ប្រទេសបាគីស្ថានបានសម្តែង«ការតក់ស្លុត និងការសោកស្តាយ»បន្ទាប់ពីព័ត៌មាននិយាយថាប្រតិបត្តិការប្រឆាំងភេរវកម្មមួយរបស់ស.រ.អាបានសម្លាប់ចំណាប់ខ្មាំង ២ នាក់ដោយចៃដន្យ ដោយម្នាក់ជាមន្រ្តីនៃអង្គការជំនួយអាមេរិកាំង និងម្នាក់ទៀតជាជនជាតិ អ៊ីតាលី ដែលពួក al-Qaida ចាប់ឃុំខ្លួននៅតាមព្រំដែនរវាងអាហ្វហ្គានីស្ថាន និងបាគីស្ថាន។
ក្រសួងការបរទេសបាគីស្ថានបានសម្តែង«មរណទុក្ខចំពោះគ្រួសារអ្នករងគ្រោះ ហើយថ្លែងថា មរណភាពរបស់ចំណាប់ខ្មាំងទាំង ២ រូប «នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) បានបង្ហាញអំពីគ្រោះថ្នាក់ទៅលើទិសដៅដែលមិនចង់តម្រង់ទៅរក ដែលបាគីស្ថានបានគូសបញ្ជាក់ជាយូរមកហើយ។
មន្រ្តីអាមេរិកាំងម្នាក់បានប្រាប់ វីអូអេ កាលពីថ្ងៃព្រហស្បតិ៍ថា ចំណាប់ខ្មាំងម្នាក់ជាជនជាតិអាមេរិកាំង ឈ្មោះ Warren Weinstein និងម្នាក់ទៀតជាជនជាតិ អ៊ីតាលីឈ្មោះ Giovanni Lo Porto។ អ្នកទាំងពីរបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅថ្ងៃទី ១៤ ខែមករា។
លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា បានសម្តែងការសុំអភ័យទោសផ្ទាល់ខ្លួន ចំពោះគ្រោះថ្នាក់នេះ។ លោក អូបាម៉ា បានថ្លែងនៅសេតវិមានជាអាទិថា «ក្នុងឋានៈជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការ ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការប្រឆាំងភេរវកម្ម រួមទាំងប្រតិបត្តិការដែលបានប្រហារជីវិតលោក Weinstein និងលោក Giovanni នេះដែរ។ ខ្ញុំមានសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង»។
លោក អូបាម៉ា បានប្រាប់អ្នកសារព័ត៌មានទៀតថា «យោងតាមព័ត៌មានសម្ងាត់ដែលយើងបានទទួលនៅពេលនោះ រួមទាំងការឃ្លាំមើលអស់ពេលជាច្រើនរយម៉ោង យើងជឿថានេះជាអាគារមួយរបស់ពួក al-Qaida ហើយថាគ្មានជនស៊ីវិលនៅក្នុងនោះទេ»។
មន្រ្តីអាមេរិកាំងបាននិយាយថា Ahmed Farouq ជនជាតិអាមេរិកាំង ដែលសេតវិមាននិយាយថា ជា មេដឹកនាំម្នាក់របស់ពួក al-Qaida ដែលបានត្រូវប្រហារជីវិតនៅក្នុងប្រតិបត្តិការនេះផងដែរ៕