វ៉ាស៊ីនតោន — ព្រះសង្ឃខ្មែរមួយអង្គព្រះនាម សឺន ទី ព្រះជន្ម ៣៦ ព្រះវស្សាត្រូវអាជ្ញាធរវៀតណាម នៅក្នុងខេត្ត សុក ត្រាង (Sóc Trăng) សួរចម្លើយនិងដកហូតលិខិតឆ្លងដែន (Passport) ទុកអស់១២ថ្ងៃ មុនពេលប្រគល់ប្រគេនជូនវិញ។ រឿងនេះកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីព្រះសង្ឃខ្មែរនិមន្តទៅដល់ភាគខាងត្បូងប្រទេសវៀតណាមដែលជាតំបន់មានពលរដ្ឋខ្មែរជាច្រើនរស់នៅជាជនជាតិដើមភាគតិចនៅទីនោះ តាំងពីដើមកំណើត។ ការសួរចម្លើយនិងដកហូតលិខិតឆ្លងដែននេះ បណ្តាលមកពីការមើលនិងការបង្ហោះឬ ចែកចាយព័ត៌មានតាមហ្វេសប៊ុក ដែលវៀតណាមចាត់ទុកថាជាការរំលោភច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតហៅថា The Law on Cybersecurity និងការប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។
ព្រះតេជគុណ សឺន ទី ដែលគង់នៅក្នុងវត្តអង្គតាមិញ (គោកចំបក់) រាជធានីភ្នំពេញ បាននិមន្តទៅដល់ដែនដីកម្ពុជាក្រោម ដើម្បីទៅលេងស្រុកកំណើត សាច់ញាតិ និងចូលរួមមង្គលការប្អូនស្រី នៅក្នុងឃុំ សាឡុងភូ ( Sa Long Phu) ស្រុកឡុងភូ (Long Phu) កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅ។ ហើយដល់ថ្ងៃទី២ ខែកុម្ភៈ អាជ្ញាធរវៀតណាមបានកោះហៅទៅសាកសួរ មិនដូចក្នុងលិខិតកោះហៅដែលមិនបានដាក់ថាមានការរំលោភច្បាប់នោះឡើយ។ ព្រះតេជគុណ សឺន ទី មានសង្ឃដីកាបញ្ជាក់ប្រាប់ VOA យ៉ាងដូច្នេះតាមទូរសព្ទពីប្រទេសវៀតណាម។
«កាលពីថ្ងៃទី២ ខែ ២ (កុម្ភៈ) ២០២០ ហ្នឹង អាជ្ញាធរក៏ហៅអាត្មាទៅហ្នឹង ដើម្បីនិយាយពិភាក្សារឿងមួយចំនួនទេ ក៏ប៉ុន្តែអាជ្ញាធរវៀតណាមហ្នឹងបានសួរចម្លើយអាត្មាវិញ ហើយនៅក្នុងហ្នឹងគេចោទប្រកាន់អាត្មា ថាបានធ្វើខុសច្បាប់ប្រទេសវៀតណាម ដូចជាច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង»។
ព្រះតេជគុណថា នេះជាលើកទីពីរហើយដែលវៀតណាមដកលិខិតឆ្លងដែនរបស់ព្រះអង្គ។ លើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០០៩។ ព្រះតេជគុណបានបន្ថែមថាអាជ្ញាធរវៀតណាមបង្ខំឲ្យព្រះតេជគុណនិយាយភាសាវៀតណាម នៅពេលសួរចម្លើយដើម្បីរៀបរាប់អំពីការចែករំលែកព័ត៌មាន ការស្តាប់និងអានព័ត៌មានលើគេហទំព័រហ្វេសប៊ុកនោះ។ បន្ថែមលើនេះ អាជ្ញាធរវៀតណាមក៏បានបង្ខំឲ្យព្រះតេជគុណចុះហត្ថលេខាលើឯកសារ តែព្រះតេជគុណបានបដិសេធ ដោយសារតែព្រះតេជគុណជាអ្នកទេសចរ ដែលច្បាប់មិនតម្រូវឲ្យធ្វើដូច្នោះ។
