ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង ច្រានចោល​ការ​អះអាង​របស់​លោក​សម រង្ស៊ី អំពី​ការ​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងអំឡុងពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងអំឡុងពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)

បន្ទាប់ពីការ​ធ្វើយុទ្ធនាការ​តាមបណ្តាញ​សង្គម​អំពីយុទ្ធសាស្ត្រផ្ការីក​ ដែលបានរំលេច​ពីការ​បែក​បាក់​នៅក្នុងជួរ​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក សម រង្ស៊ី អ្នកនាំពាក្យលោក ស ខេង ​បាន​ប្រតិកម្មទាត់ចោល​ការ​លើកឡើងនោះ​ ហើយ​បរិហារ​លោក ​សម រង្ស៊ី​ ថាជាអ្នកនយោបាយ​ដែល​បរាជ័យ​ និង​តែង​តែ​ចញ្ចឹម​ចិត្ត​ដណ្តើម​អំណាច​តាម​រយៈ​ការ​ធ្វើបដិវត្តន៍​។

មេដឹក​នាំ​នយោបាយ​ជំទាស់​លោក ​សម រង្ស៊ី​ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៥​ គឺ​ពីរ​ឆ្នាំ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បានបន្តប្រើប្រាស់បណ្តាញសង្គម​វាយ​ប្រហារ​មកលើ​របប​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា។ ហើយចុងក្រោយនេះ​ លោកបាន​ប្រើវោហារ​ស័ព្ទ​បំបែក​គណបក្ស​ប្រជាជន​កម្ពុជា ដោយលើកឡើងពីការមិនពេញ​ចិត្ត​របស់​ឥស្សរជន​មួយ​ចំនួន​របស់គណបក្ស​កាន់អំណាច​នឹង​របប​គ្រួសារនិយម​បង្កើត​ឡើង​ដោយ​លោក​ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភាជាតិ​។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានមួយ​ចុះថ្ងៃ​ទី ២៣​ ខែធ្នូ ឆ្នាំ​ ២០២៤ អ្នកនាំពាក្យលោកស ខេង បាន​ថ្លែងបដិសេធ​និង​ថោ្កលទោស​យ៉ាងធ្ងន់ធ្ងរបំផុត​ចំពោះ​បណ្តាញសង្គម​ឈ្មោះ​ Sam Rainsy និង​បក្ខពួក​ដែល​បាន​ទាញ​ក្រុមគ្រួសាររបស់​លោក ស ខេង ភ្ជាប់ទៅនឹង​នយោបាយទុច្ចរិត​របស់​ខ្លួន​ម្តងហើយ​ម្តង​ទៀត។

សេចក្តី​ប្រកាស​បាន​សរសេរ​ថា៖​ «អ្នកនាំពាក្យ​ចាត់​ទុកថា​ ក្រុម​អ្នក​នយោបាយ​និរទេស​ខ្លួន​នៅ​ឯបរទេស​ដែល​គេច​វេស​ពីការ​អនុវត្ត​ទោស​ក្នុង​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​នានា​នោះ​ គឺ​ជា «អ្នក​នយោបាយ​បរាមុខ​ ដែល​បើ​ទោះបី​ជាធ្វើ​នយោបាយ​រាប់​សិប​ឆ្នាំ​ហ្នឹង​គេដែរប៉ុន្តែ​នៅតែបន្ត​ប្រើ​កល​វិធី​ស្មោកគ្រោក​ច្រំដែល​ ដោយ​ជញ្ជ្រំ​ផលិត​ ផ្សព្វផ្សាយ​សារ​ បំពាន​បំភ្លៃ​ បំភាន់​មួល​បង្កាច់​ ក្លែង​បន្លំ​ ញុះញង់​ បំបែក​បំបាក់​សាមគ្គី​ផ្ទៃ​ក្នុង​ ដើម្បី​តែ​គោល​ដៅ​ដ៏ខ្មៅ​ងងឹត​មួយ​គត់​ គឺ​សម្រេច​មហិច្ឆតា​ដណ្តើម​អំណាច​ក្នុង​ទម្រង់​ទាញ​ទម្លាក់​ប្រជាជន​ និង​កម្ពុជា​ទាំងមូល​ឲ្យចូល​ក្នុង​ភ្នក់​ភ្លើង​វិនាសកម្ម​ម្តងទៀត​» តាមរបៀប «​បដិវត្តន៍ពណ៌» ដែល​ទីបំផុត​មិន​ដែល​ឈ្នះ​សូម្បី​ប៉ុនសរសៃ​សក់»។

