ក្រោយករណីបាក់អគារនៅខេត្តកែបសម្លាប់មនុស្ស៣៦នាក់ ក្នុងនោះមានក្មេងៗផងដែរ រដ្ឋាភិបាលបានចេញសេចក្តីណែនាំមួយ ដោយលើកឡើងថា រាល់សំណង់អគារដែលខុសច្បាប់ នឹងត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង ហើយហាមឃាត់ដាច់ខាតការស្នាក់នៅការដ្ឋានសំណង់។
យោងតាមសេចក្តីណែនាំចុះថ្ងៃទី១០ ខែមករា ស្តីពី«ការពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រាល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ ត្រូវហាមដាច់ខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់។ ក្រសួងបន្តថា អាជ្ញាធរមានសមត្ថកិច្ចហាមដាច់ខាតការអនុវត្តការងារសាងសង់ឬរុះរើ ដោយអ្នកសាងសង់ដែលគ្មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតដែលចេញដោយក្រសួងរៀបចំដែនដី។
ក្រសួងក៏បានហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ឬរុះរើ ដោយគ្មានវិស្វករជំនាញដែលមានអាជ្ញាប័ណ្ណចេញដោយក្រសួង ហើយប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។ នេះបើយោងតាមសេចក្តីណែនាំ ដោយចុះហត្ថលេខាដោយ លោករដ្ឋមន្រ្តី ជា សុផារ៉ា។
បើតាមសេចក្តីណែនាំនោះ ក្រសួងក៏បានហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ បើទោះជាលក្ខណៈបណ្ដោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។
ជាចំណាត់ការ ក្រសួងបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញលិខិតផ្អាកការសាងសង់ជាបន្ទាន់។ ក្នុងករណីការសាងសង់នៅតែបន្ត អាជ្ញាធរមានសមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។
បើតាមសេចក្តីណែនាំនោះ ក្រុមហ៊ុនសាងសង់ ឬវិស្វករប្រចាំការដ្ឋាន ត្រូវជូនដំណឹងមកមន្រ្តីត្រួតពិនិត្យសំណង់ ដើម្បីចុះពិនិត្យលើការងារសាងសង់ តាមដំណាក់កាលដូចជាក្នុងពេលកំណត់ទីតាំងសាងសង់ ក្នុងពេលអនុវត្តការងារគ្រឹះ ក្នុងពេលអនុវត្តការងារសសរជាន់ផ្ទាល់ដីនិងក្នុងពេលអនុវត្តការងារគ្រឿងផ្គុំបន្តបន្ទាប់ទៀត។
ក្នុងករណីពិនិត្យឃើញថាការងារសាងសង់ឬរុះរើមិនអនុលោមតាមបទដ្ឋានបច្ចេកទេសសំណង់ គម្រោងប្លង់ស្ថាបត្យកម្មដែលបានអនុញ្ញាតហើយ និងបទបញ្ញត្តិជាធរមានដទៃទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការផ្អាក កែតម្រូវ បញ្ឈប់ តម្រូវឲ្យរុះរើឬវិធានការចាំបាច់ផ្សេងទៀត។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យរបស់ក្រសួងរៀបចំដែនដី បាននៅឡើយទេ នាថ្ងៃច័ន្ទនេះ។
សេចក្តីណែនាំធ្វើឡើង ក្រោយករណីបាក់អគារនៅខេត្តកែប ដែលលោក ទេព ធន រដ្ឋលេខាធិការនិងប្រធានគណៈកម្មការកោសល្យវិច័យលើអគារបាក់ ធ្លាប់បានប្រាប់ VOAថា អគារនេះបាក់ដោយសារ «ការសាងសង់បេតុងសសរមិនធន់» តាមលក្ខណៈបច្ចេកទេស។
លោក ទេព ធន បានថ្លែងថា៖ «គុណភាពអគារហ្នឹងតែម្តង ដោយសារម្ចាស់ហ្នឹង ធ្វើកិច្ចការហ្នឹងដោយខ្លួនលោក។ គាត់ជឿតែក្រុមអ្នកជាងដែលទទួលការហ្នឹង គាត់អត់បានសិក្សា ស្វែងយល់អំពីបច្ចេកទេស។ ដល់អញ្ចឹងទៅ ក្នុងការអនុវត្តការសាងសង់ហ្នឹង វាមិនសមស្របតាមលក្ខណៈបច្ចេកទេស»។
