មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឲ្យបានល្អិតល្អន់ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅមុនពេលមហាអំណាចប្រជាធិបតេយ្យមួយនេះ សម្រេចធ្វើតាមអ្នកធ្វើច្បាប់មួយចំនួនរបស់ខ្លួនដែលចង់ឲ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ពិនិត្យមើលឋានៈអនុគ្រោះពន្ធ (Generalized System of Preferences ឬGSP) ដែលកម្ពុជាទទួលពីសហរដ្ឋអាមេរិក។
ការស្នើរបស់មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់យ៉ាងដូច្នេះ ធ្វើឡើងនៅពេលអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបគឺលោក អាឡាំង ឡូវឹនសល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត (Steve Chabot) បានស្នើច្បាប់ថ្មីមួយ ដែលទាមទារឲ្យលោកប្រធានាធិបតីត្រាំ ធ្វើការថ្លឹងថ្លែងរវាងការខូចខាតលទ្ធិប្រជាធិបតេយ្យ និងការណ៍ដែលកម្ពុជាបន្តទទួលបានឋានៈអនុគ្រោះពន្ធ (GSP) នៅចំពេលមានការបន្តរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ VOA នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកគួរតែមើលឲ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនត្រូវយោងតាមតែតំណាងរាស្ត្រមួយចំនួន ដើម្បីផ្ដល់សេចក្ដីសម្រេចណាមួយ ពាក់ព័ន្ធនឹងឋានៈអនុគ្រោះពន្ធ (GSP)នេះ។
«គាត់មើលទៅ មកមើលសិទ្ធិរបស់ប្រជាពលរដ្ឋ សិទ្ធិកម្មករគាត់ធ្វើការ ហើយគាត់មានទឹកមុខសប្បាយនឹងប្រាក់ខែរបស់គាត់ដែលបានហើយ ហើយអង្គការ ILO ក៏គាត់មានការពេញចិត្ត។ អ៊ីចឹង គ្រាន់តែថា ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែជួនកាលគ្រាន់តែជាសំណើថាឲ្យ ឲ្យមើល ឲ្យបានគ្រប់ជ្រុង ជួនកាលប្រហែលយើងស្ដាប់ ស្ដាប់ម្នាក់ទៅ វាអាចមិនសមទេ ស្តាប់២នាក់ ៣នាក់ ៤នាក់ ហើយមកមើលផ្ទាល់ទៅ ប្រជាពលរដ្ឋកម្ពុជាយ៉ាងម៉េចបាទ»។
អ្នកនាំពាក្យរូបនេះថ្លែងថា ប្រសិនកម្ពុជាឈប់ទទួលបានប្រព័ន្ធ GSP នេះ ផលប៉ះពាល់ខាងសេដ្ឋកិច្ចអាចនឹងកើតមានឡើង តែលោកថា សហរដ្ឋអាមេរិកត្រូវតែចែកឲ្យដាច់អំពីបញ្ហាសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ជុំវិញឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មនេះ។
លោកស៊ាង ថៃ មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ៖
«បើយើងនិយាយពីផ្នែកសេដ្ឋកិច្ច វាអាចមានការពាក់ព័ន្ធប៉ះពាល់ហើយ ពីព្រោះ GSP គាត់ផ្ដល់ឲ្យយើង យើងនាំទៅបានដូចជា ឧទាហរណ៍ដូចថា travelling goods [ទំនិញសម្រាប់ធ្វើដំណើរ] យើងនាំទៅអត់មានបង់ពន្ធ បាទវាមានហើយនៅក្នុងហ្នឹង។ អ៊ីចឹងបានជាខ្ញុំលើកឡើងខាងដើមមិញហ្នឹង បើគាត់ភ្ជាប់បញ្ហាសេដ្ឋកិច្ចថាដោយសារការនាំកាបូបពីស្រុកខ្មែរទៅហ្នឹង វាទៅជន់ទីផ្សាររបស់គាត់ អាហ្នឹងរឿងមួយ»។
លោកបានបន្តថា៖
«ប៉ុន្តែបើគាត់ថា អាហ្នឹងដោយការអនុវត្តស្អីៗ ប្រជាធិបតេយ្យអីណា អីណី អាហ្នុង ធ្វើម៉េចឲ្យគាត់ពិចារណារឿងហ្នឹងឡើងវិញផងហ្នឹងហើយ។ កម្ពុជាមិនមែនថា មិនដឹងគុណទេ គាត់បានផ្ដល់អីកន្លងមក យើងអាចមានរួចពន្ធបានខ្លះ ប៉ុន្តែទំនិញមួយចំនួនទៀត ក៏យើងបានពន្ធឲ្យគាត់ដែរហើយ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ តែទូរស័ព្ទរបស់លោករោទ៍ គ្មានអ្នកទទួល។