បើ​តាម​សេចក្តីប្រកាសដដែល​ លោក ស ខេង​ តែងតែផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជាជនកម្ពុជា «ដើម្បីទប់​ទល់​នឹង​ភាពមិន​ប្រាកដប្រជា​របស់​ពិភពលោក​ រក្សា​ការពារ​សន្តិ​ភាព និងលំនឹង​សេដ្ឋកិច្ច​ ពោល​គឺ​ធ្វើ​យ៉ាងណា​ផ្តល់​ភាពកក់​ក្តៅជូន​ប្រជាពលរដ្ឋ​» ក្រោម​ការ​ដឹកនាំ​របស់​ប្រធានគណបក្សប្រជាជនកម្ពុជា​លោកហ៊ុ ន សែន និង​របស់​រាជរដ្ឋាភិបាលបន្តវេន​ដែល​មាន​លោក​ហ៊ុ ន ម៉ាណែត​ ជា​នាយករដ្ឋមន្ត្រី​។​

អ្នកនាំពាក្យលោក​ ស ខេង​ បាន​អំពាវនាវឲ្យ​សាធារជន​ទាំងក្នុងនិងក្រៅប្រទេស «កុំជឿតាម​សារ​របស់​ក្រុម​ឧក្រិដ្ឋ​កម្ម​នយោបាយ​ ដែលមាន​ចរិត​បំពាន​ជាន់​ឈ្លី​ច្បាប់​ គោលការណ៍​ប្រជាធិប​តេយ្យ​ សន្តិភាព ការអភិវឌ្ឍ និង​ប្រក្រតីភាព​នៃ​សេចក្តីសុខរបស់​ប្រជាពលរដ្ឋ​ខ្មែរ»​។

វីអូអេ​បាន​ព្យាយាម​សុំការ​អត្ថាធិប្បាយពីលោក ​សម រង្ស៊ី​ អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ​តាម​សារ​អ៊ីមែល​ តែគ្មានការ​ឆ្លើយតប។ វីអូអេក៏មិនទាន់​អាច​ទាក់​ទង​សុំការអត្ថាធិប្បាយ​ពីអ្នកនាំពាក្យ​របស់​លោក ​ស ខេង ​បានផងដែរ។

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ ​លោក ស ខេង ដើរអមជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អំឡុងសម័យ​ប្រជុំរដ្ឋ​សភានីតិ​កាល​ទី ៧ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣។
រូបឯកសារ៖ ​លោក ស ខេង ដើរអមជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អំឡុងសម័យ​ប្រជុំរដ្ឋ​សភានីតិ​កាល​ទី ៧ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣។

គិត​ចាប់តាំងពីការ​ចាក​ចេញពីប្រទេស​កម្ពុជា​កាលពីឆ្នាំ ​២០១៥ លោក​ សម រង្ស៊ី​បានប្រឈម​មុខ​នឹង​ការ​ផ្តន្ទា​ទោស​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី។ ​លោក​និង​សហការី​របស់​លោក​ជា​ច្រើន​នាក់​ទៀត ​ក៏​បាន​រង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន ​ពាក់​ព័ន្ធ​នឹង​ការរៀបចំ​ផែន​ការ​ត្រឡប់​មក​កម្ពុជាវិញដែល​មិន​ជោគជ័យ​កាល ពីឆ្នាំ​ ២០១៩​។ មេដឹកនាំ​នយោបាយ​ជំទាស់រូបនេះ​ ក៏បាន​រង​ការ​ចោទប្រកាន់​ចំពោះការ​ប្រមាថព្រះ​មហាក្សត្រ​ខ្មែរ​ផងដែរ។

ខណៈកំពុងរស់​នៅ​ក្រៅប្រទេស លោក សម រង្ស៊ី បាន​ផ្តួចផ្តើម​ឲ្យមាន​ចលនា​នយោបាយ​ជាច្រើន​ដើម្បី​តស៊ូ​ជាមួយ​នឹង​រដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចុងក្រោយនេះ លោកបាន​លើកឡើង​ពី​«យុទ្ធសាស្ត្រ​ផ្ការីក» ដោយ​ក្នុងនោះ​ លោក​រំលេច​ឈ្មោះ​ឥស្សរជន​សំខាន់​ៗមួយចំនួនរបស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​អាច​ក្រោក​ឈរ​ប្រឆាំង​នឹង​ក្រុមគ្រួសារ​របស់​លោកហ៊ុន សែន។