លោកបន្តថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងាររបស់មន្ទីរដែនដីខេត្តកែប បានរកឃើញថា សំណង់នេះសង់ខុសបច្ចេកទេស តែមិនទាន់បានឃាត់ផង សំណង់ក៏បាក់ទៅហើយ។ ប៉ុន្តែមិនដឹងថា មូលហេតុអ្វីបានជាសំណង់មួយនេះ នៅបន្តដំណើរការសាងសង់រហូតដល់ថ្ងៃបាក់អគារនោះទេ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ មានប្រសាសន៍ថា អាជ្ញាធរ និងតុលាការ ត្រូវតែស៊ើបអង្កេត រកមុខអ្នកពាក់ព័ន្ធក្នុងករណីបាក់អគារនេះ ហើយដាក់ទោសទណ្ឌ ដើម្បីធានាថាមិនមានករណីបាក់អគារ កើតឡើងម្តងទៀត។
លោកបានថ្លែងប្រាប់ VOA ថា៖«គឺមានការធ្វេសប្រហែសពីអ្នកត្រួតពិនិត្យហ្នឹងឯង។ ហើយមន្ទីរខ្លួនឯងហ្នឹង បើឃើញខុសហើយ អត់ចាត់វិធានការណាតឹងរ៉ឹងទាក់ទងជាមួយផ្លូវច្បាប់ទេ។ កន្លងមក យើងមើលឃើញជាក់ស្តែង យើងដឹងថា អគារនេះខុសច្បាប់ អគារនោះខុសច្បាប់។ ក៏ប៉ុន្តែអត់មានចាត់វិធានការណាមួយ ឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងរាងចាលទេ»។
ស្រដៀងគ្នានេះ ករណីអគារបាក់នៅក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩ សម្លាប់មនុស្ស២៨នាក់ ត្រូវបានអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អះអាងថា ក្រុមការងារខេត្តបានចុះឃាត់ពីរដងរួចទៅហើយ តែក្រុមហ៊ុនរបស់ចិននៅបន្តសាងសង់ រហូតដល់ថ្ងៃបាក់អគារ។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពី ខែសីហា ឆ្នាំ២០១៨ ស្តីពីការ «ឆ្ពោះទៅសម្រេចសក្ដានុពលនគរូបនីយកម្ម» បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រឈមនឹង «គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។ របាយការណ៍បានបន្ថែមថា ការផ្ដល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាដោយសារគោលការណ៍«សង់ជាមុន ផ្ដល់អាជ្ញាប័ណ្ណតាមក្រោយ»។
បន្ទាប់ពីបាក់អគារនៅខេត្តកែបសម្លាប់មនុស្ស៣៦នាក់ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចម្រុះផ្សេងៗគ្នា ដើម្បីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស ដែលមានថ្នាក់ដឹកនាំតាមក្រសួង និងមន្រ្តីជំនាញនៅតាមបណ្តាខេត្ត។
គិតត្រឹមដំណាច់ឆ្នាំ២០១៩ មានគម្រោងសំណង់ទូទាំងប្រទេសចំនួន៤.៨៨៨គម្រោងដែលបានទទួលច្បាប់អនុញ្ញាតឲ្យសាងសង់ ដែលកើនឡើងពី៣.២៩០គម្រោងក្នុងឆ្នាំ២០១៨។ នេះបើយោងតាមស្ថិតិរបស់ក្រសួងរៀបចំដែនដី។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី ក្នុងការត្រួតពិនិត្យគុណភាពសំណង់ចំនួន៥៧០ការដ្ឋានក្នុងខេត្តព្រះសីហនុ សំណង់ចំនួន២៣ការដ្ឋាន តម្រូវឲ្យរុះរើ ដោយសារហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព សំណង់ចំនួន១៦៦ការដ្ឋាន ត្រូវធ្វើកោសល្យវិច័យ និងសំណង់៣៨១ការដ្ឋានត្រូវបានណែនាំឲ្យបំពេញនីតិវិធី។ ចំណែកក្នុងខេត្តបន្ទាយមានជ័យវិញ សំណង់ចំនួន៥៨៦ការដ្ឋាន ត្រូវបានត្រួតពិនិត្យ ក្នុងនោះសំណង់ដែលបានកែតម្រូវចំនួន២ការដ្ឋាន ផ្អាកការដ្ឋានចំនួន៤ និងណែនាំឲ្យបំពេញនីតិវិធីចំនួន៤៧០ការដ្ឋាន៕