ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៊ន សំណាង​ និង​សុខ​សំអឿន​មាន​សេរីភាព​ ប៉ុន្តែ​ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់


លោក​ប៊ន សំណាង​ (ឆ្វេង)​និង​លោក​សុខ សំអឿន​ឃាតករ​សិប្បនិម្មិត​ទទួល​ទឹកមន្ត​ក្រោយពី​បាន​ចេញ​ពីពន្ធនាគារ។​
លោក​ប៊ន សំណាង​ (ឆ្វេង)​និង​លោក​សុខ សំអឿន​ឃាតករ​សិប្បនិម្មិត​ទទួល​ទឹកមន្ត​ក្រោយពី​បាន​ចេញ​ពីពន្ធនាគារ។​
រយៈពេល​មួយ​សប្តាហ៍​មក​ហើយ​ក្រោយ​ពី​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​វិញ​លោក​ ប៊ន​ សំណាង​ និង​ លោក​ សុខ​ សំអឿន​ ដែល​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ជាឃាតករ​សិប្បនិម្មិត​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជានោះកំពុង​ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់​មួយ​ដោយ​មិន​ទាន់​មាន​គម្រោង​ថា​នឹង​រៀប​ចំ​ជីវិត​របស់​ខ្លួន​យ៉ាង​ណានៅ​ឡើយ​ទេ។​

លោក​ ប៊ន សំណាង​និង​សុខ សំអឿន​ ត្រូវ​បាន​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន​បាន​សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​បន្ទាប់​ពី​តុលាការ​រកឃើញ​ថា​ពួកគេ​គ្មាន​កំហុស​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​កម្មករ​នៃ​ប្រទេស​កម្ពុជា​ទេ។​

ប៊ន សំណាង​ក្រោយ​ពី​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​បាន​ទៅ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ខណ្ឌ​ទួល​គោក​។ ចំណែក​លោក​សុខ សំអឿន​បាន​ទៅ​រស់​នៅ​ឯស្រុក​កំណើត​នៅ​ក្នុងស្រុក​គីរី​វង្ស​ខេត្ត​តាកែវ។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ដោយ​មិន​បាន​ក្បោះក្បាយ​ដោយ​សារ​តែ​បាន​ធ្លាក់​ខ្លួន​ឈឺ​ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារលោក​ ប៊ន សំណាង​បាន​និយាយ​យ៉ាង​ខ្លីថា​លោក​មិន​ទាន់​មាន​គម្រោង​ថា​នឹង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ផ្តើម​ចេញ​ពី​ចំណុច​ណា​មួយ​នោះ​ទេ។​
ចំណែក​លោក​ សុខ សំអឿន​ពី​ខេត្ត​តាកែវ​លោក​បាន​និយាយ​ប្រាប់​ថា​លោក​ក៏មិនទាន់​មាន​គម្រោង​ណាមួយ​សម្រាប់​ជីវិត​របស់​លោក​ដែរ​ក្រោយ​ពីបាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ។​

លោក​ សុខ​ សំអឿន​បាន​បញ្ជាក់​ថា​មូលហេតុដែល​លោក​មិន​ទាន់​គិត​គូ​ពីការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សារ​តែ​លោក​មិន​ទាន់​បាន​ទទួល​ដីការ​សម្រេច​ឱ្យ​ដោះ​លែង​ពី​តុលាការ​កំពូល​នៅ​ឡើយ។​

លោក​បាន​ដាក់​មន្ទិល​សង្ស័យ​ថា​តើ​រដ្ឋា​ភិបាល​មាន​បំណង​យ៉ាង​ណា​ទៀត​ចំពោះ​រូប​លោក​បាន​ជាមិន​ចេញ​ដីការ​សម្រេច​ឱ្យ​ដោះលែង។​

លោក​និយាយ​ថា៖​ «ខ្ញុំ​អត់​កក់​ក្តៅ​សោះ​ កាលណា​អត់​ទាន់​មាន​អ្វី​ដែល​រៀប​ឱ្យ​យើង​នៅ​ដល់​ដៃ។​ខ្ញុំ​អត់​កក់​ក្តៅ។​អត់​មាន​អ្វីជាសំអាង»។

វាហាក់​ដូច​ជា​មិន​មាន​មូលហេតុ​អ្វី​ធំដុំ​នោះ​ទេ​ក្នុង​ការ​ពន្យា​ពេល​នេះ។

លោក​សុខ សំអឿន​បាន​បន្ថែម​ថា៖ «មូល​ហេតុ​ដែល​ខ្ញុំបាន​ដឹង​គឺ​ថា​គេ​រៀបចំឯក​សារ​មិន​ទាន់​ តែ​ប៉ុណ្ណោះទេ»។​

