ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ី​សាអូឌីត​ឃុំ​ខ្លួន​មនុស្ស​២០៨​នាក់​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​ធំ


រូប​ព្រះ​អង្គម្ចាស់​ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​មាន​សរសេរ​ឃ្លា​នៅ​ពីក្រោម​ថា «ព្រះ​ការពារអ្នក​»​ដែល​គេ​ដាក់​នៅលើ​មហាវិថី​មួយ​​នៅ​ទីក្រុង Tripoli ប្រទេស​លីបង់ កាល​ពីថ្ងៃទី​៩ ខែ​វិច្ឆិកា។
រូប​ព្រះ​អង្គម្ចាស់​ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​មាន​សរសេរ​ឃ្លា​នៅ​ពីក្រោម​ថា «ព្រះ​ការពារអ្នក​»​ដែល​គេ​ដាក់​នៅលើ​មហាវិថី​មួយ​​នៅ​ទីក្រុង Tripoli ប្រទេស​លីបង់ កាល​ពីថ្ងៃទី​៩ ខែ​វិច្ឆិកា។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​បញ្ជា​ក់ថា​ ប្រទេស​លោក​បាន​ឃាត់​ខ្លួន​មនុស្ស​២០៨​នាក់​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ទូលំទូលាយ​មួយ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​បាន​ស្ទង់​ប្រមាណ​ថា​ប្រាក់​ជាង​១០០​ពាន់​លាន​ដុល្លារ​បាន​ត្រូវ​គៃ​បន្លំ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក Saud al-Mojeb បាន​និយាយ​ថា ​មនុស្ស​៧​នាក់​ដែលបាន​ឃាត់​ខ្លួនត្រូវ​បាន​ដោះ​លែង​ហើយ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​អ្វី​ទេ ក៏​ប៉ុន្តែ​មនុស្ស​២០១​នាក់​ទៀត​នៅ​តែ​ជាប់​ឃុំ​ឃាំង​នៅ​ឡើយ។ រដ្ឋាភិបាល​ក៏​បាន​បង្កកគណ​នេយ្យ​ធនាគារ​ប្រមាណ​១៧០០​ផង​ដែរ។

លោករដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Rex Tillerson ​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​និយាយ​ជាមួយ​លោក ​Adel al-Jubeir រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ កាលពី​ថ្ងៃ​អង្គារ។ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេរិកាំង​បាន​និយាយ​ថា៖ «តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ថា ​អាជ្ញាធរ​អារ៉ាប៊ី​សាអូឌីត ​ចាត់ទុក​ការ​ឃាត់​ខ្លួន​ជន​ទាំង​នេះ​ថា​ មិន​មែន​ជា​ការ​ឃុំឃាំង​ទេ ក៏​ប៉ុន្តែ​ពួក​គេ​បង្ហាញ​ដល់​ពួក​ជន​ទាំង​នេះ​នូវ​ភ័ស្តុតាង​អំពី​អ្វី​ដែល​អាជ្ញាធរ​យល់​ថា​ ជា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ដើម្បី​ឱ្យ​ឃើញ​ថា​ តើ​ពួក​ជន​ទាំង​នេះ​មាន​បំណង​ចង់​ធ្វើ​ឱ្យ​ត្រឹម​ត្រូវ​ឬ​ទេ»។

ពួក​អ្នក​រិះ​គន់​រដ្ឋាភិបាល​ប្រទេស​នេះ​និយាយ​ថា​ ការ​ស៊ើប​អង្កេត​នេះ​មាន​គោល​ដៅ​បង្ក្រាប​ពួក​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ និង​ដើម្បី​ផាត់​ចោល​ពួក​គូ​ប្រជែង​នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ Mohammad bin Salman ព្រះ​ជន្ម​៣២​វស្សា​ដឹក​នាំ​គណៈ​កម្មការ​ប្រឆាំង​នឹង​អំពើពុក​រលួយ​ដែល​ត្រូវ​បានបង្កើត​កាល​ពី​ពេល​ថ្មីៗ​នេះ៕

XS
SM
MD
LG