លោក Neil Gorsuch ចៅក្រមសហព័ន្ធដែលលោកប្រធានាធិបតី Donald Trump បានស្នើឈ្មោះតែងតាំងជាចៅក្រមតុលាការកំពូលស.រ.អា.ប្រឈមនឹងការសាកសួរនៅថ្ងៃអង្គារនេះពីគណៈកម្មាធិការព្រឹទ្ធសភាពីរដែលមានការខ្វែងគំនិតគ្នានៅក្នុងថ្ងៃទីពីរនៃសវនាការជ្រើសតាំង។
ទំរង់ការនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទដោយមានសេចក្តីថ្លែងការណ៍បើកសវនាការដោយមានរួមបញ្ចូលសេចក្តីថ្លែងការណ៍មួយរបស់លោក Gorsuch ដែលបាននិយាយបង្ហាញច្បាស់លាស់អំពីនិន្នាការអភិរក្សនិយមរបស់លោកដោយលោកបាននិយាយប្រឆាំងនឹងភាពសកម្មជននិយមក្នុងវិស័យតុលាការ។
លោក Gorsuch បាននិយាយថា «គឺសម្រាប់អង្គការនេះ គឺអ្នកតំណាងរបស់ប្រជារាស្ត្រនៅក្នុងសភាដែលតាក់តែងច្បាប់ថ្មីៗ។ ប្រសិនបើពួកចៅក្រមជាពួកសមាជិកសភាសម្ងាត់ ដោយមិនបានប្រកាសអ្វីជាច្បាប់ ក៏ប៉ុន្តែប្រកាសអំពីអ្វី ដែលពួកគេចង់ឱ្យទៅជា ច្បាប់ គំនិតសំខាន់បំផុតនៃរដ្ឋាភិបាលមួយដោយប្រជារាស្ត្រនិងដើម្បីប្រជារាស្ត្រនឹងអាចជួបប្រទះគ្រោះថ្នាក់បាន»។
ក្រុមគណបក្សសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អា.បានសរសើរទស្សនវិទ្យារបស់តុលាការបែបអភិរក្សនិយមរបស់លោក Gorsuch ចំណែកឯក្រុមគណបក្សប្រជាធិបតេយ្យវិញបានបង្ហាញកង្វល់ថាលោកនឹងពង្រឹងអ្វីដែលពួកគេយល់ថាជានិន្នាការលម្អៀងទៅខាងមហាក្រុមហ៊ុនរបស់តុលាការកំពូល។
លោកស្រី Dianne Feinstein សមាជិកាព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ California និងជាសមាជិកាជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការនេះបានមានប្រសាសន៍ថា «ការងាររបស់យើងគឺស្ទង់ប៉ាន់មើលថាតើសេចក្តីសម្រេចរបស់ចៅក្រមនេះដែលបានត្រូវស្នើឈ្មោះសម្រាប់ការតែងតាំងនេះនឹងមានផលប៉ះពាល់បែបណាដល់ប្រជារាស្ត្រអាមេរិកាំងនិងថាតើលោកនឹងការពារដល់សិទ្ធិផ្លូវច្បាប់និងសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ប្រជារាស្ត្រអាមេរិកាំងគ្រប់គ្នា ហើយមិនមែនការពារសិទ្ធិតែរបស់ពួកអ្នកមានធនធានច្រើននិងពួកអ្នកមានអំណាច»៕