ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ជាតិ​សន្តិសុខ​​នុយក្លេអ៊ែរ​អាមេរិក​លោក Frank A. Rose មក​កម្ពុជា​ដើម្បី​ពិភាក្សា​បញ្ហា​សន្តិសុខ​នុយក្លេអ៊ែរ


លោក Frank A. Rose នាយករងប្រចាំការរដ្ឋបាលជាតិសន្តិសុខនុយក្លេអ៊ែរនៃក្រសួងថាមពលសហរដ្ឋអាមេរិក និង​លោក កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាគ្នានៅក្រសួងការបរទេសកម្ពុជា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Frank A. Rose នាយករងប្រចាំការរដ្ឋបាលជាតិសន្តិសុខនុយក្លេអ៊ែរនៃក្រសួងថាមពលសហរដ្ឋអាមេរិក និង​លោក កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាគ្នានៅក្រសួងការបរទេសកម្ពុជា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយក​រង​ប្រចាំ​ការ​នៃ​រដ្ឋបាល​ជាតិ​សន្តិសុខនុយក្លេអ៊ែរ​សហរដ្ឋអាមេរិក​ (NNSA) លោក Frank A. Rose បាន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​មន្រ្តី​រដ្ឋា​ភិ​បាលទីក្រុងភ្នំពេញ និង​ក្រុង​ព្រះ​សីហនុ​ពី​ភាព​ជា​ដៃ​គូ​ផ្នែក​សន្តិសុខ​នុយក្លេអ៊ែរ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា។

បើតាម​សេចក្តីប្រកាស​របស់​ស្ថានទូត​ចេញផ្សាយនៅ​ថ្ងៃទី​ ២១ ខែ​កុម្ភៈនេះ​ លោក Frank A. Rose បាន​ជួប និង​ពិភាក្សា​ជាមួយ​លោក អ៊ឹង អៀង រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អនុ​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ព្រម​ទាំង​លោក លី វណ្ណា រដ្ឋ​លេខា​ធិការ​ក្រសួងរ៉ែ និង​ថាមពល ពី​ការ​លើក​កម្ពស់​សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការ​ត្រៀម​បង្ការ​សម្រាប់​គ្រា​អាសន្ន​មាន​វិទ្យុ​សកម្ម។

លោក ​Frank A. Rose ត្រូវ​បាន​គេស្រង់សម្តីក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះថា​៖ ​«រដ្ឋបាល​ជាតិ​ផ្នែក​សន្តិ​សុខនុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហការ​ជាមួយ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​លើ​សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការ​ត្រៀម​បង្ការ និង​ការ​ឆ្លើយ​តប​សម្រាប់​គ្រា​អាសន្ន​មាន​វិទ្យុ​សកម្ម ហើយ​យើង​ផ្តល់​តម្លៃ​ដល់​កិច្ច​សហការ​ជា​ដៃគូ​របស់​យើង ក្នុង​ការ​តាម​ដាន​លើ​ការ​ជួញ​ដូរ​ខុស​ច្បាប់​ ទាក់​ទង​នឹង​សារ​ធាតុ​នុយក្លេអ៊ែរ​» ។

បន្ថែម​ពី​នេះ លោក​បាន​ជួប​ជាមួយ​មន្រ្តី​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ខិត​ខំ​ធ្វើ​មិន​ឱ្យ​មាន​ការ​រីកសាយ​អាវុធនុយក្លែអ៊ែរ និង​ការ​រក្សា​សន្តិ​សុខ​នុយក្លេអ៊ែរ។ អំឡុង​មាន​វត្តមាន​នៅ​កម្ពុជា​ លោកFrank A. Rose ក៏បាន​ពិភាក្សាជាមួយ​មន្រ្តី​កំពង់ផែ និង​គយ ហើយ​បានប្រាស្រ័យ​ទាក់ទងជាមួយ​និស្សិត​សាកល​វិទ្យាល័យ​នៅ​កម្ពុជា​អំពី​សន្តិសុខ​តាម​អ៊ីនធឺណិត​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG