ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតែងតាំង​រាជ​ទាយាទ​ថ្មី​នៅ​អារ៉ាប៊ី​ សាអូឌីត​មិន​បាន​ធ្វើ​ឲ្យ​​អ្នក​សង្កេត​ការ​ក្នុង​តំបន់​ភ្ញាក់ផ្អើល​ទេ


រូបឯកសារ៖ រដ្ឋមន្រ្តី​ការពារជាតិ និង​រាជទាយាទ​អារ៉ាប៊ី សាអូឌីត​ លោក Mohammed bin Salman
រូបឯកសារ៖ រដ្ឋមន្រ្តី​ការពារជាតិ និង​រាជទាយាទ​អារ៉ាប៊ី សាអូឌីត​ លោក Mohammed bin Salman

«ការ​ផ្លាស់​ប្តូរ​ផ្ទៃ​ក្នុង​នា​ពេល​ថ្មីៗ​នេះ​ និង​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ការ​​បរទេស​របស់​អារ៉ាប៊ី សាអូឌីត​ ដែល​មាន​ឥទ្ធិពល​របស់​​ព្រះអង្គ​ម្ចាស់​ មូហាម៉ាត់​ ប៊ីន សាលម៉ាន នៅ​ក្នុង​នោះ។​ ហេតុដូច្នេះ​ហើយ​ ទាក់​ទង​នឹង​គោល​នយោបាយ​ការ​បរទេស​របស់​អារ៉ាប៊ី ​សាអូឌីត​ ខ្ញុំ​មិន​រំពឹង​ថា​ មាន​ការ​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ​ណាមួយ​នោះ​ទេ»។​

ការ​តែង​តាំង​បុត្រា​របស់​ព្រះ​មហា​ក្សត្រ​សាលម៉ាន (Salman) ​នៃ​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​គឺ​ព្រះ​អង្គ​ម្ចាស់​មូហាម៉ាត់​ ប៊ីន សាលម៉ាន (Mohammed bin Salman) ជា​រាជ​ទាយាទ​ថ្មី​ ជំនួស​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះ​អង្គ​ ព្រះ​នាម​ មូហាម៉ាត់​ ប៊ីន ណាយេហ្វ (Mohammed bin Nayef) គឺ​ជា​ពាក្យ​ចចាមអារ៉ាម​ជា​យូរ​មក​ហើយ។ ប៉ុន្តែ​ពេល​វេលា​ដែល​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ធំ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល​នេះ អាច​បណ្ដាល​មក​ពី​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ រួម​មាន​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន​ ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​ ហើយ​និង​វិបត្តិ​ជាមួយ​ប្រទេស​កាតា​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ជំនាន់​ថ្មី​ រាជ​ទាយាទ​ថ្មី​អង្គ​នេះ​ ហាក់​ដូច​ជា​មាន​ទស្សនៈ​គ្រប់​គ្រងលើ​រាជាណាចក្រ​នេះ​ តាម​បែប​ទំនើប​ទាន់​សម័យ​ច្រើន​ជាង​មុន ឬ​មាន​លក្ខណៈ​ប្រពៃណី​តិច​ជាង​មុន។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ បាន​បង្ហាញ​អំពី​រាជទាយាទ​តែង​តាំង​ថ្មី​ ព្រះ​អង្គ​ម្ចាស់​ មូហាម៉ាត់​ ប៊ីន សាលម៉ាន ទទួល​សច្ចា​ប្រណិធាន​បង្ហាញ​ភក្តី​ភាព​ពីសំណាក់​ម្ចាស់​បង​ជីដូន​មួយ​របស់​ព្រះ​អង្គ ព្រះ​នាម​ មូហាម៉ាត់​ ប៊ីន ណាយេហ្វ កាលពី​ថ្ងៃ​ទី២០​ ខែ​មិថុនា​កន្លង​ទៅ​នេះ។ ពិធី​ស្បថ​សច្ចា​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​បែប​សង្គម​កុលសម្ព័ន្ធ​ជា​លក្ខណៈ​ប្រពៃណី​គំរូ​មួយ​ នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ សាហ្វា​(Safa) ក្នុង​ទីក្រុង​មេកា។

