ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រោង​រារាំង​សេចក្តី​ព្រាងច្បាប់​សិទ្ធិ​បោះឆ្នោត​​សហរដ្ឋ​អាមេរិក


លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា (កណ្ដាល) ដើរ​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត ទៅ​កាន់​សន្និសីទសារព័ត៌មាន​មួយ​ដើម្បី​រិះគន់​សេចក្ដីព្រាងច្បាប់​សិទ្ធិបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​វិមាន​សភា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា (កណ្ដាល) ដើរ​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត ទៅ​កាន់​សន្និសីទសារព័ត៌មាន​មួយ​ដើម្បី​រិះគន់​សេចក្ដីព្រាងច្បាប់​សិទ្ធិបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​វិមាន​សភា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិករំពឹង​ថា ​នឹង​រារាំង​មិនឲ្យ​ការ​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​បោះឆ្នោត​ដ៏​សំខាន់​មួយ​ ​បោះ​ជំហាន​ទៅមុខ​ នៅថ្ងៃអង្គារ​នេះ។​

លោក ​Chuck Schumer ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ និង​ជា​មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​ ​គ្រោង​រៀបចំ​ការ​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ហៅ​ថា ​ច្បាប់​ដើម្បី​ប្រជា​ពលរដ្ឋ​ ឬ ​For the People Act ​ ប៉ុន្តែ​ដោយសារ​មាន​សេចក្តី​ត្រូវការ​សំឡេង​ឆ្នោត​៦០​សំឡេង​ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​ដោយសារ​សមាជិក​គណបក្ស​សាធារណ​រដ្ឋក្នុង​ព្រឹទ្ធ​សភា​ដែល​មាន​ចំនួន​ពាក់កណ្តាល​នៃ​សមាជិក​១០០​នាក់​បាន​ប្រឆាំង​វិធាន​ការ​នេះ​ ​ដូច្នេះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវគេ​រំពឹងថា ​នឹង​នៅ​ជាប់​គាំង។​

ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់នេះ​គឺដឹកនាំ​ដោយ​លោក ​Joe Manchin​ សមាជិក​ព្រឹទ្ធ​សភាគណបក្ស​ប្រជា​ធិបតេយ្យ​មកពី​រដ្ឋ West Virginia។ ​ការ​កែសម្រួល​ដែលលោក​បាន​ស្នើ​ឡើង​ រួមមាន​ការ​បន្ថែម​ការ​តម្រូវ​ឲ្យ​អ្នក​បោះឆ្នោតទូទាំង​ប្រទេស​បង្ហាញ​អត្តសញ្ញាណ​បណ្ណនៅពេល​បោះឆ្នោត​ ហើយ​នឹង​លុបចោល​មាត្រា​ ដែល​ចែង​អំពីការ​ធ្វើ​វិភាគទាន​សាធារណៈសម្រាប់​យុទ្ធនាការ​បោះឆ្នោត​ ចេញពី​សេចក្តី​ព្រាង​ច្បាប់​ដើម។​

ការ​ជំរុញ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត​នេះ​កើត​មាន​ឡើង​នៅពេល​សភា​ក្នុង​រដ្ឋ​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​បាន​អនុម័ត​វិធាន​ការ​តឹងរ៉ឹងថ្មី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ដែល​លោកប្រធានាធិបតី ​Donald Trump ​បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ម្តង​ហើយ​ម្តងទៀត​អំពី​ការ​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត។​

សេចក្តី​ព្រាង​ច្បាប់​របស់​ព្រឹទ្ធ​សភា​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​ ដែល​មាន​សំឡេង​ភាគ​ច្រើន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​កាលពី​ខែ​មីនា​នោះ​ ​នឹង​សម្រួល​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត ​ដោយ​តម្រូវ​ឲ្យ​រដ្ឋ​និមួយៗ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ថ្ងៃបោះឆ្នោត​យ៉ាង​ហោច​ណាស់១៥​ថ្ងៃ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​អវត្តមាន​ដោយ​មិន​ចាំបាច់ផ្តល់​មូលហេតុ ​ហើយ​នឹង​ដាក់​ការ​បែងចែកសង្កាត់​បោះឆ្នោត​សភា​នៅ​ក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មការ​ដែល​មិន​គាំទ្រ​គណបក្ស​ណា​មួយ ហើយ​មិនមែន​នៅក្រោម​ការ​គ្រប់គ្រង​របស់​សភា​របស់​រដ្ឋទេ៕

XS
SM
MD
LG