ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ទាហាន​ផ្តាច់ខ្លួន​ចេញ​ពី​យោធា​មីយ៉ាន់ម៉ា រួមគ្នា​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការផ្តាច់ខ្លួន​ច្រើន​ទៀត


រូបឯកសារ៖ ទាហាន​មីយ៉ាន់ម៉ា ដើរ​តាម​ផ្លូវ​មួយ​ដើម្បី​ប្រឈម​មុខ​នឹង​ប្រជាជន​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន​មីយ៉ាន់ម៉ា ដើរ​តាម​ផ្លូវ​មួយ​ដើម្បី​ប្រឈម​មុខ​នឹង​ប្រជាជន​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមទាហាន​មីយ៉ាន់ម៉ា​មួយក្រុម​ដែល​បាន​ផ្តាច់​ខ្លួនចេញ​ពីជួរ​យោធា​រដ្ឋាភិបាល​តាំង​ពីរដ្ឋ​ប្រហារ​ខែកុម្ភៈ​ បាន​ចាប់ដៃ​រួមគ្នា​ជាមួយ​ក្រុម​២ផ្សេង​ទៀត​ក្នុងគោល​បំណង​បញ្ចុះ​បញ្ចូល​ក្រុម​ផ្តាច់ខ្លួន​ផ្សេងៗ​ដែលមាន​បំណង​ដូចគ្នា​មករួម​ផ្តុំគ្នា​ និង​បញ្ជូន​ពួកគេ​ទៅ​ចងក្រង​ជា​ក្រុមប្រដាប់​អាវុធ​តស៊ូ​ប្រឆាំង​ដ៏​ធំមួយ​។

ក្រុម​ទាហាន​នេះ​ មាន​ឈ្មោះ​ថា ​ទាហាន​ប្រជាជន​ និង​ការពារ​ប្រជាជន​ (the People’s Soldiers and the People’s Embrace) កំពុង​ធ្វើយុទ្ធនា​ការអូស​ទាញ​កងប្រដាប់​អាវុធ​នានា​ឱ្យផ្តាច់​ខ្លួន​ចេញ​ពីជួរ​យោធា​រដ្ឋាភិបាល​។

លោក​ Nyi Thuta ​អតីត​អនុសេនីយ៍​ឯក​ដែល​ជា​សហ​ស្ថាបនិក​ក្រុម​ទាហានប្រជាជន​បង្កើត​ឡើង​កាល​ពីខែ​មីនា​ បាន​ប្រាប់​វីអូអេ​ថា​៖ «យើង​គាំទ្រ​លើកទឹក​ចិត្តឱ្យ​កងទ័ព​ដើរ​លើ​ផ្លួវ​ត្រឹមត្រូវ​។ ហើយ​នៅពេល​ដែលពួក​គេដឹង​ថា​ កំពុង​ដើរ​លើ​ផ្លូវត្រូវ​ហើយ​ យើងក៏​នៅតែ​គាំទ្រ​លើកទឹក​ចិត្តឱ្យ​ពួកគេ​ដើរ​លើ​ផ្លូវត្រូ​វនោះ​ដដែល​។ យើង​ធ្វើដូច​នេះ​ គឺ​ដើម្បី​ប្រាប់ពួក​គេថា​យើងធ្លាប់​ឆ្លងកាត់​ការ​លំបាក​កាល​នៅជា​ទាហាន ​ពីព្រោះខ្លួន​យើងផ្ទាល់​ធ្លាប់​ស៊ូទ្រាំ​ឆ្លងកាត់​អស់​ហើយ​ យើង​មកតាំង​ទីនៅទី​នេះ គឺ​ដើម្បីមក​ជួយ​ពួក​គេ​»។

ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទាហាន​រត់ចោលជួរ​ អាចប្រឈម​នឹងទោស​ប្រហារ​ជីវិត​ ប៉ុន្តែ​ជារឿយៗ​ត្រូវ​បាន​កាត់ទោសឱ្យ​ត្រឹម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្រុម​ទាហាន​ប្រជាជន​នេះ អះអាង​ថា ខ្លួន​មាន​សមាជិក​ប្រហែល​១០០នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​កំពុង​ធ្វើយុទ្ធនា​ការ​ឃោសនា​ រៃ​អង្គាស​ប្រាក់​ និង​ស្វែងរក​ជំនួយ​ផ្សេងៗ​បែបលាក់​លៀម​នៅ​ឡើយ។ ពួកគេ​មួយចំនួន​កំពុង​ធ្វើ​សកម្មភាព​តាម​បណ្តោយ​ព្រំដែន​ដាច់ស្រយ៉ាល​ដែល​ជាទីតាំង​របស់​ក្រុម​បះបោរ​ជនជាតិ​ដើមភាគ​តិចកំពុង​ប្រយុទ្ធ​ជាមួយ​យោធា​រដ្ឋាភិបាល​ទាមទារ​ស្វ័យភាព​អស់រយៈ​ពេល​ជា​ច្រើន​ទសវត្ស​រ៍មក​ហើយ។