ឥស្សរជន​ទាំង​នោះរួមមាន​ លោក​ ស ខេង អតីតរដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ ​លោក សាយ ឈុំ​ អតីតប្រធានព្រឹទ្ធសភា លោក​ ទៀ​ បាញ់​ អតីតរដ្ឋមន្ត្រីការពារ​ជាតិ​ និង​អតីតមេទ័ព​មួយចំនួន​ទៀត​ដូច​ជា​លោក ​ប៉ុល សារឿន លោក​ មាស សុភា លោក កែ គឹមយ៉ាន ហើយ​និង​លោក គន់​ គីម។

ក្នុងបទសម្ភាសន៍​មួយ​ជាមួយវិទ្យអាស៊ីសេរី​លោក សម រង្ស៊ី បាន​អះអាង​ថា មេដឹកនាំយោធា​ដែលមាន​ឋានៈឧត្តម​សេនីយ៍មួយចំនួន​មិនពេញ​ចិត្តនឹង​របៀបរបបនៃ​ការ​ចាត់ចែង​អំណាច​របស់​លោក ហ៊ុន​ សែន​។ ដូច្នេះ​លោក​មាន​សុទិដ្ឋិនិយម​ថា​ យុទ្ធសា​ស្ត្រ​ផ្ការីក​របស់លោក​នឹង​ដំណើរការ​នៅពេល​អំណោយផល​មួយ។

លោក សម រង្ស៊ី ថ្លែងថា៖​ «​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ឧត្តម​សេនីយ៍​ដែល​គេ​មាន​បទ​ពិសោធន៍ ដែល​គេ​មាន​ជំនាញ​ គឺ ​ហ៊ុន សែន ​ផាត់​ចោល​ ទាត់​ចោល​ច្រើន​ណាស់។ អ៊ីចឹង​ហើយ​បាន ​ហ៊ុន សែន ​ដែល​គួរ​ឲ្យ​សង្ស័យ​ ហ៊ុន សែន​ សង្ស័យ​គឺ​សង្ស័យ​អ្នក​នៅ​ជុំវិញ​គាត់​ទេ​។ ហើយ​បើ​គាត់​ធ្វើ​ច្បាប់​ គាត់​ថា ប្រឆាំង​ភេរវករ ភេរវកម្ម​ គឺ​មែន​ទែន​ គាត់​សម្លុត​គ្នា​គាត់​ទេ​។ គាត់​ធ្វើ​អី​ខ្ញុំ​ អត់​កើត​ទេ ពី​ព្រោះ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ដែល​ចេញ​មុខ តែច្បាប់​នេះ​ គឺ​គាត់​សំដៅ​ទៅមន្ត្រី​ ទៅមេទ័ព ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ​លោក ​ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេថា​ ទោះបី​មន្ត្រីរបស់​គណបក្ស​កាន់​អំណាច​បង្ហាញ​ភាព«ល្អូកល្អឺន»​ជាមួយ​គ្នា​យ៉ាង​ណាក្តី​ ក៏​សារ ឬ​សម្តី​របស់​មេដឹកនាំ​ជំទាស់​លោក​ សម រង្ស៊ី​ អាចបង្ក​ឲ្យ​មានភាពមិន​ទុកចិត្ត​គ្នាក្នុង​ចំណោម​មន្ត្រីបក្សកាន់​អំណាច​ទាំង​នោះបាន។

លោក ឯម សុវណ្ណារ៉ា ​ថ្លែង​ថា​៖ «ទោះបី​ជា​គណបក្ស​កាន់​អំណាច​មានភាព​ល្អូក​ល្អឺន​ស្មោះស្ម័គ្រ​នឹង​គ្នា​ កាល​ណា​ពាក្យ​ចចាម​អារ៉ាម​កើតឡើង។​ អាហ្នឹង​វា វា​ពិបាក​ដែរ​ដោយសារតែ​យើង​បង្កើត​អា​ចរន្ត​ហ្នឹង​ ឬក៏វប្បធម៌​មិន​ទុក​ចិត្ត​គ្នា​ហ្នឹង​។​ អ៊ីចឹង​ ​អាភាព​សង្ស័យ​ ភាព​មិន​ទុកចិត្ត​គ្នា​ហ្នឹង​វា​កើត​ឡើង​ វាប្រេះ​ស្រាំ​ អ៊ីចឹង​ទៅ។ ហើយ​ណាមួយ​ វាអាច​កើត​ឡើង​ពិត​ប្រាកដ​ បើសិន​ ដូច​ខ្ញុំ​លើក​ឡើង​ថា អ្នក​នយោបាយមិន​ប្រកាន់នូវ​គោល​ការណ៍​តាម​ភារកិច្ច​ និង​កាតព្វកិច្ច​ខ្លួន​ឯង​ជា​អ្នក​ដឹកនាំ​ឬក៏បម្រើ​ពលរដ្ឋ​ពិតប្រាកដ»។