លោក​ប៊ន សំណាង​និង​លោក​សុខ សំអឿន​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជិត​៦​ឆ្នាំ​ដោយ​គ្មាន​កំហុស​ក្នុង​ករណី​ធ្វើ​ឃាត​លើ​លោក​ជា វិជ្ជា។​

លោក​ ជា វិជ្ជា​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​ដ៏ល្បី​ល្បាញ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤​ក្នុង​ពេល​ដែល​លោក​បាន​អង្គុយ​អាន​កា​សែត​នៅ​តូប​លក់​កាសែត​មួយ​ជិត​វត្ត​លង្កា។​

រយៈ​ពេល​៦​ឆ្នាំ​នៃការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បើទោះបីជា​តុលាការ​រក​ឃើញ​ថា​គ្មាន​កំហុស​ក៏​ដោយ​ក៏​ជនរងគ្រោះ​ជាប់​ឃុំ​ឃាំង​ដោយអយុត្តិធម៌​ទាំង​ពីរ​នៅ​តែ​មិន​ច្បាស់​ក្នុងចិត្តថា​នឹង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ទាម​ទារ​សំណង​ជំងឺចិត្ត​ឬ​មិន​ដាក់​ទេ។​

លោក​ប៊ន សំណាង​និយាយ​ថា៖​ «ជំងឺ​ចិត្ត​ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។ ​ខ្ញុំ​អត់ចង់​និយាយ​រឿង​ហ្នឹង»។ ​

លោក​ ជុំ សុវណ្ណាលី​ មេធាវី​ការពារ​ក្តី​ឱ្យ​ ប៊ន សំណាង​បាន​បញ្ជាក់​ថា​តាម​ផ្លូវ​ច្បាប់​កូន​ក្តី​របស់​លោក​អាច​ទាមទារ​សំណង​ការ​ខូច​ខាត​ជា​សរុប​ដូច​ជា៖ការ​រក​អត់​ឃើញ​កំហុស​ ទាក់​ទិន​នឹង​កេរ្តិ៍​ឈ្មោះ​ កិត្តិយស​ និង​ការ​ជាប់​ឃុំ​កន្លងទៅ​បាន​ប៉ះពាល់​ដល់​សុខភាព​អ្វី​ខ្លះគឺ​ត្រូវ​តែមាន​សំណង។​

លោក​បាន​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ​កូន​ក្តី​របស់​លោក​សុំ​ពេល​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​សិន។​

លោក​និយាយ​ថា៖​ «ខ្ញុំ​សួរ​គាត់​ម្តង​គាត់​មិន​ទាន់​ឆ្លើយ​គាត់​ថា​ចាំ​ពិភាក្សា​ជាមួយ​ម្តាយ​គាត់​ហើយ​នឹង​អង្គការ​លីកាដូ។​អាហ្នឹង​វា​ទាល់​តែ​គាត់​ទាមទារ​ដែរ។​បើសិន​ជា​គាត់​ទាមទារ​អាហ្នឹង​បាន​បាន​ហើយ​បើសិន​ជា​គាត់​បោះ​បង់​ចោល​ឱកាស​ហ្នឹង​ នោះ​គេមិន​ដោះ​ស្រាយ​ឱ្យ​គាត់​ដែរ»។​

យោង​តាម​សេច​ក្តី​សម្រេច​របស់​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន​បាន​បិទ​ផ្លូវ​មិន​ឱ្យ​លោក​ ប៊ន សំណាង​និង​លោក​ សុខ សំអឿន ​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​ទេ​ក្រៅពី​សម្រេច​ទម្លាក់​ចោល​បទចោទ​ពី​បទ​ឃាតកម្ម​លើ​លោក​ជា វិជ្ជា​និង​សម្រេច​ដោះ​លែង​អ្នក​ទាំង​ពីរ​ឱ្យ​មាន​សេរីភាព​វិញ​តែ​ប៉ុណ្ណោះ។​

លោក​ ហុង គឹមសួន​មេធាវី​ការ​ពារ​ក្តី​ឱ្យ​លោក​ សុខ សំអឿន​បាន​បញ្ជាក់​ថា​កូន​ក្តី​របស់​លោក​គួរ​តែ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​តែ​អាស្រ័យ​ទៅ​លើ​ការ​ប្តឹង​របស់​សាម៉ី​ខ្លួន​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG