ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទាំង​ស្រូប​​​​ពន្លឺ​ថ្ងៃ​​នៅ​​​ជិត​​​ព្រែក​ជីក​​​​ក្នុង​​សហគមន៍​​​​ជន​ជាតិ​ដើម​​​ស្បែក​​ក្រហម​ ​ Gila River​ ជួយ​​​រក្សា​​ទឹក


លោកអភិបាល Stephen Roe Lewis ថ្លែងសុន្ទរកថាក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកងវិស្វករនៃកងទ័ពសហរដ្ឋអាមេរិកដើម្បីដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យលើប្រឡាយធារាសាស្រ្តនៅលើដីរបស់កុលសម្ព័ន្ធនៅជិត Chandler រដ្ឋ Arizona ថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ2023។ (Gila River Indian News via AP)
លោកអភិបាល Stephen Roe Lewis ថ្លែងសុន្ទរកថាក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកងវិស្វករនៃកងទ័ពសហរដ្ឋអាមេរិកដើម្បីដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យលើប្រឡាយធារាសាស្រ្តនៅលើដីរបស់កុលសម្ព័ន្ធនៅជិត Chandler រដ្ឋ Arizona ថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ2023។ (Gila River Indian News via AP)

បើ​តាមសេចក្តី​ប្រកាស​ព័ត៌មានរបស់កុលសម្ព័ន្ធ​ជនជាតិដើមស្បែក​ក្រហម​ Gila River ថា​គម្រោងនេះជា​គម្រោង​ទី​មួយ​ បែប​នេះ ​នៅក្នុង​សហរដ្ឋ​អាមេរិកដែលចាប់ផ្តើមធ្វើ។

អភិបាលសហគមន៍​ជនជាតិដើមស្បែក​ក្រហម Gila River ​លោក Stephen Roe Lewis ​បាននិយាយ​នៅ​ក្នុងវីដេអូ​មួយផ្សព្វផ្សាយ​តាម​បណ្តាញ​ X ​ដែលគេ​ស្តាល់ពី​មុន​ថា​Twitte​r ថា៖​«នេះ​ជាពេល​វេលាជា​ប្រវត្តិសាស្ត្រមួយ​សម្រាប់​សហគមន៍នេះ​ តែ​ក៏​សម្រាប់​តំបន់នេះ​និង​នៅទូទាំងប្រទេស​របស់​ជនជាតិដើមស្បែក​ក្រហម​ដែរ»។

ដំណាក់កាលទីមួយ​មានកំណត់នឹង​ចប់​នៅ​ឆ្នាំ២០២៥​ នឹងគ្របលើព្រែកជីក​ចម្ងាយ​ប្រហែល​ជាង​៣០០​ម៉ែត្រ​ ​និង​បង្កើត​អគ្គីសនី​មួយ​មេហ្កាវ៉ាត់​ (megawatt)​ ដែលកុលសម្ព័ន្ធនេះ​នឹង​ប្រើសម្រាប់​ស្រោច​ស្រប់​ដំណាំ​ មានរួមដំណាំសម្រាប់​ចិញ្ចឹមសត្វពាហណៈ​ ​កប្បាសនិង​គ្រាប់ធញ្ញជាតិ។

គំនិតនេះ​គឺដាក់តាំងផ្ទាំងស្រូប​ពន្លឺ​ថ្ងៃពីលើព្រែកជីកក្នុ​ងតំបន់មាន​ចំណាំងថ្ងៃ​ខ្លាំង​និងខ្វះទឹកដែលនៅ​ទីនោះវា​បន្ថយ​រំហួត​និងបង្កើតអគ្គីសនីប្រើជា​ថ្មីបាន។

លោក Lewis បានថ្លែង​ថា៖«​យើង​មាន​មោទនភាព​ជាមេដឹកនាំក្នុង​ការ​ថែទាំ​ទឹក ​ហើយ​គម្រោង​នេះ​មាន​គោលដៅ​ធ្វើការ​នេះ»។ លោក​បានកត់សម្គាល់សារៈសំខាន់របស់កុលសម្ព័ន្ធ​មួយរបស់​ជនជាតិដើមនិង​អធិបតេយ្យក្នុង​ការនាំមុខ​អំពី​បច្ចេកវិទ្យានេះ។

ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយសាកលវិទ្យាល័យរដ្ឋ California, ​ Merced ស្ទង់ប្រមាណ​ថា​ទឹក៦៣លាន gallons ​អាច​ត្រូវ​សន្សំទុករៀង​រាល់ឆ្នាំដោយ​ដាក់ផ្ទាំងស្រូប​ពន្លឺ​ថ្ងៃលើព្រែកជីក​ប្រវែង​ជិត​៦៥០០​គីឡូម៉ែត្រ​នៃរដ្ឋ ​ California។ ​

នេះ​ជា​អ្វី​ដែល​ក្រុម​អ្នកតស៊ូ​មតិ​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ​ចង់បាន។​

ពួក​អ្នកស្រាវជ្រាវមានជំនឿថាតង់ស្រូប​ចំណាំង​ថ្ងៃ​ត្រូវ​ដំឡើង​អាចបង្កើត​អគ្គីសនីបន្ថែម​ច្រើនគួរសម។

សាកលវិទ្យាល័យរដ្ឋ California ​Merced ចង់​ធ្វើឱ្យ​សម្រេចការ​ស្ទង់ប្រមាណដំបូងរបស់​ខ្លួន​ហើយ​នឹងមានឱកាស​ក្នុងពេល​ឆាប់ៗ​នេះ។ មិនឆ្ងាយប៉ុន្មាន​ នៅក្នុង​តំបន់​ Central Valley នៃរដ្ឋ California ​ក្រុមហ៊ុន​ Turlock Irrigation District ​និងដៃគូគឺ​ក្រុម​ហ៊ុន Solar AquaGrid​ គ្រោង​នឹង​កសាងតង់ស្រូប​ចំណាំង​ថ្ងៃចម្ងាយ​២,៦គ.ម.នៅលើ​ព្រីកជីក​របស់ខ្លួន​ ដោយ​ចាប់ផ្តើមពី​រដូវ​ផ្កា​រីក​នេះ​ ហើយ​ពួក​អ្នក​ស្រាវជ្រាវនឹង​សិក្សាអំពី​អត្ថប្រយោជន៍។

សហគមន៍​ជនជាតិដើមស្បែក​ក្រហម​ Gila River និងក្រុមហ៊ុន​ Turlock Irrigation District មិនមែនជាក្រុមដំបូងដែល​អនុវត្ត​បច្ចេកវិទ្យានេះជាសាកល​ទេ។ ក្រុមហ៊ុន​វិស្វកម្ម​ឥណ្ឌា Sun Edison បាន​សម្ពោធព្រែកជីក​គ្របដោយ​ផ្ទាំងស្រូប​ពន្លឺ​ថ្ងៃ​កាលពី​ឆ្នាំ២០១២​នៅ​ក្នុង​គម្រោងការបញ្ចូល​ទឹកក្នុង​ស្រែចម្ការ​ធំបំផុត​មួយ​ក្នុង​ពិភពលោក​នា​រដ្ឋ Gujarat។ ទោះជា​មាន​ផែនការ​លើ​ព្រែកជីក១ម៉ឺន៩ពាន់គ.ម.​ក៏​ដោយ​ ក៏​មានតែ​គម្រោង​តូចៗមួយ​ចំនួន​តូច​ប៉ុណ្ណោះដែលមាន​ដំណើរកា​រ ​ហើយ​ក្រុម​ហ៊ុនវិស្វកម្មនេះក៏​បាន​ដាក់ពាក្យប្រកាស​ធនក្ស័យ។

ពួក​អ្នកជំនាញនិយាយ​ថា​សោហ៊ុយច្រើន​ ការរចនា​មាំតែ​ឆ្គង​និងបញ្ហា​ខាងការថែទាំ​ជា​ឧបសគ្គ​សម្រាប់​ការអនុវត្ត​ទូទៅ។

តែការរាំងស្ងួត​ខ្លាំងនិង​យូរ​ក្នុងផ្នែក​ខាង​លិច​សហរដ្ឋ​អាមេរិក​បាន​ធ្វើឱ្យ​ទឹក​ជាបញ្ហានយោបាយសំខាន់មួយ​ ​ដោយ​នាំ​ឱ្យមាន​ការយក​ចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យានានាដូច​ជាការបង្កើត​ពពក​សិប្បនិម្មិត​និ​ងព្រែកជីក​គ្រប​ដោយផ្ទាំងស្រូប​ពន្លឺ​ថ្ងៃ​ នៅពេល​ដែលក្រុមអ្នកចាត់ចែង​ទឹក​រកដំណោះស្រាយ​ដើម្បី​ធ្វើឱ្យ​មានទឹក​ក្នុង​អាង​ទឹក​ ​ទោះជា​ការដោះស្រាយ​ដែល​មិនបានធ្វើតេស្តទូលំទូលាយ​ឬមិនដែលត្រូវបាន​ធ្វើតេស្ត​សោះ​ក៏​ដោយ។

លោកស្រី Heather Tanana ជាសាស្ត្រាចារ្យខាង​ច្បាប់​នៅសាកលវិទ្យាល័យ California, Irvine ​និងជាពលរដ្ឋកុលសម្ព័ន្ធ Navajo Nation។ លោកស្រីបាននិយាយ​ថា​ តែ​យ៉ាងណា​ក៏​ដោយ​ក៏​គម្រោង​នេះ​ជា​សញ្ញាបញ្ជាក់​អំពី​ការប្តេជ្ញា​របស់​កុលសម្ព័ន្ធ​នេះដល់​ការថែរក្សាទឹក។ ពួក​កុលសម្ព័ន្ធ​មាន​សិទ្ធិ​ខាង​ទឹក​ច្រើនបំផុត​នៅ​តាមទន្លេ Colorado​ ទោះជាកុលសម្ព័ន្ធ​ជា​ច្រើនមិនទាន់​ដោះស្រាយ​សិទ្ធិ​ទាំង​នេះក្នុង​តុលាការ​ក៏ដោយ។

លោកស្រី​បានថ្លែងថា៖«មានការ​បារម្ភខ្លាំ​ង​អំពី​ក្រុមកុលសម្ព័ន្ធ​ប្រើ​សិទ្ធិរបស់​ពួក​គេ ​ហើយ​ប្រសិនបើ​ពួក​គេ​ធ្វើ​ដូច្នេះ​ វា​នឹង​ដកសិទ្ធិអ្នកដទៃ»។ ​កុល​សម្ព័ន្ធ​នេះចាកចេញ​ពី​បឹង Mead​ ហើយបាន​នាំ​ឱ្យមាន​ការដាក់​ប្រាក់កាសសហព័ន្ធ​ទៅ​ក្នុង​គម្រោងការ​នានាដូចជា​តង់ផ្ទាំងស្រូប​ពន្លឺ​ថ្ងៃ​ជា​ដើមជា​«ឧទាហរណ៍ធំមួយ​បង្ហាញ​ថាការភ័យ​ខ្លាចនេះ​មិន​ត្រឹមត្រូវទេ»។

រដ្ឋាភិបាលសហព័ន្ធ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ច្រើន​ដល់​គម្រោង​ថែរក្សា​ទឹក ​មានរួមទាំងការព្រមព្រៀង​មួយ​មាន​ទឹកប្រាក់​២៣៣​លាន​ដុល្លារ​ជា​មួយ​សហគមន៍​ជនជាតិ​ដើម Gila River Indian ​ដើម្បី​ថែរក្សាទឹកប្រមាណ​៦០​សង់ទីម៉ែត្រ​ ក្នុង​បឹង Mead ដែល​ជា​អាងទឹក​ធំ​មួយ​មាន​ទឹក​ស្រក​ខ្លាំង​នៅតាម​ទន្លេ Colorado។ ដំណាក់កាលទីមួយ​នៃ​គម្រោង​ដាក់ផ្ទាំងស្រូប​ពន្លឺ​ព្រះអាទិត្យ​លើព្រែកជីក​នឹង​អស់​សោហ៊ុយ​៦លាន៧សែនដុល្លារហើយ​ការិយាល័យ​កសាង​ទំនប់ទឹក​ រោងចក្រ​អគ្គិសនី​និង​ជីក​ព្រែក ហៅ Bureau of Reclamation ផ្តល់​ប្រាក់​៥សែន​១ម៉ឺន៧ពាន់​ដុល្លារ​សម្រាប់​ធ្វើការរចនា៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG