ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ី សាអូឌីតបានមានព្រះរាជបន្ទូលនៅក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌាថា ភេរវកម្មជាការព្រួយកង្វល់រួមហើយប្រទេសរបស់ព្រះអង្គនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌានៅក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងលទ្ធិជ្រុលនិយម។
ក្នុងដំណើរយាងទស្សនកិច្ចទៅកាន់រដ្ឋធានីញូដេលី ព្រះអង្គម្ចាស់ Salman បានមានព្រះរាជបន្ទូលកាលពីថ្ងៃពុធថា មានឱកាសយ៉ាងខ្លាំងសម្រាប់ការវិនិយោគទុនដែលមានទឹកប្រាក់ចំនួន១រយពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា។
ដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់រដ្ឋធានីញូដេលី ជួនគ្នាជាមួយនឹងការតានតឹងកំពុងកើនឡើងរវាងឥណ្ឌា និងប៉ាគីស្ថានបន្ទាប់ពីការវាយប្រហារភេរវកម្មដែលបានសម្លាប់ទាហានប្រតិព័ទ្ធចំនួន៤០នាក់នៅក្នុងតំបន់ Kashmir ដែលត្រួតត្រាដោយឥណ្ឌា។
ជំនួបរបស់ព្រះអង្គម្ចាស់ Salman ជាមួយពួកមេដឹកនាំឥណ្ឌា បានកើតមានឡើង២ថ្ងៃ បន្ទាប់ពីព្រះអង្គបានទៅបំពេញទស្សនកិច្ចប្រទេសប៉ាគីស្ថាន។ ព្រះអង្គ មិនបាននិយាយរំឭកពីការវាយប្រហារទៅលើទាហានឥណ្ឌា ក៏ប៉ុន្តែ នៅឯការបង្ហាញខ្លួននៅសន្និសីទកាសែតរួមគ្នាមួយជាមួយលោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា ព្រះអង្គបានរាជបន្ទូលថា «យើងបញ្ជាក់ឡើងវិញដល់ឥណ្ឌាថា យើងប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីធ្វើការបែងចែកការស៊ើបការណ៍សម្ងាត់និងវិស័យនយោបាយដើម្បីសម្របសម្រួលការខំប្រឹងប្រែងរបស់យើងលើបញ្ហាភេរវកម្ម»។
ដោយនិយាយសំដៅដល់ការវាយប្រហារដ៏ព្រៃផ្សៃកាលពីពេលថ្មីៗនេះនៅក្នុងតំបន់ Kashmir លោកនាយករដ្ឋមន្រ្តីឥណ្ឌា Modi បានមានប្រសាសន៍ថា ប្រទេសទាំង២បានព្រមព្រៀងគ្នាថា ការណ៍នេះមានសារៈសំខាន់បំផុតដើម្បីបង្កើនការដាក់គំនាបទាំងអស់លើប្រទេសដែលគាំទ្រភេរវកម្មក្នុងទម្រង់បែបបទណាក៏ដោយ»៕