ខណៈវិស័យសុខាភិបាលកម្ពុជានៅបន្តរងការរិះគន់ថា មិនទាន់ល្អប្រសើរនៅឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះ បានជំរុញឱ្យមានការពង្រឹងសមត្ថភាពពេទ្យនិងបំពាក់ឧបករណ៍ទំនើបនៅតាមមន្ទីរពេទ្យ ដើម្បីធានាថា ប្រជាពលរដ្ឋមិនចេញទៅព្យាបាលនៅក្រៅប្រទេស និងពង្រឹងការទុកចិត្តលើវិស័យនេះបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៦ខែ ថ្លែងថា ក្រុមគ្រូពេទ្យរបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែកម្ពុជានៅខ្វះឧបករណ៍ទំនើបសម្រាប់ពិនិត្យព្យាបាលជំងឺ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «យើងត្រូវបង្កើនចំណុចនេះ បង្កើនសមត្ថភាព បង្កើនគ្រឿងបំពាក់ យើងចាញ់គេតែគ្រឿងបំពាក់ទេកន្លែងខ្លះ។ ថ្ងៃមុន ខ្ញុំទៅពេទ្យអង្គដួង ពេទ្យស្ម័គ្រចិត្តកូរ៉េមកវះបកភ្នែក គាត់ថាសរសើរទឹកដៃពេទ្យខ្មែរយើង។ គាត់ថាពេទ្យខ្មែរយើងជំនាញ ទឹកដៃល្អណាស់ ខ្វះតែឧបករណ៍មិនទាន់ទំនើប ទាន់សម័យដូចគាត់ តែទំនើបយើងក៏មានដែរ ប៉ុន្តែមិនទាន់អាចុងក្រោយដូចគាត់»។
ជាការឆ្លើយតបទៅនឹងអ្នករិះគន់ថា វិស័យសុខាភិបាលនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរ ទើបប្រជាពលរដ្ឋនាំគ្នាទៅព្យាបាលនៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត អះអាងថា ការព្យាបាលនៅក្រៅប្រទេសជាជម្រើសរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា អ្នកទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច បើធៀបនឹងអ្នកព្យាបាលក្នុងស្រុក។
លោកបញ្ជាក់ថា៖ «នេះហើយសូមទុកចិត្តនូវការអភិវឌ្ឍ និងសមត្ថភាពពេទ្យរបស់យើង ហើយខ្ញុំសុំឱ្យពេទ្យរបស់យើងដែលជាសេនារបស់ទេវតាបន្តខិតខំយកចិត្តទុកដាក់ទៅលើការពង្រឹងនូវក្រមសីលធម៌ ពង្រឹងនូវអាជីព និងជំនាញនិងការទទួលខុសត្រូវ។ ខិតខំក្រសួងសុខាភិបាលជួយទៅដល់ពេទ្យរបស់យើងមិនថាឯកជននិងរដ្ឋ ដើម្បីគាត់មានលទ្ធភាពបង្កើនគុណវឌ្ឍន៍ និងប្រគល់សិទ្ធិនិងការទទួលខុសត្រូវ និងការចូលរួមរបស់គាត់ក្នុងការព្យាបាលប្រជាពលរដ្ឋរបស់យើង»។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យពង្រឹងសេវាសុខាភិបាលនៅតាមមូលដ្ឋានផងដែរ។
អ្នកតាមដានមើលឃើញថា វិស័យសុខាភិបាលកម្ពុជារងការរិះគន់ជាច្រើនពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការអន់ថយនៃក្រមសីលធម៌គ្រូពេទ្យ សមត្ថភាព និងបច្ចេទេសរបស់គ្រូពេទ្យនៅមានកម្រិត ជាពិសេសការតម្រូវឱ្យបង់ថ្លៃព្យាបាលមុនជាដើម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា បញ្ហាប្រឈមធំបំផុតនៅក្នុងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងក្រមសីលធម៌របស់គ្រូពេទ្យ សម្ភារៈបច្ចេកទេស និងការប្រើប្រាស់ធនធានគ្រូពេទ្យមិនចំគោលដៅ។ លោកថា ទាំងនេះគឺជាបញ្ហាដែលត្រូវដោះស្រាយ ដើម្បីធ្វើឱ្យវិស័យមួយនេះល្អប្រសើរ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងខ្ញុំថា អ្វីដែលជាការត្រូវធ្វើការកែលម្អ ទីមួយ ការកែលម្អឱ្យបានមុនគេនិងបានឆាប់គឺរឿងក្រមសីលធម៌ហ្នឹងហើយ។ រឿងទីពីរ គឺធ្វើយ៉ាងម៉េចឱ្យមានធនធានសម្ភារៈបច្ចេកទេសហូរហែ ថវិកាសម្រាប់ផ្តល់ទៅឱ្យថ្នាក់ក្រោមជាតិហ្នឹង គឺគ្នាអាចអនុវត្តកិច្ចការងារបាន។ បើមិនអ៊ីចឹងទេ គឺគ្នាអត់អាចអនុវត្តអីបានទេ»។
ចំណែកប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់វីអូអេថា ស្ថានភាពវិស័យសុខាភិបាលនៅកម្ពុជាមានភាពល្អប្រសើរ ប៉ុន្តែលោកថា សម្ភារៈនិងបច្ចេកទេសនៅខ្វះខាតនៅឡើយ ដោយសារតែកម្ពុជានៅមិនទាន់អាចផលិតឧបករណ៍ពេទ្យទាំងនោះដោយខ្លួនឯងបាន។
លោកថ្លែងថា៖ «ចំពោះឧបករណ៍នៅកម្ពុជាយើងមិនទាន់អាចចេះផលិតឧបករណ៍ហ្នឹងប្រើប្រាស់ទេ យើងច្រើនតែបានជំនួយពីប្រទេសនានាគេជួយ»។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថានៅពេលកម្ពុជាមានឧបករណ៍ប្រើប្រាស់និងមានបច្ចេកទេសគ្រប់គ្រាន់ ប្រជាពលរដ្ឋនឹងមិនទៅព្យាបាលនៅក្រៅប្រទេសឡើយ៕
វេទិកាបញ្ចេញមតិ