ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះឆ្នោត


អង្គ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។
អង្គ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។

សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម រង្ស៊ី​ចំនួន​៤៩​រូប​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​គឺ​ សេចក្តី​ព្រាង​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​នេះ ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ពិភាក្សា​អ្វី​ទាំង​អស់ ​ពោល​គឺ​គណបក្ស​ទាំង​ពីរ​បាន​អាន​សេចក្តី​ព្រាង​ច្បាប់​នេះ​មួយ​ជំពូក​ម្តងៗ​ រួច​ហើយ​បាន​ស្នើ​សុំ​សំឡេងគាំទ្រ​ពីសមាជិក​ព្រឹទ្ធ​សភា​អនុម័ត​ ដោយ​លើក​ដៃ​ដោយ​មិន​មាន​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​ទេ។​

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​មាន​ចំនួន​៧​ជំពូក ​និង​៦៦​មាត្រា។​ ចំណែកសេចក្តី​ព្រាង​សេចក្តី​ស្នើច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មានចំនួន​១២​ជំពូក ​និង​មាន​១៧១​មាត្រា។​

លោក​ឈឹម ផលវរុន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អបអរ​សាទរ​ចំពោះ​សមាជិក​ព្រឹទ្ធ​សភា​ដែល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ។​ លោក​មាន​ប្រសាសន៍​ថា ​ច្បាប់​ទាំង​ពីរ​នេះ​ល្អ​នឹង​គោរព​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ។

លោក​និយាយ​ថា៖​ «នីតិវិធី​ហ្នឹង​ត្រឹម​ត្រូវ​ហើយ។ ​នៅ​អាមេរិក​អញ្ចឹង​ដែរ ​ដោយ​សារ​ច្បាប់នៅ​ក្នុង​សភា​ពេញ​អង្គ​រាប់​អាទិត្យ ​រាប់​ថ្ងៃ​ទេ​ រាប់​នាទី។​ ប្រទេស​ខ្លះ​គេ​ធ្វើ​តែបី​នាទី​ ខ្លះ​ធ្វើ​កន្លះ​ម៉ោង​ហើយ​យើង​ច្រើន​ជាង​គេ​ហើយ»។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ សមាជិករដ្ឋ​សភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ទាំងពីរ​នេះ​ដោយ​មាន​សំឡេង​ឯក​ឆន្ទៈ​ដែល​មន្ត្រី​នៃ​គណបក្ស​ទាំង​ពីរ​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​នា​ពេល​អនាគត​ខាង​មុខ។​

លោក​គុល បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ Comfrel​ នៅ​តែ​ជំទាស់​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ។ ​លោក​ជំរុញ​ឲ្យក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គួរ​តែ​ពិនិត្យ​ច្បាប់​នេះ​ឡើង​វិញ​ មុន​នឹង​សម្រេច​ថ្វាយ​ព្រះ​មហា​ក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​ចុង​ក្រោយ។​

លោក​និយាយ​ថា៖​ ​«ត្រូវ​តែ​ឲ្យក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មើល​មែន​ទែន​ទៅ​លើ​ច្បាប់​ហ្នឹង​ ជាពិសេស​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដក​សិទ្ធិ​ប្រជាពលរដ្ឋក្នុង​ការ​បង្កើត​ជា​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ​សមាគម​ អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​ឲ្យគេចូល​រួម​នៅ​ក្នុង​សកម្មភាព​ជីវភាព​នយោបាយ»។​

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ​និងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ​មាន​ចែង​ពី​ឯករាជ្យ​ភាព​របស់​ គ.ជ.ប. កំណត់​កញ្ចប់​ថវិកានៃ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​នេះ​ដាច់​ដោយ​ឡែក។​សមាជិក​គ.ជ.ប.​មាន​សមាជិក​ចំនួន​៩​រូប​ដូច​មុន​ដែរ​ ប៉ុន្តែ​សមាជិក​ទាំង​នោះ​ត្រូវ​មាន​សញ្ជាតិខ្មែរពី​កំណើត។​ ​ហើយស្ថាប័ន​មួយ​នេះ​ត្រូវ​ដឹក​នាំ​ដោយ​បុគ្គល​ឯករាជ្យ​ដែល​ស្នើ​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

ចំណែក​ឯសេចក្តី​ព្រាងច្បាប់​ផ្សេង​មួយ​ទៀត​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្របាន​បន្ថែម​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​គឺ​បង្កើន​ពី​១២៣​អាសនៈ​ដល់​ទៅ១២៥អាសនៈ។​ ​មាន​ការចែង​អំពី​ការ​បាត់បង់​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ​ធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​និង​មិន​ព្រម​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត​រួច។ ​ក្រៅ​ពី​នោះ ច្បាប់​នេះ​ហាក់​ដូច​ជា​ដាក់​កំហិត​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យប្រកាន់​ជំហរ អព្យាក្រិត្យ​ឥត​លម្អៀង។​ បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​នេះ​អាច​ត្រូវ​ផាក​ពិន័យ​ពី​១០​ទៅ​២០​លាន​រៀល​ ឬ​ស្មើ​នឹង​ពី​២៥០០​ទៅ​៥០០០​ដុល្លារ​អាមេរិក។​

សេចក្តី​ព្រាង​ច្បាប់​ដដែល​បាន​បន្ថយ​ចំនួន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​ចំនួន​២១​ថ្ងៃ​វិញ៕

XS
SM
MD
LG