លោកស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងនគរបាល បានសម្រេចជោគជ័យ ក្នុងការបង្ក្រាបក្រុមជន ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស ខេង ដែលបានហៅក្រុមនោះថាជា«ក្រុមឧទ្ទាមក្រៅច្បាប់»មិនបាននិយាយចំៗឈ្មោះថាក្រុមនោះជាក្រុមណាមួយឡើយ។ តែបើតាមក្រុមអ្នកតាមដាននយោបាយ លោកស ខេង ទំនងជាសំដៅដល់ក្រុមសមាជិកអតីតគណបក្សសង្គ្រោះជាតិ។
ថ្លែងក្នុងពិធីប្រារព្ធខួបបង្កើតនគរបាលជាតិកម្ពុជាលើកទី ៧៤ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរដល់កងកម្លាំងនគរបាល ដែលបាន«បង្រ្កាបបានជោគជ័យ»លើកងកម្លាំងដែលលោកហៅថាជាកម្លាំងឧទ្ទាមក្រៅច្បាប់នោះ។
«ខ្ញុំសូមសំដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងស្នាដៃទាំងឡាយដែលកងកម្លាំងនគរបាលជាតិ សម្រេចបាននៅឆ្នាំ២០១៨កន្លងទៅនេះ ពិសេសគឺការគ្រប់គ្រងនិងដោះស្រាយនូវរាល់សភាពការណ៍សន្តិសុខប្រកបដោយវិជ្ជាជីវៈ ដែលបានទប់ស្កាត់ និងបញ្ចៀសបាននូវឧបាយកល សកម្មភាព ដែលបង្កមហន្តរាយដល់សង្គម ដែលក្រុមពួកឧទ្ទាមក្រៅច្បាប់បានបង្កឡើង ក្នុងចេតនាទុច្ចរិត ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។
ការលើកឡើងរបស់លោកស ខេង ស្របពេលដែលសកម្មជនអតីតគណបក្សសង្គ្រោះជាតិយ៉ាងតិចចំនួន ៣៥ នាក់ ត្រូវតុលាការខេត្តដំបងកោះហៅឲ្យចូលបំភ្លឺពាក់ពន្ធ័នឹងការចោទប្រកាន់ថាបានរំលោភសាលដីកាតុលាការកំពូល។ តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ អតីតមេដឹកនាំគណបក្សនេះ គឺលោកកឹម សុខា កំពុងស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះ។
ក្នុងពិធីប្រារព្ធខួបកំណើតនគរបាលជាតិកម្ពុជាដដែលនេះ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងពីជោគជ័យរបស់ក្រុមនគរបាលដែលទទួលបានជោគជ័យក្នុង «ការការពារអធិបតេយ្យភាពជាតិ ការប្រឆាំងចលនាបដិវត្តន៍ពណ៌ និងការមិនអនុញ្ញាតឲ្យប្រទេសដទៃ យកទឹកដីប្រទេសកម្ពុជា ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត»។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ប្រាប់ VOA ថា ប្រទេសកម្ពុជារហូតមកដល់ពេលនេះ គឺកំពុងស្ថិតក្នុងស្ថានភាពមួយដែលគ្មានសង្គ្រាមដូចកាលពីអតីតកាល។ តែលោកថា ប្រជាជនមួយភាគធំ ពុំទាន់មានសន្តិភាពផ្លូវចិត្តនៅឡើយ ដោយសារតែការរំលាយគណបក្សប្រឆាំងដ៏ធំមួយ កាលពីឆ្នាំ២០១៧។
«រដ្ឋាភិបាលកុំឲ្យភ្លេចថា នៅមានរឿងច្រើនទៀត ដែលពលរដ្ឋមិនទាន់ មានភាពគេហៅថាកក់ក្តៅក្នុងចិត្តនៅឡើយនោះ គឺការរំលាយគណបក្សប្រឆាំងដ៏ធំមួយដែលពលរដ្ឋបីលានហ្នឹង បានគាំទ្រ ហើយមិនទាន់មានដំណោះស្រាយណាមួយ ដែលធ្វើឲ្យមានភាព គេថាធូរស្បើយមកវិញ នូវភាពតានតឹងផ្នែកផ្លូវចិត្តរបស់ពលរដ្ឋទាំង ទាំងបីលាននាក់ហ្នឹងជាងទេបាទ នេះជារឿងមួយដែលសំខាន់»។
អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍនសង្គមរូបនេះ កត់សម្គាល់ថាមិនទាន់មានតម្រុយណាមួយដែលកម្ពុជាមានចលនាបដិវត្តពណ៌នោះទេ៕