គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅថ្ងៃចន្ទនេះ បានបញ្ជូនសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅអង្គប្រជុំព្រឹទ្ធសភា ដើម្បីត្រៀមអនុម័តនៅថ្ងៃអង្គារ ដែលបើកផ្លូវឲ្យអតីតមន្ត្រីគណបក្សប្រឆាំងទាំង១១៨រូប បានចូលធ្វើនយោបាយវិញ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំអចិន្ត្រៃយ៍ព្រឹទ្ធសភា ចេញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ និងពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានសម្រេចកំណត់យកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភានីតិកាលទី៤។
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ប្រាប់ VOA ថា នៅព្រឹកថ្ងៃចន្ទនេះ គណៈកមា្មធិការអចិន្រ្តៃយ៍បានបើកកិច្ចប្រជុំសម្រេចលើរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។ លោកថា កិច្ចប្រជុំពេញអង្គនឹងសម្រេចអនុម័តលើសេចក្តីស្នើសេចក្តីព្រាងច្បាប់នោះ។
លោកបញ្ជាក់ថា៖
«គណៈអចិន្រ្តៃយ៍បានសម្រេចឲ្យបញ្ជូនសេចក្តីស្នើច្បាប់ហ្នឹងមួយ និងសេចក្តីព្រាងច្បាប់មួយ ទៅក្នុងរបៀបវារៈទៅក្នុងការប្រជុំថ្ងៃស្អែក។ ព្រឹកមិញលទ្ធផលប្រជុំគឺប៉ុណ្ណឹង។ អ៊ីចឹងថ្ងៃស្អែកទើបគេចាប់ពិភាក្សាលើសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ហ្នឹងដើម្បីអនុម័ត»។
កាលពីឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តុលាការនេះក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ម្នាក់ៗរយៈពេល៥ឆ្នាំ។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតសិទ្ធិនយោបាយមន្រ្តីទាំង១១៨នាក់ គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន បានឈ្នះការបោះឆ្នោតជាតិកាលខែកក្កដា ឆ្នាំ២០១៨ ដោយភ្លូកទឹកភ្លូកដី។ ការណ៍នេះធ្វើឲ្យកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិថាកំពុងធ្វើឲ្យខ្ទេចខ្ទីលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលបស្ចិមប្រទេសធំៗមួយចំនួនក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាព និងនយោបាយឡើងវិញ ជាថ្នូរនឹងការមិនដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតលើកម្ពុជា៕