«ហើយលើកនេះ គេយកច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង គេយកមកហើយឲ្យអាត្មាចុះហត្ថលេខាដើម្បីឲ្យយើងបានទទួលស្គាល់ថា យើងបានចែករំលែកព័ត៌មាន share បាននេះហ្នឹង គេសួរចម្លើយអាត្មានៅក្នុងហ្នឹង អីចឹងអាត្មាមិនចុះ គេដកម្តងហ្នឹងទៀត»។
ព្រះតេជគុណនិងក្រុមអ្នកតស៊ូមតិ បានបង្ហាញឲ្យដឹងថា អ្វីដែលអាជ្ញាធរវៀតណាមមិនសប្បាយចិត្ត ទំនងជាការបង្ហោះលិខិតកោះហៅទៅសាកសួរ ការផ្សព្វផ្សាយលើហ្វេសប៊ុកព្រះអង្គ ហើយនិងការអាន ស្តាប់នូវព័ត៌មានរបស់បណ្តាញព័ត៌មានសេរីមួយ ចំនួន រួមទាំងសម្លេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី ដែលនិយាយទាក់ទងនឹង បញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើតស្ថិតនៅភាគខាងត្បូងវៀតណាមជាប់នឹងព្រំដែននៃខេត្តស្វាយរៀង ភាគអាគ្នេយ៍របស់កម្ពុជា។ ដែនដីកម្ពុជាក្រោមនេះត្រូវបារាំងកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ចាប់តាំងពីឆ្នាំ១៩៤៩ មក។
មានប្រតិកម្មជាច្រើនបានកើតឡើង ក្រោយពេលមានការដកហូតលិខិតឆ្លងដែននិងការសួរដេញដោលរាប់ចាប់តាំងពីការមកដល់ពេលណា ស្នាក់នៅទីណា ជួបអ្នកណា ឆ័នទីណា អ្នកនោះធ្វើអ្វី មានចេតនាយ៉ាងណាដែលបានបង្ហោះសារនិងព័ត៌មានលើហ្វេសប៊ុកជាដើមនោះ។
លោក ប្រាក់ សេរីវុធ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកបានជម្រាបខាងក្រសួងការបរទេស អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា និងអង្គការសហប្រជាជាតិដើម្បីជួយអន្តរាគមន៍អំពីបញ្ហាខ្មែរក្រោមនេះ។
«បើយើងមិនធ្វើការតវ៉ាអីទេ រឿងអស់ហ្នឹងមានបញ្ហារហូត ចេះតែយកលេសចាប់ ហើយការមើលហ្នឹងវាគ្មានប៉ះពាល់អីទេ ការផ្សាយវិទ្យុ អាស៊ីសេរី វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក VOA ឬមួយវិទ្យុខ្មែរកម្ពុជាក្រោម ផ្សាយតែពីរឿងត្រឹមត្រូវ ច្បាប់ទម្លាប់អន្តរជាតិដែលគេផ្តល់សិទ្ធិឲ្យខ្មែរក្រោមយើង ជនជាតិទូទៅ យើងមើល។ តែអស់ហ្នឹងតើ មានទៅធ្វើស្អីជារឿងភេរវកម្ម តែវៀតណាមយកមធ្យោបាយហ្នឹងទៅធ្វើអីចឹង»។
លោក សេរីវុធ បានអះអាងបន្ថែមថា ការប្រើច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតដើម្បីបិទសិទ្ធិសេរីភាពនេះ មិនមែនជារឿងត្រឹមត្រូវទេ ហើយថា នៅប្រទេសជាច្រើនគេប្រើច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតនេះ ដើម្បីតាមដានក្រុមភេរវជនតែប៉ុណ្ណោះ តែលោកថា ការបង្ហោះសារឬព័ត៌មាននេះមិនមែនជាអំពើភេរវកម្មដែលវៀតណាមត្រូវបារម្ភឬតាមដាននោះទេ។