ការ​ផ្សព្វផ្សាយ​ដំណឹង​

លោក​ Nyi Thuta ​ដឹងខ្លួន​ថា អ្វីដែល​លោក​កំពុង​និយាយ​ទាក់​ទងនឹង​ការផ្តាច់​ខ្លួនចេញ​ពីរដ្ឋា​ភិបាល​ និង​ការចុះចូល​ជាមួយ​ក្រុម​ប្រឆាំង​។ លោក​សម្រេច​បោះបង់​ចោល​មុខ​តំណែង​ដែល​មាន​អនាគត​ល្អ​ក្នុង​អង្គភាព​ឃោសនាការ​ដែល​មាន​តួនាទី​សរសេរ​សុន្ទរកថា​ជូន​អគ្គមេបញ្ជាការ​ និង​ជា​មេដឹកនាំ​រដ្ឋ​ប្រហារលោក Min Aung Hlaing​ កាលពី​ថ្ងៃទី​២៨​ ខែកុម្ភៈ​ ដែល​ក្រុមយោធា​បានបង្រ្កាប​បង្ហូរឈាម​លើ​ក្រុម​បាតុករ​អហិង្សា​ប្រឆាំង​ទាមទារ​ពុំបាន​សម្រេច​។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ បាន​បញ្ជាក់​ថា ក្រុម​កងទ័ព​ និង​ប៉ូលិស​បាន​សម្លាប់​ជនស៊ីវិល​ជាង​១.០០០​នាក់​ចាប់​តាំងពី​ថ្ងៃ​រដ្ឋប្រហារ​ ជនរង​គ្រោះភា​គច្រើន​ជាអ្នក​តវ៉ាគ្មាន​អាវុធ​ក្នុងដៃ​ ប៉ុន្តែ​រដ្ឋាភិបាល​យោធា ​បានប​ដិសេធ​លើ​តួលេខអ្នក​ស្លាប់​ទាំងនេះ។

លោក​ Nyi Thuta ​បាន​និយាយ​ថា​៖ «សម្រាប់​មេដឹកនាំ​យោធា​ទាំងនោះ​ ពួកគេ​គិតតែ​ពីរឿង​សម្លាប់​ប្រជាជន​ជាជាង​ការពារ​ប្រជាជន​។ មេដឹកនាំ​យោធា​ទាំងនោះ​មិនបាន​បណ្តុះបណ្តាល​និង​ហ្វឹកហ្វឺន​យោធាឱ្យ​ក្លាយជា​យោធា​វិជ្ជាជីវៈ​ឡើយ​ ដូច្នេះ​យោធា​គួរ​កុំគោរព​តាម​បទបញ្ជា​និងផ្តាច់​ខ្លួន​ចេញ​ទៅ​»។

លោក​បាន​បញ្ជាក់​ថា ​ក្រុមរបស់​លោក​បញ្ជូនសារ​ចេញ​តាមរយៈ​បណ្តាញ​សង្គ​ម​ ថតសំឡេង​នៃ​ការ​ប្រជុំ​និង​ផ្សព្វផ្សាយ​ដើម្បី​ចុះផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​បណ្តាញ​សារព័ត៌មាន​ពេញ​និយម​ក្នុង​ស្រុក។ ពេល​ខ្លះក៏​មាន​ការបង្ហោះ​ផ្សាយ​សារផ្ទាល់​របស់​ទាហាន​ដែល​នៅ​មិនទាន់​ដាច់​ស្រេច​លើ​រឿង​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ​និង​ចុះចូល​ ហើយ​ខិតខំ​ស្វះស្វែង​រក​ការប្រឹក្សា​យោបល់។