រាជ​ទាយាទ​ថ្មី​ ដែល​មាន​អំណាច​ខ្លាំង​រួច​ទៅ​ហើយ​ គឺ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ និង​ជា​មនុស្ស​ជំនិត​ដៃ​ស្ដាំ​របស់​ព្រះ​បិតា​របស់​ព្រះ​អង្គ។​ ព្រះ​អង្គ​ម្ចាស់​ មូហាម៉ាត់​ ប៊ីន សាលម៉ាន​ក៏​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​គោល​នយោបាយ​សេដ្ឋកិច្ច​ផង​ដែរ​ ហើយ​ថែម​ទាំង​បាន​បើក​សម្ពោធ​គម្រោង​ដ៏​ធំ​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដែល​ហៅ​ថា​ ទស្សនៈវិស័យ​ «Horizon 2030» ដើម្បី​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​របស់​ប្រទេស។ ព្រះអង្គ​ម្ចាស់​រាជទាយាទ​ ក៏​មាន​ចំណែក​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​នាវា​ដឹក​ប្រេង ​Aramco ដ៏​ធំ​ប្រចាំ​ប្រទេស​ផង​ដែរ។

ប៉ុន្តែ​ ប្រហែល​កិច្ចការ​ដែល​គួរ​កត់​សម្គាល់​បំផុត​របស់​ព្រះ​អង្គ​មូហាម៉ាត់​ ប៊ីន សាលម៉ាន​ គឺ​ជា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត​ នៅ​ក្នុង​សង្រ្គាម​នៅ​ប្រទេស​យេម៉ែន។ រាជ​រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ី សាអូឌីត ប៉ុនប៉ង​ចង់​បណ្តាញ​ពួក​កង​ជីវពល​ Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ចេញ​ពី​រាជ​ធានី​ Sana'a ប្រទេស​ Yemenនិង​ដើម្បី​ជួយ​ដល់​ប្រធានាធិបតី​ Abd-Rabbu Mansour Hadi ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ឲ្យ​កាន់​តំណែង​ឡើង​វិញ។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ បាន​បញ្ជាក់​ថា ​មាន​ការ​ចំណាយ​ច្រើន​បំផុត​ និង​បណ្ដាល​ឲ្យ​មាន​ការប្រយុទ្ធ​វាយ​បកកើត​មាន​ឡើង។

លោក​ Riad Kahwaji ជា​ប្រធាន​វិទ្យាស្ថាន​វិភាគ​ទៅលើ​ផ្នែកយោធា​នៅ​ក្នុង​តំបន់​អាស៊ី​ខាងលិច​និង​តំបន់​ឈូង​សមុទ្រ​ (​Institute for Near East and Gulf Military Analysis) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ឌុយបៃ បាន​បា្រប់​ VOA ​ថា ​អ្នក​សង្កេត​ការណ៍​នៅ​តំបន់​ឈូង​សមុទ្រ​ប្រទេស​នេះ​ កំពុង​រំពឹង​ទុក​ថាព្រះអង្គ មូហាម៉ាត់​ ប៊ីន សាលម៉ាន​នឹង​បន្ត​ធ្វើ​តាម​គោលដៅ​មួយ​ភាគ​ធំ​នៃគោល​នយោបាយ​បរទេសរបស់​ប្រទេស​អារ៉ាប៊ី សាអូឌីត ​ដែល​ព្រះ​អង្គ​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បន្ត​គោល​នយោបាយ​ទាំង​នោះ។

«ការ​ផ្លាស់​ប្តូរ​ផ្ទៃ​ក្នុង​នា​ពេល​ថ្មីៗ​នេះ​ និង​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ការបរទេស​របស់​អារ៉ាប៊ី សាអូឌីត​ ដែល​មាន​ឥទ្ធិពល​របស់ព្រះអង្គ​ម្ចាស់​ មូហាម៉ាត់​ ប៊ីន សាលម៉ាន នៅ​ក្នុង​នោះ។​ ហេតុដូច្នេះ​ហើយ​ ទាក់​ទង​នឹង​គោល​នយោបាយ​ការ​បរទេស​របស់​អារ៉ាប៊ី ​សាអូឌីត​ ខ្ញុំ​មិន​រំពឹង​ថា​ មាន​ការ​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ​ណាមួយ​នោះ​ទេ»។​

