សកម្មជនខ្មែរដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន ជំរុញឱ្យអាជ្ញាធរថៃស្វែងរកយុត្តិធម៌ឱ្យខ្លួន ក្រោយមានការឃាត់ខ្លួនជនសង្ស័យពីរនាក់។
លោក ស៊្រុន ស្រ៊ន ត្រូវបានវាយបែកក្បាលក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅពេលលោកកំពុងផ្សព្វផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបញ្ចប់សង្រ្គាមនៅកម្ពុជា និងនាំកម្ពុជាមករកផ្លូវប្រជាធិបតេយ្យ។
នៅក្នុងការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកចេញពីខេត្តបាត់ដំបង នាថ្ងៃពុធនេះ លោក ស្រ៊ុន ស្រ៊ន លើកឡើងថា លោកមិនសុខចិត្តចំពោះការសារភាពរបស់ជនដៃដល់ដែលអាជ្ញាធរថៃចាប់បាននោះទេ។ លោកបញ្ជាក់ថា ការវាយប្រហាររូបលោកជាការរៀបចំមួយ មិនមែនពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹកក្នុងវត្តរហូតដល់មានការវាយបែកក្បាលឡើយ។
លោកថ្លែងថា៖ «ជនល្មើសនោះបានសារភាពថា ពួកគេពិតជាបានមកវាយពួកខ្ញុំទាំងពីរនាក់ដូចទៅនឹងការអះអាងមែន។ ពួកគេគ្រាន់តែពន្យល់ហេតុផលថា ពួកគេគ្រាន់មកវាយ ព្រោះពួកគេឈ្លោះជាមួយនឹងខ្មែរដែលមកប្រើបន្ទប់ទឹកនៅកន្លែងក្នុងវត្តហ្នឹង។ អ៊ីចឹងពួកខ្ញុំអត់សុខចិត្តទេ»។
លោក ស្រ៊ុន ស្រ៊ន ធ្លាប់បានបញ្ជាក់ថា ក្រុមមនុស្ស ៤ នាក់ ដែលពាក់ព័ន្ធនឹងការវាយប្រហាររូបលោក ប្រហែលមិនមានចេតនាសម្លាប់រូបលោកទេ ប៉ុន្តែជាការសម្លុតរូបលោក និងក្រុមការងារ មិនចង់ឱ្យបន្តផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅដល់ប្រជាជនខ្មែរដែលរស់នៅប្រទេសថៃ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅកម្ពុជាបាននៅឡើយទេ៕
វេទិកាបញ្ចេញមតិ