VOA ក៏មិនទាក់ទងលោក គែន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានដែរនៅថ្ងៃពុធនេះ។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា Central យល់ថា កម្ពុជានៅខណៈពេលនេះ មិនអាចធ្វើឲ្យបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ GSP នោះទេ ព្រោះប្រព័ន្ធនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនក្នុងឧស្សាហកម្មកាត់ដេររបស់ប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោកបានបន្ថែមថា ទាំងប្រព័ន្ធឋានៈអនុគ្រោះពន្ធ GSP និងកម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» (Everything But Arm) ឬ EBAរបស់សហភាពអឺរ៉ុប សុទ្ធតែជាតម្រូវការចាំបាច់របស់កម្ពុជា ដើម្បីរក្សាសុខភាពពាណិជ្ជកម្មរបស់ខ្លួនឲ្យនៅល្អប្រសើរ។ ហេតុដូច្នេះ កម្ពុជាមិនអាចធ្វើឲ្យបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធសំខាន់ៗទាំងពីរនេះក្នុងពេលតែមួយនោះទេ។
«វាជារឿងមួយចំាបាច់ដែលកម្ពុជាមិនគួរបណ្ដោយឲ្យ អាព្រឹត្តិការណ៍ទាំងពីរហ្នឹង កើតក្នុងពេលតែមួយ មានន័យថា ទាំង EBA ទាំង GSP»។
ប្រទេសកម្ពុជាដែលគេមើលឃើញថាកំពុងប្រឈមការបាត់បង់ឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបផងដែរនោះ ទើបទទួលបានការបន្ត «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ» (GSP) កាលពីដើមឆ្នាំ២០១៨ ហើយបាននាំទំនិញក្នុងតម្លៃជាង៤០០លានដុល្លារចូលសហរដ្ឋអាមេរិកដោយរួចពន្ធ។
ភាគច្រើននៃទំនិញទាំងនេះគឺបម្រើការដល់ការធ្វើដំណើរ ដែលអាចឱ្យកម្ពុជាចំណេញប្រាក់ពន្ធប្រហែល៨០លានដុល្លារក្នុងមួយឆ្នាំៗ។
សេចក្តីស្នើច្បាប់ដែលមានការគាំទ្រពីគណបក្សទាំងពីរគឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នឹងតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ប្រើប្រាស់ការរកឃើញដើម្បីសម្រេចថាតើកម្ពុជានឹងបន្តទទួលបានឋានៈនេះឬត្រូវដកហូតវិញ។
ដោយឡែក កាលពីដើមកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ សហគមន៍អឺរ៉ុបបានប្រកាសចាប់ផ្ដើមដំណើរការជាផ្លូវការ ដែលអាចឈានទៅដកហូតជាបណ្ដោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ដំណើរការនេះធ្វើឡើង បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋសមាជិក ប៉ុន្តែការដកហូតពិតប្រាកដនឹងធ្វើឡើងនៅខែសីហាឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប។
ការណ៍នេះដោយសារតែសហភាពអឺរ៉ុបទុកពេលមួយឆ្នាំដើម្បីតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងសរសេររបាយការណ៍។ ការដកហូតនិងរយៈពេលដកហូតបណ្ដោះអាសន្ននឹងចាប់ផ្ដើមក្នុងរយៈពេល៦ខែបន្ទាប់ពីនេះ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបាននាំផលិតផលចូលគិតជាទឹកប្រាក់ចំនួនជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ហើយធ្វើឱ្យកម្ពុជាចំណេញប្រាក់ពន្ធប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់។
ប៉ុន្តែយុទ្ធនាការរបស់រដ្ឋាភិបាលដែលបង្ក្រាបលើអង្គការសង្គមស៊ីវិល បណ្ដាញព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំមុន បានធ្វើឱ្យសហភាពអឺរ៉ុបនិងសហគមន៍អន្តរជាតិស្នើឱ្យកម្ពុជាកែប្រែស្ថានការណ៍ឱ្យបានល្អឡើងវិញ បើមិនដូច្នោះទេ អាចប្រឈមនឹងទណ្ឌកម្មផ្សេងៗទៀត៕