លោក​បាន​បញ្ជាក់​ថា ​អ្នក​វិភាគ​នៅ​តំបន់​ឈូង​សមុទ្រ​នេះ​ជឿ​ថា ​ប្រទេស​អារ៉ាប៊ី​ សាអូ​ឌីត​ នឹង​«បន្ត​ឈរ​លើ​ជំហរ​មុត​មាំ​ចំពោះ​ឥរិយាបថ​ខ្លាំងក្លា​របស់​អ៊ីរ៉ង់​ នៅ​ក្នុង​តំបន់ ជា​ពិសេស​ នៅ​ក្នុង​ការ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្សេងៗ​នៅ​តំបន់​អារ៉ាប់...ដូចជា​នៅ​ក្នុង​ប្រទេស​យេម៉ែន​ ស៊ីរី​ អ៊ីរ៉ាក់​ និង​កន្លែង​ផ្សេងៗទៀត»។
លោក​ Hilal Khashan ជា​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សកល​វិទ្យាល័យ​ American University of Beirut ។ លោក​បាន​ហៅ​ការ​តែង​តាំង​របស់​ព្រះអង្គ​មូហាម៉ាត់​ ប៊ីន​ សាលម៉ាន​ ជា​រាជទាយាទ​ថា​ជា ​«ការ​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​រាជ​វាំង» ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​នេះ​មិន​ត្រឹម​តែ​បន្ត​គោល​នយោបាយ​ដដែល​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​បង្កើន​ឥទ្ធិពល​នៃ​គោលនយោបាយ​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត​នៅ​ក្នុង​តំបន់​ថែម​ទៀត​ផង»។​ លោក​ Khashan បាន​លើកឡើង​ថា​ ការ​ដក​តំណែង​របស់​ «​ព្រះអង្គ​មូហាម៉ាត់​ ប៊ីន​ ណាយេហ្វ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ជា​យូរ​មក​ហើយ» ប៉ុន្តែ​ ការ​ដែល​ការ​ដក​តំណែង​នេះ​កើត​ឡើង​ឆាប់​រហ័ស​នោះ​ អាច​បណ្តាល​មក​ពី​ភាព​តានតឹង​នានា​នៅ​ក្នុង​តំបន់។

«យើង​បាន​រំពឹង​ពី​ការបណ្តេញ​លោក​មូហាម៉ាត់​ ប៊ីន​ ណាយេហ្វ​ ចេញ​ពី​តំណែង​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ​ បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៅ​រដ្ឋបាល​ប្រទេស ​អារ៉ាប៊ី​ សាអូឌីត។ ប៉ុន្តែ​ការណ៍​ដែល អន្តរកាល​នេះ​កើត​ឡើង​ជា​ផ្លូវការ​នៅ​ពេល​នេះ​ មាន​ន័យ​ថា​ អារ៉ាប៊ី​ សាអូឌីត​ កំពុង​ប្រឈម​នឹង​ស្ថានភាពដ៏​លំបាក​នៅ​ក្នុង​តំបន់​ ហើយ​វិបត្តិ​ជាមួយ​ប្រទេស​កាតា​មាន​ការ​ទាមទារ​ខ្ពស់ ហើយ​ក៏​មាន​ការ​លំបាក​ខ្លាំង​ និង​មិន​ងាយ​ជម្នះ​នោះ​ទេ»។

លោក​ Khashan បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ថា​ ព្រះ​មហា​ក្សត្រ​ សាលម៉ាន​ ដែល​បាន​គ្រង​រាជ​ចាប់​តាំង​ពី​ព្រះ​រាម​ដែល​មាន​មាតា​ទីទៃ​របស់​ទ្រង់​ គឺ​មហា​ក្សត្រ​ អាប់ឌុលឡា​ បាន​សោយ​ទី​វង្គត​ទៅ​នៅ​ដើម​ឆ្នាំ​២០១៥​នោះ​ ក្នុង​ជន្មា​យុ​ ៨២​ព្រះ​វស្សា ក្នុង​ពេល​ដែល​ទ្រង់​មាន​សុខភាព​អន់ខ្សោយ​ខ្លាំង។ លោក​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​ ព្រះ​រាជ​សុខភាព​របស់​មហាក្សត្រ​សាល​ម៉ាន​ នឹង​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ហើយ​មិន​យូរ​ប៉ុន្មាន​នោះ​ទេ​ នឹង​ត្រូវ​មាន​ការ​ផ្ទេរ​អំណាច»។

ស្ដេច​ Abdel Aziz al-Saud ដែល​ជា​អ្នក​បង្កើត​រាជវង្ស​សាអូឌីត​ បាន​មាន​ព្រះ​បន្ទូល​មុន​ពេល​សោយ​ទីវង្គត​ថា​ អ្នក​ស្នង​រាជ​របស់​ព្រះ​អង្គ គួរតែ​ជា​អ្នក​កើត​ចេញ​ពី​ខ្សែ​ស្រឡាយ​ដោយ​ផ្ទាល់​របស់​ទ្រង់​ ឬ​ព្រះរាជ​បុត្រា។​ ស្ដេច​ សាលម៉ាន​ ដែល​ជា​បុត្រា​នៅ​រស់​ចុង​ក្រោយ​ក្នុង​ចំណោម​បុត្រា​ទាំង​អស់​របស់​ស្ដេច​ Abdel Aziz al-Saud ពេល​នេះ​ បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ ដោយ​អនុម័ត​លើ​ច្បាប់​ «​ក្រុម​ប្រឹក្សា​ជ្រើស​រើស​អ្នក​ស្នង​រាជ្យ»​ ដែល​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦​ ដើម្បី​ប្រគល់​អំណាច​ទៅ​ឲ្យ​អ្នក​ជំនាន់​ថ្មី​ជា​ចៅ​របស់​ព្រះមហាក្សត្រ Abdel Aziz។

សង្គម​វិទូ​ល្បី​ឈ្មោះ​មួយ​រូប​របស់​អេហ្ស៊ីប​ លោក​ Said Sadek បាន​ប្រាប់​ VOA ថា ​ស្ដេច​ សាលម៉ាន​ អាច​មាន​ការ​បារម្ភ​ខ្លាច​«ទ្រង់​សោយ​ទីវង្គត​ទៅ​ភ្លាម» ហើយ​បង្ក​ឲ្យ​មាន​«ការ​ដណ្តើម​អំណាច»។​ លោក​មាន​មន្ទិល​ថា​ មហា​ក្សត្រ​អាច​បារម្ភ​ពី​ការ​ទំនាក់​ទំនង​របស់​អតីត​រាជទាយាទ​ព្រះ​អង្គ​ម្ចាស់ ​មូហាម៉ាត់​ ប៊ីន​ ណាយេហ្វ ជាមួយ​នឹង​ប្រទេស​កាតា។

«ខ្ញុំ​គិត​ថា ​ព្រះ​មហា​ក្សត្រ​ទ្រង់​ចង់​ពន្លឿន​ការ​រៀបចំ​នេះ​ ដោយសារ​តែ​មូល​ហេតុ​ជា​ច្រើន។ ​ខ្ញុំ​យល់​ថា​ហេតុផល​មួយ​ គឺ​ដោយសារ​អតីត​រាជទាយាទ​ណាយេហ្វ​ ជិតស្និទ្ធ​ជាមួយ​កាតា​ ហើយ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ចំពោះ​ការ​ឡោម​ព័ទ្ធកាតា​ពី​សំណាក់​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ និង​សម្ព័ន្ធ​មិត្ត​នៅ​ឈូង​សមុទ្រ ហើយ​ប្រហែលជា​ប្រទេស​កាតា​ ជួយ​ជ្រោមជ្រែង​ទ្រង់ ជាជាង​បុត្រា​បង្កើត​របស់​ទ្រង់​ មូហាម៉ាត់ ប៊ីន​ សាលម៉ាន»។

លោក​បាន​ថ្លែង​ទៀត​ថា​ វា​មាន​សារៈសំខាន់​ដែល​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រាជទាយាទ​ថ្មី​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ ខណៈ​ពេល​ដែល​ស្ដេច​សាលម៉ាន​នៅ​កាន់​អំណាច។​ លោក​បន្ថែម​ថា​ «ប្រសិន​បើ​អ្នក​រង់​ចាំ​ ហើយ​មាន​អ្វី​ប្រែប្រួល​ នោះ​វា​នឹង​មិន​ងាយ​ស្រួល​ក្នុង​ការ​ធានា​ឬ​ការ​រៀបចំ​ចាត់​ចែង​នៅ​ក្នុង​តំបន់​ និង​ក្នុង​ប្រទេស​នោះ​ទេ ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​ដណ្តើម​អំណាច​ផង​ដែរ»៕​

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG