុស្សទាំងអស់គ្នា អ្នកណាជាប្រធានសហគមន៍? ជាប្រធានសមាគមមួយ យើងទាំងអស់គ្នា មកអង្គុយជាមួយគ្នា។ យើងត្រូវរៀបចំក្រុមរបស់យើងឲ្យរីកចំរើន។ យើងត្រូវនិយាយ។ យើងរើសនរណាម្នាក់មក យើងលើកស្ទួយអ្នកហ្នឹង បានយើងអាចរកបាន»។
ទោះជាយ៉ាងណាក្តី ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងអណត្តិថ្មីនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ខាងមុខនេះ ហើយពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនសង្ឃឹមថា បេក្ខជនខ្មែរម្នាក់នឹងជាប់ជាក្រុមប្រឹក្សាក្រុងនេះ៕