ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ប្រកាស​បង្កើត​«ចលនា​ជាតិ​តស៊ូ»​ពី​ក្រៅ​ប្រទេស


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត ​«ចលនា​ជាតិ​តស៊ូ» ​មួយក្នុងគោល​បំណង​ទាមទារ​រដ្ឋា​ភិបាល​កម្ពុជា​វិល​ត្រឡប់​មក​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ និង​ដើម្បី​ធានា​សេរី​ភាពនិង​យុត្តិធម៌​ពេញ​លេញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ ទី ​៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤។

ចលនា​នេះ​មាន​ឈ្មោះ​ពេញ​ថា ​«ចលនា​ជាតិ​តស៊ូ ដើម្បី​ការពារ​ទឹក​ដី​ប្រទេស​កម្ពុជា និង​ទាមទារ​សេរីភាព និង​យុត្តិ​ធម៌​សម្រាប់​ប្រជា​រាស្រ្តខ្មែរ»។

លោក សម រង្ស៊ី បញ្ជាក់​ ៥ ​ចំណុច​ ដែល​នាំឱ្យ​មាន​ការ​បង្កើត​ចលនា​នេះ ក្នុង​នោះ​លោក​បាន​លើក​ឡើងថា​ លោក ហ៊ុន សែន «បាន​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ តាម​រយៈ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយច្រើន​លើក​ច្រើន​សា​ជា​បន្ត​បន្ទាប់» ការ​បម្រើ​តែ​ផល​ប្រយោជន៍​បរទេស ការ​បាត់​បង់​ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យ​សម្បត្តិ​រាស្ត្រ និង​ទ្រព្យ​សម្បត្តិរដ្ឋ ការ​ក្រាញអំណាច ហើយ​បន្ត​ជិះ​ជាន់ និង​ធ្វើ​បាប​ប្រជារាស្ត្រនិង​ការ​មិន​អនុញ្ញាតឱ្យ​មាន​ការ​បោះ​ឆ្នោត ដោយសេរី និងយុត្តិធម៌​ពិត​ប្រាកដ ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ ១៩៩១។

លោក សម រង្ស៊ី បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា៖ «...តំណាង​ប្រជា​ពល​រដ្ឋខ្មែរ ដែល​មាន​សិទ្ធិ​សម្តែង​ម​តិ​ពី​ក្រៅ​ប្រទេស ហើយ​ដែល​មាន​ការ​ឈឺ​ចាប់ និង​ឆន្ទៈ តស៊ូ ដូច​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស ​ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​សម្រេច​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា ​និងទាម​ទារ​សេរី​ភាព និងយុត្តិធម៌​សម្រាប់​ប្រជារាស្រ្តខ្មែរ»។

លោក សម រង្ស៊ី បន្ថែម​ថា ​ចលនា​នេះ​បង្កើត​ឡើង​ដើម្បី​ទាម​ទារ​ការ​រៀបចំ​ការ​គ្រប់​គ្រង​ប្រទេស និង​សង្គម​ជាតិ​ឡើង​វិញ តាម​បែប​បទ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ ដើម្បី​ធានា​សេរី​ភាព និង​យុត្តិធម៌​ពេញ​លេញ​ជូន​ប្រជា​ពលរដ្ឋ។

លោក​បន្ថែម​ថា​ ចលនា​នេះ​នឹង​បង្កើត«​ក្រុមប្រឹក្សា​ជាតិ​តស៊ូ »ជា​ក្បាល​ម៉ាស៊ី​ន ហើយ​ក្រុមប្រឹក្សាជាតិតស៊ូ​នេះ​នឹងឈាន​ទៅ​បង្កើត​«រដ្ឋាភិបាល​បណ្តោះ​អាសន្ន»។

លោក អ៊ុំ សំអាន អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ និង​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ប្រាប់​វីអូអេ​ថា ​ចលនា​នេះ​បង្កើត​ដើម្បី​ជំរុញនិង​ដាក់​សម្ពាធឱ្យ​មាន​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចលនា​នេះ​នឹង​តស៊ូ​មតិ​តាម​ផ្លូវ​ការ​ទូត​នៅ​ខាង​ក្រៅ​ប្រទេស។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖ «យើង​នឹង​ស្នើ​ទៅ​ដល់​សហគមន៍​អន្តរ​ជាតិ​និង​ប្រទេស​មហា​អំណាច ឱ្យ​ដាក់​សម្ពាធ​ទៅ​លើ​ត្រកូល​ហ៊ុន​ហ្នឹងឱ្យ​ងាក​មក​ស្តារ​ប្រជាធិប​តេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ»។

លោក​ ​សុខ ឥសាន អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ​និងជាសមា​ជិកព្រឹទ្ធ​សភា ចាត់​ទុក​ការ​ប្រកាស​បង្កើត ​«ចលនា​ជាតិ​តស៊ូ» គឺ​ជា ​«រូបភាព​បដិវត្តន៍​ពណ៌» មួយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖ «ស​បញ្ជាក់ឱ្យ​ឃើញ​ថា ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​កំពុង​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ហ្នឹង ​កំពុង​អស់​ផ្លូវ​ដើរ​ ពីព្រោះ​គាត់​អត់​មាន​មធ្យោបាយ​អី​ ដើម្បី​ធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹក​នាំ​និង​គ្រប់​គ្រង​ប្រទេស​សព្វ​ថ្ងៃនេះឱ្យ​ដួល​រលំ​បាន​ទេ​បាទ​ មិន​អ៊ីចឹងទេ​គាត់​រក​មធ្យោបាយ​ធ្វើ មាន​ន័យថា​ញុះញង់​បំផុស​កំហឹង​មហាជន​នៅ​ក្នុង​ប្រទេស​ហ្នឹង ដើម្បីឱ្យ​ងើប​ឡើង​បះបោរ»។

គួរ​បញ្ជាក់​ថា​ មេដឹកនាំគណបក្ស​ជំទាស់​ដែល​រួម​មាន​លោក សម រង្ស៊ី ផង​ដែរ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា​ក្រុម​ដែល​ចង់​ធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រដ្ឋាភិបាល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG