ម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង បានសម្រេចប្រគល់ដីជាង ៥០ ហិកតា ដែលមានទីតាំងជាប់អាកាសយានដ្ឋានថ្មី ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ឲ្យទៅប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្រោយពីលោក ហ៊ុន សែន បានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យនិងដោះស្រាយករណីនេះ។
កិច្ចព្រមព្រៀងបញ្ចប់វិវាទដីធ្លីរវាងអ្នកស្រី សៀង ចាន់ហេង ជាមួយអ្នកស្រី ហ៊ុន ប៊ុនធឿន ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ហៀវ លន់ ដែលត្រូវបានចុះថ្ងៃទី ២៣ ខែមករា បានឲ្យដឹងថា៖ «លោកជំទាវ សៀង ចាន់ហេង ទទួលស្គាល់ និងប្រគល់ដីវិវាទទំហំ ៥០ ហិកតា [និង] ៨អា ស្ថិតនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងនេះ ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់»។
កិច្ចព្រមព្រៀងដដែលនោះ ក៏បញ្ជាក់បន្ថែមថា ភាគីដែលមានជម្លោះបានដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងតុលាការ រួមទាំងសំណុំរឿងរក្សាការពារ ទាំងអស់យ៉ាងយូរពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សេង ឡូត អ្នកនាំពាក្យក្រសួងនេះ បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។
គួររំឭកថា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យករណីដីវិវាទរវាងអ្នកស្រី ហ៊ុន ប៊ុនធឿន និងអ្នកស្រី ហៀវ លន់ ជាមួយអ្នកស្រី សៀង ចាន់ហេង នៅទីស្ដីការក្រសួង។ នេះបើតាមការបង្ហោះព័ត៌មានលើគណនីយហ្វេសប៊ុសរបស់ក្រសួងរៀបចំដែនដី។
ការសម្របសម្រួលនេះត្រូវបានធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែមករា បានស្នើឲ្យលោក ជា សុផារ៉ា ផ្តល់មតិ មុនអាជ្ញាធរពាក់ព័ន្ធធ្វើការកាត់សេចក្តីលើករណីទំនាស់ដីធ្លីនេះ៕