ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​ថា ជំងឺ​កូវីដ១៩ អាច​ឆ្លង​តាម​ខ្យល់


មនុស្ស​ម្នា​ពាក់​ម៉ាស់ជិះ​ក្នុង​រថយន្ដ​ក្រុង​មួយ​គ្រឿង​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ទីក្រុង​ដាកា​ ប្រទេស​បង់ក្លាដែស ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០។
មនុស្ស​ម្នា​ពាក់​ម៉ាស់ជិះ​ក្នុង​រថយន្ដ​ក្រុង​មួយ​គ្រឿង​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ទីក្រុង​ដាកា​ ប្រទេស​បង់ក្លាដែស ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០។

សេចក្ដីរាយការណ៍​មួយ​របស់​កាសែត The New York Times បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយ ក្រុម​ដែល​មាន​គ្នា​ចំនួន ២៣៩ នាក់ មក​ពី​ប្រទេស​ចំនួន ៣២ នឹង​បោះពុម្ពផ្សាយ​លិខិត​ចំហ​មួយ​ច្បាប់​នៅ​ក្នុង​ព្រឹត្តិប័ត្រ​បែប​វិទ្យាសាស្ត្រ​មួយ​ផ្ញើ​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក WHO ក្នុង​សប្ដាហ៍​នេះ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​ចង់​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​កែប្រែ​អនុសាសន៍​របស់​ខ្លួន​អំពី​វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​និយាយ​ថា ជំងឺ​កូវីដ១៩ គឺ​ឆ្លង​តាម​ខ្យល់ ដែល​មាន​ន័យ​ថា ភាគ​ល្អិត​នៃ​វីរុស​កូរ៉ូណា​ថ្មី​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ នេះ អាច​ហើរ​នៅ​ក្នុង​ខ្យល់​ក្នុង​បរិវេណ​បិទ​ជិត និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន នៅ​ពេល​ដែល​គេ​ដកដង្ហើម​ស្រូប​យក​ភាគ​ល្អិត​នោះ​ចូល​ទៅ​ក្នុង​ខ្លួន។

កន្លង​មក អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា វីរុស​កូរ៉ូណា​ថ្មី​នេះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាមរយៈ​តំណក់ទឹក​ពី​ផ្លូវ​ដង្ហើម ពោល​គឺ​តំណក់​ទឹក​ពី​ការ​ក្អក ​ឬ​កណ្ដាស់​របស់​អ្នក​ជំងឺ ប៉ុន្តែ​តំណក់​ទឹក​ទាំង​នោះ​ធ្លាក់​ចេញ​ពី​ខ្យល់​យ៉ាង​ឆាប់​រហ័ស ដោយសារ​តែ​ទំហំ​របស់​វា​ធំ។

កាសែត The New York Times បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​វីរុស​កូរ៉ូណា​ថ្មី​នេះ​អាច​ឆ្លង​តាម​ខ្យល់​មែន​នោះ «នោះ​ការ​គ្រប់គ្រង​ជំងឺ​នេះ​នឹង​ពិបាក​ខ្លាំង»។ វិធានការ​ថ្មី​ក្នុង​ការ​បង្ការ​ជំងឺ​នេះ​រួម​មាន​ដូចជា ការ​ពាក់​ម៉ាស់​ក្នុង​បរិវេណ​បិទ​ជិត បើ​ទោះ​ជា​រក្សា​គម្លាត​ពី​គ្នា​ហើយ​ក៏​ដោយ ហើយ​បុគ្គលិក​ពេទ្យ​ត្រូវ​ពាក់​ម៉ាស់​ប្រភេទ N95 ជា​កំហិត ដើម្បី​ការពារ​កុំ​ឲ្យ​តំណក់​ទឹក​តូច​បំផុត​ពី​ផ្លូវ​ដង្ហើម​អាច​ជ្រៀត​ចូល​បាន នៅ​ពេល​ដែល​ពួកគេ​មើល​ថែ​អ្នក​ជំងឺ​កូវីដ១៩។

លើ​ពី​នេះ​ទៅ​ទៀត គេ​ត្រូវ​កែច្នៃ​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ដើម្បី «កាត់​បន្ថយ​កុំ​ឲ្យ​ខ្យល់​វិល​ចុះ​វិល​ឡើង​បាន»។

កាសែត The New York Times បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ៊ីមែល​ផ្ទៃ​ក្នុង​របស់​អង្គការ​សុខភាព​ពិភពលោក និង​បាន​សម្ភាស​អ្នក​វិទ្យាសាស្ត្រ​ចំនួន ២០ នាក់ ដែល​រួម​មាន​ទាំង​អ្នក​ប្រឹក្សា​មួយ​ចំនួន​របស់​អង្គការ​សុខភាព​ពិភពលោក​ផង​នោះ រូបភាព​ដែល​លេចឡើង​បង្ហាញ​ពី​អង្គការ​សុខភាព​ពិភពលោក​នេះ​គឺ​ថា «ទោះបីជា​មាន​ឆន្ទៈ​ល្អ​ក៏​ដោយ ក៏​អង្គការ​នេះ​មិន​បាន​ចេញ​វិធានការ​ផ្អែក​តាម​វិទ្យាសាស្ត្រ​នោះ​ទេ»។

កាសែត The New York Times បាន​រាយការណ៍​ថា ការ​កើនឡើង​នូវ​ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​បើក​ដំណើរការ​សេដ្ឋកិច្ច​និង​សង្គម​វិញ​នោះ កាន់​តែ​បញ្ជាក់​ថា «អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​បាន​និយាយ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ថា វីរុស​កូរ៉ូណា​ថ្មី​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​នៅ​ជុំវិញ​បាន​តាមរយៈ​ខ្យល់​ក្នុង​បរិវេណ​បិទ​ជិត» នោះ គឺ​ពិត​ប្រាកដ​មែន៕

XS
SM
MD
LG