គណៈកម្មាធិការអង្គចៅក្រមព្រឹទ្ធសភាបានពន្យារពេលទៅលើលោកចៅក្រម Neil Gorsuch បេក្ខជនដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានតែងតាំងសម្រាប់តំណែងជាចៅក្រមតុលាការកំពូល ខណៈដែលសមាជិកខាងគណបក្សប្រជាធិបតេយ្យបានបន្តខឹងសម្បាចំពោះការបដិសេធរបស់សមាជិកគណបក្សសាធារណរដ្ឋដែលមិនព្រមពិចារណាទៅលើជម្រើសដែលលោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានតែងតាំងសម្រាប់តំណែងនេះ។
ការតែងតាំងបេក្ខជនថ្មីនេះត្រូវបានធ្វើឡើងក្រោយពីមរណភាពរបស់លោកចៅក្រមតុលាការកំពូល Antonin Scalia កាលពីជាងមួយឆ្នាំមុន។
សមាជិកខាងគណបក្សប្រជាធិបតេយ្យបានប្រើប្រាស់សិទ្ធិរបស់ខ្លួនកាលពីថ្ងៃចន្ទដើម្បីពន្យារពេលមួយសប្តាហ៍ទៅលើការពិភាក្សាដេញដោលរបស់គណៈកម្មាធិការនេះ និងការបោះឆ្នោតទៅបេក្ខភាពលោក Gorsuch ខណៈដែលមានការមិនចុះសម្រុងគ្នាក្នុងគណបក្សទៅលើចៅក្រមសាលាឧទ្ធរណ៍រូបនេះ ហើយឱកាសនៃការប្រឈមមុខដាក់គ្នាដែលអាចធ្វើឲ្យមានការប្រែប្រួលជាលក្ខណៈប្រវត្តិសាស្រ្តទៅលើបទបញ្ញត្តិព្រឹទ្ធសភា ទំនងជាអាចនឹងកើនឡើង៕