ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង Lake Chales រៀបចំ​ពិធី​ស្មឹងស្មាធ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការជាប់ឃុំ​របស់​ក្រុម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CITGO


នេះ​ជា​រូបភាព​របស់​លោក Tomeu Vadell។
នេះ​ជា​រូបភាព​របស់​លោក Tomeu Vadell។

​ប៉ូលិស​វ៉េណេស៊ុយអេឡា​បាន​ចាប់ខ្លួន​លោក Tomeu Vadell ដែល​ជា​អតីត​អនុប្រធាន​ផ្នែក​ចម្រាញ់​ប្រេង​នៃ​ក្រុមហ៊ុន CITGO ​អស់​រយៈពេល​ជាង​២ឆ្នាំ​មក​ហើយ។ គ្រួសារ​របស់​លោក Tomeu Vadell រៀបចំ​ពិធី​ស្មឹងស្មាធ​ដើម្បី​ឲ្យ​សាធារណជនចាប់​អារម្មណ៍​ចំពោះ​ការឃុំ​ខ្លួន​ជា​បន្ត​លើ​នាយក​ប្រតិបត្តិ​រូប​នេះ។

អស់រយៈពេល​ជាង ២ ឆ្នាំ​មក​ហើយ ចាប់តាំងពី​អាជ្ញាធរ​វ៉េណេស៊ុយអេឡា បាន​ចាប់ខ្លួន​នាយក​ប្រតិបត្តិ​មួយ​ក្រុម​នៃ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ CITGO។ ពួកគេ​ទាំងនោះ សុទ្ធតែ​មាន​សញ្ជាតិ​ពីរ គឺ​វ៉េណេស៊ុយអេឡា និង​អាមេរិក។ ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនោះ ដែល​ក្នុងនោះ​មានទាំង​លោក Tomeu Vadell ផងដែរ។ គ្រួសារ​របស់​លោក Tomeu Vadell រស់នៅ​ក្នុង​ក្រុង​តូច​មួយ​នៅ​រដ្ឋ Louisiana ដែល​នៅ​ពេល​ថ្មីៗ​នេះ រៀបចំ​ពិធី​ស្មឹងស្មាធ​ដើម្បី​ឲ្យ​សាធារណជនចាប់​អារម្មណ៍​ចំពោះ​ការឃុំ​ខ្លួន​ជា​បន្ត​លើ​នាយក​ប្រតិបត្តិ​រូប​នេះ។

២ឆ្នាំ បាន​កន្លង​ផុត​ទៅ​ហើយ​ចាប់តាំង​ពី​ប៉ូលិស​វ៉េណេស៊ុយអេឡា បាន​ចាប់ខ្លួន​លោក Tomeu Vadell ដែល​ជា​អតីត​អនុប្រធាន​ផ្នែក​ចម្រាញ់​ប្រេង​នៃ​ក្រុមហ៊ុន CITGO រួម​ទាំង​នាយក​ប្រតិបត្តិ ៥នាក់​ផ្សេង​ទៀត​នៃ​ក្រុមហ៊ុន​នេះ នៅក្នុង​ទីក្រុង​ការ៉ាកាស។

ក៏ប៉ុន្តែ គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា ពួកគេ​ទាំងនោះ នឹង​ត្រូវ​បាន​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

ទាក់ទងនឹង​រឿង​នេះ ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro បាន​ថ្លែង​ថា៖

«គេ​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ ពីព្រោះ​ពួកគេ​មាន​សញ្ជាតិ​អាមេរិក។ ខ្ញុំ​បាន​និយាយ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អំពី​រឿង​នេះ។ ដោយសារ​ពួកគេ​ជា​ពលរដ្ឋ​ដែល​បាន​កើត​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ដូច្នេះ​ពួកគេ​ជា​ពលរដ្ឋ​វ៉េណេស៊ុយ​អេឡា អ៊ីចឹង​ហើយ​យើង​ក៏​សម្រេច​ថា ពួកគេ​នឹង​ត្រូវ​វិនិច្ឆ័យទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ការលួច និង​អំពើ​ក្បត់ជាតិ»។

រដ្ឋាភិបាល​វ៉េណេស៊ុយ​អេឡា បាន​ចោទប្រកាន់​នាយក​ប្រតិបត្តិ​ទាំងនោះ​ពី​បទ​បន្លំ​លួច​យក​ប្រាក់​ និង​បទឧក្រិដ្ឋ​ផ្សេងទៀត​ពាក់ព័ន្ធ​ទៅនឹង​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ចំនួន​៤ពាន់​លាន​ដុល្លារ នៅក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សាជីវកម្ម​របស់​រដ្ឋ ដោយ​ប្រើ​មូលប័ត្រ​របស់​ក្រុមហ៊ុន​CITGO និង​ប្រើ​ប្រាស់​ទ្រព្យ​របស់​ក្រុមហ៊ុន ៥០ ភាគរយ​ជា​វត្ថុបញ្ចាំ។

លោក Tomeu Vadell និង​ក្រុមគ្រួសារ​បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ទីក្រុង Lake Chales នៃ​រដ្ឋ Louisiana កាលពី ២០ ឆ្នាំមុន។ លោក​បាន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន CITGO ចិញ្ចឹម​ក្រុម​គ្រួសារ​លោក ហើយ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​ក្នុង​ទីក្រុង​តូច​នោះ។

គ្រាដែល ក្រុម​គ្រួសារ​របស់​លោក Tomeu Vadell សង្ឃឹម​ថា លោក​នឹង​ត្រូវ​បាន​ដោះលែង ពួកគេ​នៅតែ​បន្ត​អះអាងថា លោក​មិន​បាន​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ដូច​ទៅ​នឹង​ការចោទប្រកាន់​ទាំងនោះ​ទេ ហើយ​បាន​ពណ៌នា​អំពី​ទុក្ខលំបាក​ក្នុង​ជីវិត​របស់​ពួកគេ ចាប់តាំង​ពី​លោក Tomeu Vadell ត្រូវ​បាន​ចាប់ខ្លួន​មក។

នាង Cristina Vadell ជា​កូនស្រី​របស់​លោក Tomeu Vadell បាន​ថ្លែង​ថា៖

«វា​ប្រៀប​បាន​ដូចជា គេ​បាន​យក​អ្វីមួយ​ចេញ​ពី​ខ្លួន​របស់​អ្នក​អ៊ីចឹង​ដែរ ដោយសារតែ​រាល់​ពេល​បុណ្យ Christmas រាល់​ពេល​បុណ្យ​ចូលឆ្នាំថ្មី និង​រាល់ពេល​មាន​ពិធី​ពិសេស​ផ្សេងៗ យើង​តែងតែ​ជួបជុំ​គ្នា។ គ្រប់​ឱកាស​ទាំងនោះ គាត់​ជា​អ្នកធ្វើ​ម្ហូប គាត់​ចូលចិត្ត​ធ្វើម្ហូប​ខ្លាំង​ណាស់។ ចាប់តាំងពី​អវត្តមាន​របស់​គាត់​មក អ្វីៗ​គឺ​មិន​ដូច​ពេល​មុន​ទេ»។

ពលរដ្ឋនៅ​សហគមន៍​ក្នុង​ទីក្រុង Lake Chales ក៏​នឹក​ដល់​នាយក​ប្រតិបត្តិ​រូប​នេះ​ដែរ។

​លោក Tomeu Vadell ធ្លាប់​ធ្វើជា​គ្រូបង្វឹក​ក្រុម​កីឡា​វាយ​កូនបាល់ baseball ធ្វើការងារ​ស្ម័គ្រចិត្ត និង​ចូលរួម​គ្រប់​ពិធី​វប្បធម៌​ទាំងអស់​នៅក្នុង​ទីក្រុង Lake Chales នេះ ។

អ្នកស្រី Denise Vadell ជា​ភរិយា​របស់​លោក Tomeu Vadell ថ្លែង​ថា៖

«យើង​មាន​អារម្មណ៍​ថា បាន​ទទួល​ការគាំទ្រពី​សហគមន៍ និង​ពីមិត្តភក្តិ។ នេះ​វា​ជា​អារម្មណ៍​ល្អ ហើយយើងសង្ឃឹមថា ថាមពល​វិជ្ជមាននេះ នឹង​ផ្តល់​កម្លាំង​ចិត្ត​ដល់ Tomeu និង​សហការី​របស់​គាត់ដែរ»។

កាលពី​ពេលថ្មីៗ​នេះ ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង Lake Chales បាន​រៀបចំ​ពិធី ស្មឹងស្មាធ​មួយ សម្រាប់​លោក Tomeu Vadell និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CITGO ដទៃ​ទៀត​ដែល​កំពុង​ជាប់ឃុំ។

នាង Cristina Vadell ថ្លែងទៀតថា៖

«អស់​រយៈពេល​២ឆ្នាំហើយ​តាំងពី​គាត់ត្រូវ​បាន​ចាប់ខ្លួន។ លោក​ជា​មនុស្ស​គ្មាន​កំហុស​ដែលមិន​ទទួល​បានសិទ្ធិ និង​នីតិវិធី​តុលាការ​ត្រឹមត្រូវ។ ដល់​ពេល​ដែល​ត្រូវ​ដោះលែង​គាត់​ហើយ»។

ពលរដ្ឋ​នៅ​ទីក្រុង Lake Chales បាន​ដឹង​រឿង​ជាច្រើន​បន្ថែម​ទៀត​អំពី​ប្រទេស​វ៉េណេស៊ុយអេឡា តាំងពី​លោក Vadell ត្រូវបាន​ចាប់ខ្លួន​មក។

អ្នកស្រី Mandy McCall ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង Lake Chales។ អ្នកស្រី​ថ្លែងថា៖

«រឿង​នេះ ធ្វើ​ឲ្យ​គេ​ដឹង​ច្រើន​អំពី​អ្វីៗដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស វ៉េណេស៊ុយអេឡា និង​ការពិត​ជាក់ស្តែង​អំពី​ស្ថានភាព​រស់នៅ​នា​ពេល​បច្ចុប្បន្ន​របស់​ពលរដ្ឋ​នៃ​ប្រទេស​នោះ ហើយ​និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​ពួកគេ​បាន​ឆ្លងកាត់។ ខ្ញុំ​គិត​ថា វាបាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ស្ថានការណ៍​ទាំងអស់​នេះ»។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Mike Pence បាន​ទាមទារ​ឲ្យ​មានការ​ដោះលែង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​CITGO ទាំងនោះ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​មេធាវី​របស់​លោក Vadell និយាយ​ថា ករណី​របស់​លោក ត្រូវបាន​ជាប់​គាំង​ដោយសារ​ការប្រជែង​អំណាច​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG