ព្រះមេគណខេត្តសៀមរាប កាលពីថ្ងៃពុធ បានប្រកាសសម្រេចឲ្យផ្សឹកសកម្មជនសង្ឃល្បីឈ្មោះគឺព្រះអង្គ លួន សុវ៉ាត ដែលរងការចោទប្រកាន់ថា សន្ទនាជាមួយមនុស្សស្រីមួយចំនួនក្នុងវីដេអូ ដែលជាការខលតាមប្រព័ន្ធសង្គមហ្វេសប៊ុក មានឈ្មោះព្រះអង្គជាភាសាខ្មែរ «លួន សុវ៉ាត»។
ក្នុងសង្ឃសម្រេចមួយ ចុះថ្ងៃទី៣ ខែមិថុនា ចេញដោយព្រះមេគណខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេងបានប្រកាសផ្សឹកព្រះអង្គ លួន សុវ៉ាត ដែលគង់មិនអចិន្រ្តៃយ៍នៅវត្តស្លែងក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។ សង្ឃសម្រេចនេះបញ្ជាក់ថា ក្រោយថ្ងៃចេញប្រកាសនេះ បើព្រះអង្គ លួន សុវ៉ាត នៅតែបន្តគ្រងស្បងចីវរជាបព្វជិត ដូចអ្នកបួសក្នុងព្រះពុទ្ធសាសនានោះ ព្រះអង្គត្រូវនឹងត្រូវ ចាត់ទុកថា «ប្រព្រឹត្តក្លែងភេទ»។ ក្នុងករណីនេះ មេគណខេត្តសៀមរាបក៏ស្នើសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់។
បើតាមសង្ឃសម្រេចនេះ ការប្រកាសឲ្យផ្សឹកនេះកើតមានឡើង ក្រោយអង្គប្រជុំថេរសភាខេត្តសៀមរាប បានស្តាប់វីដេអូសារសំឡេងដែលប្រកាសថា ជាការ«សន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅរវាងភិក្ខុ លួន សុវ៉ាត ជាមួយស្រ្តីជាម្តាយនិងកូនស្រី»។ ព្រះមេគណខេត្តសៀមរាបក៏បានបញ្ជាក់ក្នុងសេចក្តីសម្រេចថា ការឲ្យផ្សឹកនេះសម្រេចឡើងក្រោយការស្តាប់កំណត់ហេតុនៃការបំភ្លឺរបស់កូនស្រីមួយរូប ដែលមាននៅក្នុងវីដេអូនោះ។
ព្រះមេគណ ជុំ គឹមឡេង បញ្ជាក់ថា៖ «អង្គប្រជុំសន្មតថា ភិក្ខុរូបនេះ (លួន សុវ៉ាត) ពិតជាបានសេពមេថុនធម្ម (រួមភេទ) ជាមួយស្រ្តីភេទពិតប្រាកដមែន»។
VOA មិនអាចសុំការឆ្លើយតបពីព្រះអង្គ លួន សុវ៉ាត បាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
វីដេអូយ៉ាងតិចចំនួន៤ ដែលមានការចោទប្រកាន់ថា ជាសំឡេងរបស់ព្រះអង្គ លួន សុវ៉ាត ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកមួយឈ្មោះ Srey Da Chi-Kraeng។ នេះជាទំព័រហ្វេសប៊ុកដែលទើបត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ដែលមានអ្នកចុច Likes ទៅដល់ជាង ១ពាន់នាក់។ វីដេអូមួយក្នុងចំណោមវីដេអូផ្សេងទៀត ដែលមានរយៈពេលជាង ៧ នាទី ជាវីដេអូថតចេញពីការខលសន្ទនាគ្នាតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដោយមានឈ្មោះជាភាសាខ្មែរ «លួន សុវ៉ាត»។ ការសន្ទនាគ្នានេះមាននិយាយទាក់ទងនឹងស្នេហា ការប្រើប្រាស់ពាក្យពេចន៍ដូចជាម៉ាស្សា ឈឺខ្នង ឈឺចង្កេះ និងការហៅមកជួបគ្នាផងដែរ។
ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើមូលហេតុអ្វីបានជាមានការថតវីដេអូការសន្ទនាគ្នាដែលមានការចោទប្រកាន់ថា ជាសំឡេងរបស់ព្រះអង្គ លួន សុវ៉ាត ប៉ុន្តែមិនមានរូបវីដេអូផ្ទាល់របស់ព្រះអង្គមានសង្ឃដីកានោះ។