បើតាម​អ្នកជំនាញ​នយោបាយ​រូបនេះ​ យុទ្ធសាស្ត្រ​ផ្ការីក​នឹង​មិន​អាច​ក្លាយ​ជា​ការពិត​បាន​ទេនៅ​កម្ពុជា​ បើសិន​រដ្ឋាភិបាល​ដោះស្រាយរាល់​កង្វល់​ ឬការប្រឈម​របស់ប្រជាពលរដ្ឋ​ទូទៅ​ ជាពិសេស​គឺការ​លើក​កម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ ខណៈ​ស្ថាន​ភាពសេដ្ឋកិច្ច​បច្ចុប្បន្ន​មិនសូវ​អំណោយ​ផល​ដល់​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។

ប្រតិកម្មទៅ​នឹង​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី ​អំពីការ​បែកបាក់​ផ្ទៃក្នុងរបស់​គណបក្ស​កាន់អំណាច លោក ​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងថា​ លោក​ សម រង្ស៊ី បានប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ប៉ុន្តែ​មិនបាន​ធ្វើឲ្យមានកា​រប្រេះស្រាំ​ណាមួយលើ​សាមគ្គី​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ។ លោកបន្ថែមថា​ លោក ​សម រង្ស៊ី​ ទៅវិញ​ទេ​ ដែលបាន​ឃើញការ​បែកបាក់​នៅក្នុង​គណបក្ស​របស់​គាត់​ ហើយ​បាន​ភៀស​ខ្លួន​ចេញពីប្រទេស​ និងបន្ត​ប្រើប្រាស់​ពាក្យសម្តី​ដែល​ភូតភរប្រជាពលរដ្ឋ។

លោក សុខ ឥសាន ថ្លែងថា៖ «វាជាការពិត​ហើយ​ សម រង្ស៊ី ​និយាយ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ៩០ មក​ថា គណបក្ស​ប្រជាជនបែក​បាក់។ តែ​តាម​ពិត​គាត់​អ្នក​បែកបាក់​ទេ ពីព្រោះ​គាត់​ខួរក្បាល​អវិជ្ជមាន​ បើកាលណាគាត់​និយាយ​លេខ​សូន្យ​ អាហ្នឹង​គឺ​ ស​ថាវាទៅ​ខ្មៅ​ ហើយ​បើ​ថា​គាត់​និយាយ​ក្រហម វាខៀវ​ហើយ។ អាហ្នឹង​គាត់​និយាយ​អ៊ីចឹង​ ព្រោះ​គាត់​រាល់​ថ្ងៃ​ហ្នឹង​ គាត់​និយាយថា ​គាត់​ជោគ​ជ័យ​ៗ​តើ​!​ តែ​ឥឡូវ​គាត់​ជោគជ័យ​នៅស្រុក​បារាំង​ឯណោះ មាន​ជោគជ័យនៅស្រុក​ខ្មែរ​ឯណា!​ អាហ្នឹង​អ្នកសារព័ត៌មាន​ល្មម​មាន​បទពិសោធន៍​ជ្រៅ​ជ្រះ​ហើយពីរឿង​សម្តី​របស់​ទណ្ឌិត​មេឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយមហ្នឹង​»។ ​

បើ​តាម​លោក ​សុខ ឥសាន​ កម្ពុជា​កំពុង​ឃើញ​ភាព​រីកចម្រើនដូចផ្ការីក រួមមានការ​កើនឡើង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ និង​អាកាសយានដ្ឋាន​ខា្នតធំ​ ហើយ​កម្ពុជា​ក៏នឹង​បាន​ចាកចេញ​ពីក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ផង​ដែរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG