សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont លោក Bernie Sanders ទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារក្នុងរដ្ឋ Michigan ប៉ែកខាងជើងសហរដ្ឋអាមេរិក។ ចំណែកឯលោក Donald Trump ខាងគណបក្សសាធារណរដ្ឋវិញទទួលជ័យជម្នះនៅក្នុងរដ្ឋចំនួនបីទៀតគឺរដ្ឋ Michigan រដ្ឋ Mississippi និងរដ្ឋ Hawaii។
ការស្ទង់មតិជាច្រើនបានបង្ហាញថាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកគឺលោកស្រី Hillary Clinton នឹងឈ្នះនៅរដ្ឋMichigan ប៉ុន្តែ លោក Sanders ទទួលបានសំឡេងឆ្នោត៥០ភាគរយ។
យ៉ាងណាក៏ដោយ លោកស្រី Clinton បានឈ្នះយ៉ាងស្រួលនៅក្នុងការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យនៅរដ្ឋមួយទៀត គឺរដ្ឋ Mississippi ប៉ែកខាងត្បូងសហរដ្ឋអាមេរិក។
លោក Sanders បានថ្លែងថាជ័យជម្នះរបស់លោកនៅរដ្ឋ Michigan មានន័យថា «បដិវត្តន៍នយោបាយ» របស់លោកមានកម្លាំងខ្លាំងនៅទូទាំងប្រទស ហើយលោកជឿថាទីកន្លែងដែលយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកមានកម្លាំងខ្លាំងបំផុតនោះ គឺជាកន្លែងដែលមិនទាន់បោះឆ្នោតនៅឡើយ៕