ក្រុមទាហាន​ប្រឆាំង​នឹង​របប​យោធា​មាន​យ៉ាងហោច​ណាស់​១​.៥០​០នាក់​ រាប់ចាប់​ពីថ្នាក់​ពលទោ​រហូត​ដល់​ថ្នាក់វរសេនីយ៍​ បាន​ចុះចូល​ជាមួយ​ក្រុម​តស៊ូ​គិត​ចាប់តាំង​ពីពេល​រដ្ឋប្រហារ​មក។ ចំនួន​នេះគ្រាន់​តែជា​ចំណែក​តូចមួយ​នៃចំនួន​កងយោធា​ដែលមាន​ប្រមាណ​៣០០.០០០ ទៅ​៤០០.​០០០នាក់​ ប៉ុន្តែ​លោក​ Nyi Thuta បាន​និយាយថា​ចំនួន​នៃការផ្តាច់​ខ្លួនចេញ​ជារៀងរាល់​ខែ ក៏ចេះ​តែកើន​ឡើង​ដែរ​។

រូបឯកសារ៖ ទាហាន​ម្នាក់ ចាប់​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​អំឡុង​ពេល​នៃ​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន​ម្នាក់ ចាប់​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​អំឡុង​ពេល​នៃ​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

ស្វាគមន៍​អ្នក​ចុះចូលថ្មី​

សម្រាប់​អ្នកដែល​ហ៊ាន​ផ្តាច់ខ្លួន​ ក្រុម​ទាហាន​ប្រជាជន​បញ្ជាក់​ថា​ ក្រុមគេជួយ​ទំនុក​បំរុង​អតីត​យោធា​ផ្តាច់ខ្លួន​និងក្រុម​គ្រួសារ​ជាប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ ចំណី​អាហារ​ លំនៅ​ដ្ឋាន​ និង​ការហ្វឹកហ្វឺន​ជំនាញ​ការងារ​សមរម្យ។ ថវិកា​រៃអង្គាសរួមផ្សំ​គ្នា​ បានត្រឹម​ប្រមាណ​ពីរ-បី​រយដុល្លារ​ប៉ុណ្ណោះ​ត្រឹម​ពេល​នេះ ​ដូច្នេះ​ប្រភព​ថវិកា​ភាគច្រើន​បាន​មកពីការ​ចូលរួម​ចំណែក​ពីប្រជាជន​ក្នុង​មូលដ្ឋាន។

អតីត​ពលទោ​មួយរូប​ដែល​បាន​ផ្តល់បទ​សម្ភាសន៍​ជាមួយវីអូអេ​ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ គាត់​ចាកចេញ​ពីមូលដ្ឋាន​ទ័ពនៅ​ភាគកណ្តាល​តំបន់​ Bago ដែល​ជាកន្លែង​ផលិត​អាវុធ​សម្រាប់​យោធា​កាលពី​ខែកញ្ញា។ លោក​ជឿជាក់​ថា ​ធ្វើសកម្មភាព​ទៅ​តាមមនសិការ ​បន្ទាប់​ពី​បាន​ស្តាប់ការ​ផ្សាយ​ព័ត៌មាន​ និង​បាន​ចូលមើល​គេហទំព័រ​ក្រុមកងទ័ព​ប្រជា​ជន។

លោក​បាន​និយាយ​ថា៖​ «ពេល​ដែលឃើញ​ក្រុមយោធា​សម្លាប់​ជន​ស៊ីវិលគ្មាន​ទោសពៃរ៍​នឹង​កាំភ្លើង​ដែល​ខ្ញុំ​ចូលរួម​ផលិត​ ធ្វើឱ្យ​ខ្ញុំទ្រាំ​ឈរ​អោប​ដៃមើល​មិន​បាន​ទេ​»។

លោក​បាន​បន្ថែមថា​៖ «ជា​ពិសេស​ទៅទៀត​នោះ​ បន្ទាប់​ពីបាន​ស្តាប់​លោកអនុសេនីយ៍​ឯក​ និយាយ​អំពី​បទពិសោធន៍​គាត់រួច​មក រឹតតែ​ធ្វើឱ្យ​ខ្ញុំចង់​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​ប្រជាជន​ថែមទៀត​»។

ក្រោយ​ពេលបាន​ទៅដល់​តំបន់ដែល​គ្រប់គ្រង​ដោយក្រុម​បះបោរ​តាមបណ្តោយ​ព្រំដែន​ថៃ​ លោក​បាន​ប្រាប់​ថា​ ក្រុម​ទាហាន​ប្រជាជន​បាន​ផ្តល់​កន្លែង​ស្នាក់នៅ​ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ។

លោក​បាន​បន្ថែមថា​៖ «ខ្ញុំ​អាចនឹង​វង្វេង​ផ្លូវ​ និង​គ្មានកន្លែង​ស្នាក់​នៅ​បើគ្មាន​ការជួយ​ពីក្រុម​ទាហាន​ប្រជាជន។ មាន​ក្រុមទាហាន​ប្រជាជន​ ខ្ញុំមាន​អ្វីៗ​គ្រប់​យ៉ាង»។

