នៅក្បែរឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាម ដែលពោរពេញដោយអ្នកជិះក្តារលើទឹកសមុទ្រនិងអ្នកមុជត្រាំក្នុងភក់ មានរោងចក្រវារីអគ្គិសនីមួយឈ្មោះថា Da Mi។ ប៉ុន្តែ វាមិនបានផលិតថាមពលពីទំនប់និងកម្លាំងទឹកធ្លាក់ទៀតនោះទេ។ ក្រុមការងារបានបន្ថែមបន្ទះសូឡានៅអាងស្តុកទឹកកាលពីឆ្នាំមុន ដែលបានបង្កើតជាអ្វីដែលធនាគាអភិវឌ្ឍន៍អាស៊ីហៅថា គម្រោងថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកធំដំបូងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នយ៍។
តាមរយៈគម្រោងនេះ និងគម្រោងផ្សេងទៀតដែលស្រដៀងគ្នានេះ ប្រទេសវៀតណាម ដែលពេញដោយពន្លឺថ្ងៃ មានសមត្ថភាពទាញយកកម្លាំងថាមពលព្រះអាទិត្យបានច្រើនជាងគេក្នុងតំបន់នេះ។ ប៉ុន្តែ មហិច្ឆតារបស់វៀតណាម ដែលឆ្ពោះទៅរកថាមពលពន្លឺព្រះអាទិត្យ ហើយឈប់ប្រើធ្យូង ត្រូវបានរារាំងដោយសារបញ្ហាមួយអស់ពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានតំឡើងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ពួកគេលក់ថាមពលនោះឲ្យស្ថាប័នរដ្ឋ ដោយមិនមានដំណោះស្រាយ ដើម្បីបញ្ចេញវាទៅកាន់អតិថិជនដោយផ្ទាល់ ដូចក្រុមហ៊ុនផ្សេងៗទៀតទេ។ ប៉ុន្តែ ស្ថានការណ៍នេះនឹងផ្លាស់ប្តូរ។
ទីក្រុងហាណូយ បានអនុម័តច្បាប់ដើម្បីអនុញ្ញាតឲ្យមានការលក់ដោយផ្ទាល់ដោយលុបចោលភាពផ្តាច់មុខរបស់រដ្ឋ គឺក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាឈ្មួញកណ្តាលនោះ។ អ្នកគាំទ្រសង្ឃឹមថា ច្បាប់នោះនឹងពង្រីកទីផ្សារសម្រាប់ថាមពលកកើតឡើងវិញ ជាពិសេសដោយសារវៀតណាមចាត់ទុកខ្លួនឯងថា ជាប្រទេសមួយក្នុងចំណោមប្រទេស៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបម្រែបម្រួលអាកាសធាតុ។
តែទោះបីជាយ៉ាងនេះក្តី វៀតណាម នៅមានការមិនសម្រេចច្បាស់លាស់អំពីការប្រើធ្យូងដែលមានតម្លៃថោក ប៉ុន្តែជាបញ្ហាធំ ដែលបង្កឲ្យមានឧស្ម័នផ្ទះកញ្ចក់ហើយធ្វើឲ្យគុណភាពខ្យល់មិនល្អ។
ក្រុមហ៊ុន DFDLដែលជាក្រុមហ៊ុនច្បាប់មួយ បាននិយាយនៅក្នុងកំណត់ត្រាទៅកាន់អតិថិជនដោយពន្យល់ពីសារៈសំខាន់នៃច្បាប់ថ្មី ឬ សេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីលេខទី១៣ ថា «ក្រុមហ៊ុនអគ្គិសនីវៀតណាម ឬ (EVN) និងក្រុមហ៊ុនដែលជាសមាជិកនោះ មិនមែនជាអ្នកទិញថាមពលអគ្គិសនីតែមួយគត់ ពីគម្រោងថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសវៀតណាមទៀតនោះទេ ដោយសារតែនិយមន័យ «អ្នកទិញថាមពលអគ្គិសនី» មានរួមបញ្ចូលទាំងស្ថាប័នឯកជននិងបុគ្គលនានា»។
កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យធំបំផុត