ច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតរបស់វៀតណាម ដែលសភាបានអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាកម្ម ដូចជា Google និង Facebook លុបចោលខ្លឹមសារណាដែលអាជ្ញាធរវៀតណាមចាត់ទុកថាជាការវាយប្រហារវៀតណាមក្នុងរយៈពេល២៤ម៉ោង ហើយរក្សាទុកទិន្នន័យរបស់អតិថិជនខ្លួនក្នុងប្រព័ន្ធផ្ទុកទិន្នន័យក្នុងប្រទេសវៀតណាម ហើយនិងរក្សាទុកនៅកន្លែងតែមួយ ក្រៅពីការរឹតត្បិតដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមដែលចែករំលែកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
មាត្រាមួយនៃច្បាប់នេះបានបញ្ជាក់ថា៖ «ច្បាប់នេះមានគោលបំណង ធ្វើឲ្យត្រឹមត្រូវរាល់សកម្មភាពទាំងឡាយទាក់ទងនឹងកិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពនៃប្រព័ន្ធអ៊ីនធឺណិត ការទទួលខុសត្រូវរបស់ក្រសួងនានា អង្គការនានា និងរូបវន្តបុគ្គលទាំងឡាយដែលពាក់ព័ន្ធ»។
លោក ហ្វ៊ីល រ៉បប៊ឺសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានចាត់ទុកថា ការដកហូតលិខិតឆ្លងដែននិងការសួរចម្លើយនេះជាការរំលោភសិទ្ធិសេរីភាព និងសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាមចុងក្រោយមួយទៀត ដោយយោងថាវៀតណាមមិនគួរដកហូតលិខិតឆ្លងដែន និងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋនិងសិទ្ធិបញ្ចេញមតិ ដោយប្រើច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដែលលោកអះអាងថា ជាច្បាប់ធូរលុង សម្រាប់ប្រើជាលេសចោទប្រកាន់និងដាក់ទោសទណ្ឌលើអ្នកណាដែលវៀតណាមចាត់ទុកថាប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ។
«រឿងនេះបង្ហាញយ៉ាងច្បាស់ណាស់ថា វៀតណាមគឺជាប្រទេសដែលមានកំណត់ត្រាអាក្រក់បំផុតខាងការរំលោភសិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។ រឿងនេះគ្មាននរណាម្នាក់ត្រូវគិតថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមបានល្អប្រសើរនោះទេ តែជាការពិតវាកាន់តែអាក្រក់ឡើងៗ។ យើងឃើញការបង្ក្រាបជាច្រើន យើងឃើញមនុស្សជាច្រើនត្រូវកាត់ទោសដាក់គុក ដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋាន និងសិទ្ធិនយោបាយ។ ហើយបន្ថែមពីលើនេះទៀត យើងឃើញការយាយីដោយរដ្ឋាភិបាលទៅលើក្រុមសកម្មជនដែលទាមទារយុត្តិធម៌និងទាមទារការគោរពសិទ្ធិមនុស្ស»។
លោក រ៉បប៊ឺសុន បានទទូចដល់សហគមន៍អន្តរជាតិថ្កោលទោសវៀតណាមចំពោះការ រំលោភសិទ្ធិមនុស្សតាមទ្រង់ទ្រាយធំ។
«ប្រទេសវៀតណាមបារម្ភអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ គឺបារម្ភនៅពេលមានការលើកឡើងនៅឯអង្គការសហប្រជាជាតិ ឬ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ដូច្នេះវាពិតជាច្បាស់លាស់ណាស់ថា មានវិធីដែលដាក់សម្ពាធលើវៀតណាមដើម្បីឲ្យធ្វើឲ្យប្រសើរឡើង។ តែរឿងនេះត្រូវតែជាការដាក់សម្ពាធរួមគ្នា ដោយមិនគ្រាន់តែជាការចេញសេចក្តីថ្លែងការណ៍ទីនេះ ឬ ទីនោះទេ។ វាត្រូវតែមានយុទ្ធនាការទាមទារឲ្យមានការគោរពសិទ្ធិខ្មែរក្រោម និងពលរដ្ឋទាំងអស់នៅក្នុងប្រទេសវៀតណាម»។
នៅមុនពេលអាជ្ញាធរវៀតណាមប្រគល់លិខិតឆ្លងដែនប្រគេនជូនព្រះតេជគុណ សឺន ទី លោក ហ្វ៊ីល រ៉បប៊ឺតសុន បានជំរុញដល់វៀតណាមឲ្យប្រគល់ជូនលិខិតឆ្លងដែន ប្រគេនដល់ព្រះសង្ឃខ្មែរវិញ ដោយបញ្ជាក់ថា វៀតណាមគួរត្រូវបញ្ជូនព្រះតេជគុណចេញពីវៀតណាម បើរកឃើញថាមានកំហុស តែគ្មានសិទ្ធិរឹបអូសលិខិតឆ្លងដែនដែលជាកម្មសិទ្ធរបស់កម្ពុជា តាមដាន រឹតត្បិតសេរីភាពពលរដ្ឋទេ។
លោក កុយ គង់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់ VOA កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ចំថ្ងៃវៀតណាមប្រគល់លិខិតឆ្លងដែនប្រគេនព្រះសង្ឃខ្មែរវិញនោះថាបញ្ហានេះបានដោះស្រាយចប់ហើយ។
«តាមយើងទទួលព័ត៌មានពីថ្ងៃហ្នឹង គឺស្ថានទូតកម្ពុជាយើងបានធ្វើការជាមួយអាជ្ញាធរវៀតណាម ហើយបានប្រគល់លិខិតឆ្លងដែនហ្នឹងប្រគេនទៅព្រះអង្គវិញហើយ»។
លោក កុយ គង់ នៅពេលសួរពីមូលហេតុដែលព្រះសង្ឃខ្មែរត្រូវអាជ្ញាធរវៀតណាមដកហូតលិខិតឆ្លងដែន លោកបានបញ្ជាក់ថា៖ «ទទួលព័ត៌មានកន្លងមកថា គេចោទថាព្រះអង្គបានធ្វើអំពើខុសច្បាប់នៅក្នុងប្រទេសគេហ្នឹង ដោយមានការផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលគេ»។
ព្រះតេជគុណ សឺន ទី ដែលបានបដិសេធថាគ្មានធ្វើអ្វីខុសនឹងច្បាប់វៀតណាមនោះ បានបញ្ជាក់ប្រាប់ VOA ផ្នែកខេមរភាសា អំពីការប្រគេនលិខិតឆ្លងដែនវិញដែរ កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០។
«ស្ថានទូតខ្មែរនៅទីក្រុងហាណូយ គេអន្តរាគមន៍ ហើយទើបតែបានពីល្ងាចមិញម៉ោងជាង៤ (ថ្ងៃទី១៤ ខែកុម្ភៈ)»។
