មនុស្សប្រហែល ១៥០ នាក់ កំពុងចូលរួមនៅក្នុងការស្វែងរកនារីអង់គ្លេសវ័យក្មេងម្នាក់ដែលបានបាត់ខ្លួននៅកោះរ៉ុង ដែលជាកោះប្រជាប្រិយមួយសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនៅថ្ងៃចន្ទនេះ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បាននិយាយថា អ្នកមុជទឹក ប៉ូលិស ទាហានជើងទឹក អ្នកស្ម័គ្រចិត្ត និងភ្ញៀវទេសចរបរទេសនានា កំពុងចូលរួមនៅក្នុងការស្វែងរកនារីជនជាតិអង់គ្លេសអាយុ ២១ ឆ្នាំ ឈ្មោះ Amelia Bambridge។ នាងបានបាត់ខ្លួនតាំងពីយប់ថ្ងៃពុធសប្ដាហ៍មុនមក នៅពេលដែលនាងបានចូលរួមនៅក្នុងពិធីជប់លៀងលើឆ្នេរសមុទ្រមួយកន្លែងនៅកោះរ៉ុង ដែលមានការចូលរួមពីអ្នកទេសចរជនជាតិផ្សេងៗជាច្រើន។
កាបូបរបស់នាងដែលមានទូរស័ព្ទ លុយ និងកាតឥណទាន ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃបន្ទាប់នៅឆ្នេរសមុទ្រក្បែរនោះ ហើយលិខិតឆ្លងដែនរបស់នាងត្រូវបានគេរកឃើញនៅក្នុងបន្ទប់សណ្ឋាគារដែលនាងជួលស្នាក់នៅ។
លោក ជួន ណារិន បានបង្ហាញសុទិដ្ឋិនិយមថា គេប្រហែលជាអាចស្វែងរកឃើញនាង Bambridge នៅរស់រានមានជីវិត។ លោកបានបញ្ជាក់ថា អ្នកទេសចរបរទេសមួយចំនួនកន្លងមកត្រូវបានគេរកឃើញវិញដោយមានសុវត្ថិភាព ក្រោយពីបានបាត់ខ្លួននៅក្នុងតំបន់ព្រៃ។
ឪពុក និងបងប្រុសរបស់នាង Bambridge បានធ្វើដំណើរដល់ប្រទេសកម្ពុជាដើម្បីជួយស្វែងរកនាង។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Press Association របស់អង់គ្លេស។
ក្រុមគ្រួសាររបស់នាងថា នាងបានធ្វើដំណើរទៅទ្វីបអាស៊ីនៅថ្ងៃទី ២៧ ខែកញ្ញា ដែលនៅពេលនោះនាងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។
ប្អូនស្រីរបស់នាងឈ្មោះ Georgie បានប្រាប់ទូរទស្សន៍ Sky News របស់អង់គ្លេសថា នាង Amelia «តែងតែចង់ធ្វើដំណើរ...។ នាងបានចំណាយពេលពីរឆ្នាំចុងក្រោយនេះដើម្បីសន្សំលុយដើម្បីធ្វើដំណើរ និងបានចំណាយពេលមួយឆ្នាំកន្លងមកនេះអានប្លុករបស់អ្នកធ្វើដំណើរផ្សេងៗតាមអ៊ីនធឺណិត»៕