វៀតណាមនិយាយថា ខ្លួនមានកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ទោះបីជាប្រទេសជិតខាងកំពុងដេញតាមយ៉ាងណាក៏ដោយ។ ប្រទេសឥណ្ឌូណេស៊ី បានរួមបញ្ចូលការលើកទឹកចិត្តនៅពេលមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងផែនការងើបពីជំងឺកូវីដ១៩របស់ខ្លួន គ្រាដែលប្រទេសមីយ៉ាន់ម៉ាវិញ បានស្នើឲ្យមានការដេញថ្លៃដើម្បីបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យ។ពីមុនមកម៉ាឡេស៊ី និងថៃ មានសមត្ថភាពទាញយកថាមពលពន្លឺព្រះអាទិត្យបានច្រើនបំផុតក្នុងតំបន់តែមកដល់ឆ្នាំ២០១៩ ត្រូវបានវៀតណាមវ៉ាដាច់មុខ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Wood Mackenzie។
ប្រទេសចិនដែលនៅជិតខាងដែរនោះ បានបង្កើនផលិតកម្មបន្ទះស្រូបពន្លឺព្រះអាទិត្យធ្វើឲ្យវាមានតម្លៃសមរម្យសម្រាប់ពិភពលោក។ ទោះជាយ៉ាងនេះក្តីសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនឹងចិនដែលដាក់ពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យទាំងនោះ បានជំរុញឲ្យក្រុមហ៊ុននានា ទិញវាពីវៀតណាមវិញ។ បច្ចុប្បន្នធនាគារពិភពលោកបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «វៀតណាមក៏បានក្លាយជាអ្នកនាំមុខក្នុងពិភពលោកក្នុងការផលិតម៉ូឌុលស្រូបពន្លឺព្រះអាទិត្យដែរ»។
ទោះជាយ៉ាងនេះក្តី បន្ទះស្រូបពន្លឺព្រះអាទិត្យជាច្រើនមិនត្រូវបានប្រើនៅក្នុងប្រទេសវៀតណាមទេ ខណៈដែលប្រទេសនេះ កំពុងថ្លឹងថ្លែងថាតើខ្លួនគួរកាត់ផ្តាច់ពីការប្រើប្រាស់ថាមពលធ្យូងដែលមានតម្លៃថោកនោះ ឬ យ៉ាងណា ហើយតើការកាត់ផ្តាច់នោះនឹងអស់តម្លៃប៉ុន្មាន។ រដ្ឋាភិបាលវៀតណាម កំពុងព្យាយាមធ្វើឲ្យមានតុល្យភាព។ ម្យ៉ាង វៀតណាមមានបំណងរក្សាតម្លៃអគ្គិសនីឲ្យស្ថេរ និងសមរម្យសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ ឧទាហរណ៍ ក្នុងអំឡុងពេលបិទដំណើរការសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ អាជ្ញាធរបានទម្លាក់តម្លៃអគ្គិសនី ដើម្បីសម្រួលបន្ទុកអ្នកប្រើប្រាស់ដែលធ្វើការតិចជាងមុន។ ម្យ៉ាងវិញទៀត វៀតណាមបារម្ភពីការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់ឆ្នេរសមុទ្រ កសិដ្ឋាន ជីវិត និងជីវភាពរបស់ប្រជាជនខ្លួន។
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien (ហ្វុង គួក ហៀន) បាននិយាយកាលពីខែមុនក្នុងសម្តីដើមថា៖
«ការប្រែប្រួលអាកាសធាតុ កំពុងបង្កឲ្យមានបញ្ហាប្រឈមខ្លាំងដល់ពួកយើង។ យើងបានឆ្លងកាត់វិបត្តិដ៏អាក្រក់បំផុត ដោយការហូរចូលទឹកប្រៃ និងគ្រោះរាំងស្ងួត»៕
ប្រែសម្រួលដោយ ទុំ ម្លិះ