ក្រុមអាជ្ញាធរវៀតណាមប៉ូលិស ព្រះសង្ឃវៀតណាមផងបន្តគំរាមជាពាក្យសម្តី និងសកម្មភាពនានា មុនពេលបួនថ្ងៃនៃការផ្តល់លិខិតឆ្លងដែនប្រគេនជូនដល់ព្រះតេជគុណវិញ ។
«ថ្ងៃទី១០ ខែកុម្ភៈ ខាងមន្ត្រីសង្ឃនិងអាជ្ញាធរហ្នឹង គេបានមកវត្ត ហើយគេយកឡានមកដឹកអាត្មាទៅ តែខាងមន្ត្រីសង្ឃហ្នឹង គេបានគំរាមកំហែងដល់អាត្មាប្រាប់ញោមអាត្មាហ្នឹងថា បើសិនជាលោកគ្មានកំហុសអីចឹងអត់អីទេ តែបើទៅជាមួយគេមានកំហុសទេ អីចឹងកន្លែងលោកមិនខ្វះទេអាវ ខោ អីចឹងគេត្រៀមទុកឲ្យហើយ គេគំរាមកំហែង។ តើគេចង់ផ្សឹក? យើងមិនបានទៅថ្ងៃហ្នុង បើសិនជាទៅ មិនដឹងថាហេតុការណ៍ហ្នឹងវាធ្លាក់ទៅយ៉ាងម៉េចទៀត»។
ព្រះតេជគុណបានពន្យល់ថា ព្រះអង្គបដិសេធមិននិមន្តទៅជាមួយឡានអាជ្ញាធរវៀតណាម ដោយសារថាព្រះតេជគុណប្រាប់គេថា កំពុងជាប់រវល់ធ្វើការតាមទូរសព្ទជាមួយមន្ត្រីទូតខ្មែរ។ ហើយជាចុងក្រោយ នៅថ្ងៃប្រគល់លិខិតឆ្លងដែននោះទៀតសោត ក៏មានការគំរាមនិងព្រមានមួយលើកទៀតដែលព្រះតេជគុណបញ្ជាក់ដោយសង្ឃដីកាថា អាជ្ញាធរវៀតណាមលើកឡើងថា ព្រះតេជគុណ«បានធ្វើហួសហេតុចំពោះការបង្ហោះសារនិងចែករំលែកព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុក»។
ក្រុមមន្ត្រីវៀតណាមនៅក្នុងឃុំ សាឡុងភូ ស្រុកឡុងភូ ខេត្ត សុកត្រាង បដិសេធធ្វើសេចក្តីអាត្ថាធិប្បាយឆ្លើយតបនឹងសំណួរ VOA ដោយអះអាងថា មិនបានដឹងអំពីរឿងនេះទេ។
ទាំងព្រះតេជគុណ សឺន ទី និងសហព័ន្ធខ្មែរកម្ពុជាក្រោម សម្តែងចេញនូវភាពរីករាយ និងអរគុណដល់ស្ថានទូតខ្មែរនៅក្នុងទីក្រុងហាយណូយ ក្នុងប្រទេសវៀតណាម។ ព្រះតេជគុណ បានអះអាងដោយមានសង្ឃដីកាថា មិនទាន់និមន្តត្រឡប់មកកម្ពុជាវិញទេ ដោយសារញោមស្រីជាម្តាយ និងសាច់ញាតិនៅមានការភិតភ័យ ក្រោយពីកើតហេតុការណ៍នេះ ដោយសម្រេចបន្តគង់នៅស្រុកសាឡុងភូមួយរយៈពេលសិន។
ព្រះតេជគុណបានអះអាងបន្ថែមថា គម្រោងដំបូងត្រូវវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីបន្តការសិក្សានិងជួយដល់កិច្ចការអន្តោប្រវេសន៍មួយចំនួនដល់ញាតិញោមនៅកម្ពុជា។ តែគម្រោងនោះត្រូវអាក់ខានដោយសារតែការដកលិខិតឆ្លងដែនពីអាជ្ញាធរវៀតណាម។
ព្រះសង្ឃខ្មែរក្រោមនិងពលរដ្ឋនៅលើទឹកដីកម្ពុជាក្រោម រងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង បំភិតបំភ័យលើសេរីភាពសាសនា ការរំលោភសិទ្ធិមនុស្សដោយសារតែអ្វីមួយដែលក្រុមអ្នកតស៊ូមតិនិងពលរដ្ឋអះអាងថា វៀតណាមបារម្ភជ្រុលពេកចំពោះការងើបប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម៕