ល្បែង​តួលេខ

លោក​ Nyi Thuta បាន​និយាយថា ​ក្រុម​របស់លោក​ពុំទាន់​បំពាក់​អាវុធ​នៅឡើយ​ទេ​ ដោយ​ជឿជាក់​លើ​សារ​បញ្ចុះបញ្ចូល​ ហើយ​ក្រុមលោក​នឹង​បញ្ជូន​អ្នកដែល​ចង់​ប្រយុទ្ធ​តបត​ទៅ​ចូលរួម​ជាមួយ​នឹង​ក្រុមសេនា​ជន​ស៊ីវិល​ដែល​បាន​កកើត​ឡើង​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពីថ្ងៃ​រដ្ឋ​ប្រហារ​។ ក្រុម​របស់​លោក​ ក៏បានណែនាំប្រាប់​ពីយុទ្ធ​សាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​ដល់​ក្រុម​ប្រដាប់​អាវុធ​ថ្មីៗ​ផងដែរ​ និង​ក៏​បាន​ចែករំលែក​នូវព័ត៌មាន​អំពីកង​កម្លាំង​យោធា​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ​ផង​ដែរ។

លោក​បាន​បន្ថែម​ថា៖​ «យើង​ក៏បាន​ប្រាប់​ក្រុមទាំងនោះ​ឱ្យដឹង​ពីចំណុច​ខ្សោយ​របស់​ក្រុម​យោធា​រដ្ឋាភិបាល​ ភាពទន់​ខ្សោយ​ផ្នែក​អាវុធ​របស់គេ​ ភាព​ទន់ខ្សោយ​នៃ​រចនា​សម្ព័ន្ធ​ចាត់តាំ​ង​ ដូច្នេះ​ពួកគេ​អាច​យក​ព័ត៌មាន ​និង​ចំណេះ​ដឹង​ទាំង​នេះ​មក​ប្រើដើម្បីឱ្យ​សម្រេច​គោលដៅ»។

លោក​ Min Zaw Oo ​នាយក​វិទ្យាស្ថាន​មីយ៉ាន់ម៉ា​សម្រាប់​សន្តិភាព​និង​សន្តិសុខ​ ដែល​ជាស្ថាប័ន​ក្រុមអ្នក​ជំនាញ​ផ្តល់​ប្រឹក្សា​យោបល់​ក្នុងស្រុក​ និយាយ​ថា ក្រុម​ទាហាន​ដែល​ចុះចូល​នឹងក្រុម​តស៊ូ​ប្រដាប់​អាវុធ​អាច​មាន​ព័ត៌មាន​សម្ងាត់​ ប៉ុន្តែ​វា​លំបាក​ណាស់​ដើម្បី​យកឈ្នះ​លើ​ទឹកចិត្ត​ពលរដ្ឋ​ដែលអាក់អន់​ចិត្ត​យ៉ាង​ចាក់​ស្រេះ​ចំពោះក្រុម​យោធា​រដ្ឋាភិបាល​ និង​ម្យ៉ាងទៀត ​គឺ​ការសង្ស័យ​ថា ​ពួកគេ​អាច​ជា​ចារបុរសរបស់​រដ្ឋាភិបាល​ក៏ថា​បាន​។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ ចំនួន​យោធា​និង​តំណែង​តួនាទី​យោធា​ផ្តាច់ខ្លួន​ស្ថិត​នៅ​កម្រិត​ទាបនៅ​ឡើយ​ដែលមិន​អាច​ធ្វើឱ្យ​របប​យោធា​មានការ​ព្រួយបារម្ភ​នៅឡើយ​ទេនៅពេ​លនេះ​។

លោក​បាន​បញ្ជាក់​ថា៖​ «តាម​របាយការណ៍​ដែល​យើងបាន​អានឃើញ​ថា​ មាន​ការផ្តាច់​ខ្លួន​ជា​លក្ខណៈ​បុគ្គល​ ប៉ុន្តែ​ពុំទាន់​មាន​ជា​លក្ខណៈអ​ង្គភាព​ទេ​។ ប្រសិន​បើមាន​ជាលក្ខណៈ​អង្គភាព​ នោះ​ គឺជា​សញ្ញា​បង្ហាញ​ថា មាន​បញ្ហា​ធំក្នុង​ជួរយោធា​រដ្ឋាភិបាល​»៕

ប្រែ​សម្រួល​ដោយលោក ​កោះ​ សុគ​ន្ធី

XS
SM
MD
LG