ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាងជើង​ធ្វើ​ឲ្យ​ខាតបង់​ជំនួញ​របស់​កូរ៉េខាងត្បូង


រថយន្ត​ដឹក​ទំនិញ​កូរ៉េ​ខាង​ត្បូង​ចាក​ចេញ​ពី​កូរ៉េ​ខាង​ជើង​ នៅ​ឯ​សួន​ឧស្សាហកម្ម​ Kaesong នៅ​ភូមិ​មួយ​ក្បែរ​ព្រំ​ដែន​ នៅ​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
រថយន្ត​ដឹក​ទំនិញ​កូរ៉េ​ខាង​ត្បូង​ចាក​ចេញ​ពី​កូរ៉េ​ខាង​ជើង​ នៅ​ឯ​សួន​ឧស្សាហកម្ម​ Kaesong នៅ​ភូមិ​មួយ​ក្បែរ​ព្រំ​ដែន​ នៅ​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

បណ្តា​រោងចក្រ​របស់​កូរ៉េខាងត្បូង​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​សួន​ឧស្សាហកម្ម​ Kaesong ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​សង​ថ្លៃ​ខាតបង់​របស់​ពួកគេ។​

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ផ្អាក​រាល់​សកម្មភាព​ទាំង​អស់​នៅ​តំបន់​ឧស្សាហកម្ម​ដែល​ខ្លួន​បាន​សហការ​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាងជើង ដើម្បី​ជា​ការដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​របស់​លោក​ គីម ជុង​អ៊ុន​ ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​និង​ការបាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន។

សួនឧស្សាហកម្ម​ Kaesong មាន​រោងចក្រផលិត​ខ្នាត​តូច​និង​មធ្យម​ចំនួន​១២៣​ ដែល​បាន​ប្រតិបត្តិការ​នៅ​ទី​នោះ​ហើយ​ត្រូវ​បានបង្ខំ​ឲ្យ​បិទ។

បណ្តា​ក្រុមហ៊ុន​ទាំង​នេះ​ប៉ាន់​ស្មាន​ពី​ការខាតបង់​បឋម​របស់​ខ្លួន​ ទៅ​លើ​អចលនទ្រព្យ​និង​វត្ថុ​ធាតុ​ដើមថា ​មាន​ទឹក​ប្រាក់​ជិត​៦៤៤​លាន​ដុល្លារ។

នៅ​ពេល​ប្រកាស​អំពី​ការបិទ​សួន​ឧស្សាហកម្ម​ Kaesong ​នេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​និង​ការគាំទ្រនានា​ដល់​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់។ ​
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សមាគម​សួន​ឧស្សាហកម្ម Kaesong ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ធានារ៉ាប់រង​នឹង​ចេញ​សង​ថ្លៃ​ខាត​បង់​តែ​ ២២០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ​

សមាគម​នេះ​បាន​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ ដើម្បី​កំណត់​នូវ​ថ្លៃ​សង​ការ​ខូចខាត​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ភាគី​ទាំង​២​នេះ​នៅ​មិន​ទាន់​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទេ៕

XS
SM
MD
LG