VOA បានព្យាយាមសុំការអត្ថាធិប្បាយពីប្រធានសង្ឃប្រចាំខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង ប៉ុន្តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់ VOA ថា លោកបានទទួលសេចក្តីសម្រេចក្នុងការផ្សឹកព្រះអង្គ លួន សុវ៉ាត។ លោកបញ្ជាក់ថា នេះជាការមិនប្រតិបត្តិតាមធម៌វិន័យ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនមែនជឿលោកទាំងស្រុងទេ ប៉ុន្តែសំខាន់លោកបានពិនិត្យធម៌វិន័យហើយ។ តាមយន្តការច្បាប់បានចែង មុននឹងចេញសង្ឃប្រកាស សូមឲ្យមានការត្រួតពិនិត្យធម៌វិន័យ ។ ការប្រតិបត្តិហ្នឹង មានសាក្សី មានទឡ្ហីករណ៍ច្បាស់លាស់ បានលោកចេញសង្ឃប្រកាស។ [សូម] យល់ឲ្យច្បាស់! មិនមែនជារឿងនយោបាយអីទេ។ សូមឲ្យជ្រាបទាំងអស់គ្នា ជារឿងវិន័យ»។
ប៉ុន្តែ លោកមានប្រសាសន៍ថាក្រសួងនឹងមិនស៊ើបអង្កេតបន្តទៀតនោះទេ។ លោកថា ប្រសិនបើព្រះតេជគុណ លួន សុវ៉ាត មិនពេញចិត្តនឹងការសម្រេចនេះ ព្រះអង្គអាចចេញមកបកស្រាយ និងបង្ហាញភាពស្អាតស្អំ នៅចំពោះមុខព្រះមេគណសង្ឃដែលបានសម្រេចឲ្យផ្សឹក។
ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៥០៨ ចែងថា បទល្មើសការស្លៀកដណ្តប់បែបសង្ឃព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ៣ ខែ និងពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ៥០ ម៉ឺនរៀល។
ព្រះអង្គ បូរ បេត ដែលជាសមាជិកនៃបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មានសង្ឃដីកានៅថ្ងៃព្រហស្បតិ៍នេះថា កាលពីសប្តាហ៍មុន ព្រះអង្គ លួន សុវ៉ាត បានទាក់ទងមកព្រះអង្គ ដោយបានលើកឡើងថា មានគេចង់ធ្វើបាបព្រះអង្គតាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ព្រះអង្គមានសង្ឃដីកាថា៖ «ថ្ងៃកើតរឿង ដែលវីដេអូឃ្លីបហ្នឹងចេញ លោកបានទំនាក់ទំនងមកប្រាប់អាត្មា ថា គេធ្វើស៊ីព្រះករុណា តាមរយៈរឿងនយោបាយអីអ៊ីចឹង ដោយសារតែយើងជាអ្នកការពារសិទ្ធិមនុស្ស។ សូមឲ្យអាត្មាប្រុងប្រយ័ត្នខ្លួន។ កុំឲ្យគេធ្វើស៊ីដូចលោក។ លោកប្រាប់អ៊ីចឹង»។
ព្រះអង្គ បូរ បេទ ជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដោយព្រះអង្គលើកពីចំណុចនៃការសង្ស័យ ដោយមានការថតវីដេអូបន្តពីការសន្ទនានេះ ហើយព្រះអង្គថា សម័យបច្ចេកវិទ្យាការកាត់តនិងការបង្កើតគណនីហ្វេសប៊ុកអាចធ្វើឡើងដោយងាយស្រួល។
ព្រះអង្គយល់ថា ព្រះតេជគុណ លួន សុវ៉ាត ជាព្រះសង្ឃម្នាក់គួរឲ្យគោរព។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាគិតថាលោកមានឥរិយាបថមួយដ៏សមរម្យក្នុងស្ថាប័នសង្ឃ មួយអង្គផងដែរ ដែលអាត្មាតែងយកគំរូតាមតែងតែគោរពលោក»។
កាលពីឆ្នាំ ២០១២ ព្រះតេជគុណលួន សុវ៉ាត បានទទួលរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ (Martin Ennels Award) ដ៏ល្បីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ព្រះអង្គធ្លាប់ចេញព្រះភក្ត្រនៅកន្លែងតវ៉ានានា ពាក់ព័ន្ធនឹងជម្លោះដីធ្លី និងការទាមទាររកយុត្តិធម៌ផ្សេងៗ។ ព្រះអង្គតែងតែប្រើប្រាស់ទូរស័ព្ទដៃដើម្បីថត និងផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ព្រះអង្គ ដែលមានអ្នកចុច Likes រហូតទៅដល់ជាង ១០ ម៉ឺននាក់៕