ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ ១៧​ នាក់​ត្រូវ​បាន​សង្ស័យ​ថា​ស្លាប់​ នៅ​ក្នុង​ការ​លិច​នាវា​នេសាទ​រុស្សី


រូបឯកសារ៖ នាវា​មួយ​គ្រឿង​របស់​ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ នាវា​មួយ​គ្រឿង​របស់​ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។

មនុស្ស​ចំនួន១៧​នាក់​ កំពុង​បាត់​ខ្លួនហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ស្លាប់​ បន្ទាប់​ពីនាវា​នេសាទ​រុស្សី​មួយ​គ្រឿង​ បាន​លិច​នៅ​សមុទ្រ​ Barentsភាគ​ខាង​ជើង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។ នេះ​បើ​តាមការ​លើក​ឡើង​របស់អាជ្ញាធរ​រុស្សី​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក។

ទូក​នេសាទ​នេះ​មាន​អ្នក​ធ្វើ​ការ​ចំនួន​ទាំង​អស់​១៩​នាក់​ ហើយ​មនុស្ស២​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​ក្រសួងសង្គ្រោះ​បន្ទាន់​រុស្សី​នោះ។

ក្រុម​មន្ត្រី​រុស្សី​ជឿ​ជាក់​ថា​ ទឹក​កក​ដែល​កក​នៅ​លើ​នាវា​នោះ បាន​នាំ​ឲ្យ​នាវា​នេសាទ​នេះ​លិច​ទឹក​។

នាវា​នេសាទ​ Onega រុស្ស៊ី​ដែលគ្រប់​គ្រង​ដោយក្រុម​ហ៊ុន​ឯក​ជន​នោះ​ ​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង Murmansk ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​រុស្សី​ បាន​ក្រឡាប់​និង​លិច​ទៅ​ក្នុង​សមុទ្រ​ ជិត​តំបន់​ប្រជុំ​កោះ Novaya Zemlya ក្នុង​សមុទ្រ Barents។

នាវា៤​គ្រឿង​ត្រូវ​បានប្រើ​ប្រាស់​ ក្នុង​ប្រតិបត្តិការ​ស្វែង​រក​និង​ជួយ​សង្គ្រោះ​ នៅ​ក្នុង​តំបន់​សមុទ្រ​ ហើយ​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​កំពុង​ដំណើរ​ការ​ផង​ដែរ​ជុំ​វិញហេតុ​ការណ៍​នេះ។​ នាវានេសាទ​ដែល​បាន​លិច​នេះ មាន​បំពាក់​ទង់​ជាតិ​រុស្សី​ និង​ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៧៩​មក៕

XS
SM
MD
LG