ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរខេត្តសៀមរាបចេញបម្រាមការជួញដូរសុន​ខដែលជាសត្វដ៏ស្មោះត្រង់ ការពារទ្រព្យសម្បត្តិនិងសន្តិសុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អាជ្ញាធរខេត្តសៀមរាបចេញបម្រាមការជួញដូរសាច់សុខនដែលជាសត្វដ៏ស្មោះត្រង់ ការពារទ្រព្យសម្បត្តិនិងសន្តិសុខ

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ហាម​ឃាត់ការ​ជួញដូរ​និង​ការ​សម្លាប់​សុនខ​ឬឆ្កែបរិភោគ​ដោយ​និយាយ​ថា ​ សត្វ​ដ៏​ស្មោះត្រង់​នេះ​មាន​សមត្ថភាព​ការពារ​ទ្រព្យ​សម្បត្តិ​និង​បម្រើ​ផ្នែក​សន្តិសុខ ​ដូចជា​ហិតរក​ធាតុ​ផ្ទុះ​និង​គ្រឿង​ញៀន​ជាដើម។​

អាជ្ញាធរ​ខេត្ត​សៀមរាប​ដែល​មាន​ប្រាសាទ​បុរាណ​ជាច្រើន​ទាក់ទាញ​ទេសចរ​នោះ​គឺ​ជា​អាជ្ញាធរ​ដំបូង​គេ​ដែល​ចេញ​បម្រាម​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សត្វ​ឆ្កែ​ប្រមាណ​៣​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​សម្លាប់​ធ្វើ​ម្ហូប។ ​អង្គការ​ឈ្មោះ​FOUR PAWS ​ដែល​ការពារ​សុខុមាល​ភាព​សត្វ​បាន​ឱ្យ​ដឹង​ថា ​ខេត្ត​សៀមរាប​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​២ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​មុន​មាន​វិបត្តិ​កូវីដ១៩​គឺ​ជា​ខេត្ត​ដែល​មាន​ការជួញ​ដូរ​សុនខ​ឬ​សាច់​សុនខ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា។​

មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​នេះ​បាន​ប្រាប់​Reuters​ថា​អ្នក​ទេសចរ​បរទេស​ ជាពិសេស​ជនជាតិ​កូរ៉េខាង​ត្បូង​និង​អ្នក​ទេសចរ​មក​ពី​ប្រទេស​អាស៊ីខ្លះ​ទៀត​បាន​ជំរុញ​ឲ្យ​មាន​ទី​ផ្សារ​សាច់​សុនខ។​

អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពីបទ​ជួញដូរ​សុនខ​ឬ​សាច់​សុនខ​ត្រូវ​សន្យា​ថា ​ មិន​ឱ្យ​ដូច្នេះ​ទៀត​ ហើយ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំពោះ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ម្តង​ទៀត។

បម្រាម​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​កំណត់​ថា ​សត្វ​សុនខ​មិន​គួរ​ត្រូវ​សម្លាប់​ទេ ​ព្រោះ​វា​ជា​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​ដែល​មាន​សមត្ថភាព​ការពារ​ផ្ទះ​កសិដ្ឋាន​និង​ជួយ​ផ្នែក​សន្តិសុខ​ដូចជា​យោធា​និង​ប៉ូលិស​ជា​ដើម។ ​

ទោះ​ជា​មាន​យុទ្ធនាការ​ជាច្រើន​ប្រឆាំង​ការ​ជួញដូរ​និង​ការ​សម្លាប់​សុនខ​ឬ​ឆ្កែបរិភោគ​ក៏ដោយ​ បញ្ហា​នេះ​នៅ​តែ​កើត​ឡើង​នៅ​ប្រទេស​ឡាវ​ វៀតណាម ​កម្ពុជា​និង​ថៃ​ទោះបី​ជា​សត្វចតុបាទ​នេះ​ត្រូវ​គេ​ស្រឡាញ់​ជា​សត្វ​ចិញ្ចឹម​ក្នុង​គ្រួសារ​ក៏​ដោយ ។ ​ជនជាតិ​វៀតណាម​ខ្លះ​ជឿ​ថា​ការ​បរិភោគ​សាច់​ឆ្កែ​នាំ​ឲ្យ​មាន​សំណាង​ល្អ។ ​

អង្គការ​FOUR PAWS​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​និយាយ​ថា ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​នេះ​ជា​វិធាន​ការ​ជា​ប្រវត្តិ​សាស្ត្រ​និង​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​សាធារណជន។ ​អាជ្ញាធរ​សៀមរាប​នឹង​ក្លាយ​ជាគំរូ​សម្រាប់​អាជ្ញាធរ​ដទៃ​ទៀត៕

XS
SM
MD
LG