សមាជិកក្រុមគ្រួសាររបស់លោក Osama Bin Laden អតីតមេដឹកនាំក្រុម al-Qaida បានស្ថិតក្នុងចំណោមមនុស្ស៤នាក់ដែលត្រូវបានសម្លាប់នៅក្នុងការធ្លាក់យន្តហោះឯកជនមួយកាលពីថ្ងៃសុក្រនៅជិតទីក្រុងឡុងដ៍ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរាជទូតប្រទេសអារ៉ាប៊ីសាអូឌីត។
បណ្តាញផ្សាយព័ត៌មានរបស់ប្រទេសអង់គ្លេស និងអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា អ្នកដំណើរ៣នាក់ជាសាច់ញាតិរបស់អតីតមេដឹកនាំ al-Qaida។ អ្នកបើកបរយន្តហោះនោះក៏បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះដែរ។
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅប្រទេសអង់គ្លេសបានប្រើគណនេយ្យ Twitter ផ្លូវការរបស់ស្ថានទូតដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ Bin Laden ដោយគ្មានបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេទេ។
ព្រះអង្គម្ចាស់ Mohammed Bin Nawaf Bin Abdel-Aziz នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្ញើតាម Twitter ដោយស្ថានទូតកាលពីយប់ថ្ងៃសុក្រថា «ស្ថានទូតនឹងតាមដានឧបទ្ទវហេតុនេះ ហើយនឹងធ្វើការទាក់ទងជាមួយក្រុមអាជ្ញាធរអង់គ្លេស ហើយនិងធ្វើការដើម្បីបង្កើនល្បឿនប្រគល់សពរបស់ជនរងគ្រោះទៅឲ្យព្រះរាជាណាចក្រដើម្បីធ្វើបុណ្យ និងបញ្ចុះ»។
ប៉ូលិសបាននិយាយថា យន្តហោះនោះបានធ្លាក់ចូលក្នុងចំណតរថយន្តនៅជិតទីកន្លែងដេញថ្លៃរថយន្ត ហើយបានផ្ទុះចេញអណ្តាតភ្លើងខណៈដែលព្យាយាមចុះនៅចំណតអាកាសយាន្ត Blackbushe នៅចម្ងាយ៦៥គីឡូម៉ែត្រភាគនិរតីទីក្រុងឡុងដ៍។យន្តហោះនោះបានហោះចេញពីចំណតអាកាសយាន Malpensa នៅទីក្រុង Milan។
គ្មានមនុស្សនៅក្រោមដីបានជួបប្រទះគ្រោះថ្នាក់ទេ។ ប៉ូលិស និងសាខាស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះបានចាប់ផ្តើមធ្វើការស៊ើបអង្កេតរួមគ្នា៕