លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់វេទិការសាធារណៈមួយក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរំឭកប្រាប់ដល់អ្នកគាំទ្រអំពីគ្រោះថ្នាក់នៃគោលនយោបាយវាតទីនិយមរបស់ប្រទេសកុម្មុយនីស្តចិន ដែលអាចបង្កអសន្តិសុខដល់ប្រទេសកម្ពុជានិងតំបន់។
លោក សម រង្ស៊ី បាននិយាយថា៖ «អំណាចផ្ដាច់ការ ជនផ្ដាច់ការ ដែលដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃនាំមកនូវគ្រោះថ្នាក់ ដល់ប្រទេសកម្ពុជាផងដល់តំបន់អាស៊ីភាគអាគ្នេយ៍ទំាងមូលផង ដោយសារអ្នកទំាងនោះចូលដៃជាមួយចិន ហើយចិនឥឡូវនេះកំពុងតែដើរឈ្លានពានគេឯង ចង់យកដែនសមុទ្រចិនខាងត្បូងទំាងមូលថា ជាទឹកដីរបស់ចិន ហើយមានមហិច្ឆតា គ្រប់គ្រងពិភពលោកទំាងមូល»។
នៅក្នុងវេទិកាសាធារណ: ដែលមានអ្នកគាំទ្រចូលរួមប្រមាណ ៣០នាក់ នៅក្នុងបណ្ណាល័យ Tyson Pimmit Regional Library នៅក្នុងទីក្រុង Falls Church រដ្ឋ Virginia លោក សម រង្ស៊ី ថ្លែងថា ប្រទេសចិនមានមហិច្ឆតាគ្រប់គ្រងពិភពលោក ដោយទាក់ទាញប្រទេសកម្ពុជាតាមរយ:ប្រាក់កម្ចី ជំនួយ និងការវិនិយោគដើម្បីជាថ្នូរនឹងការយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលនយោបាយវាតទីនិយមរបស់ខ្លួន។
លោកបន្ថែមថា៖ «ក្នុងបំណងនេះ គឺគេ [ប្រទេសចិន] រកសម្ព័ន្ធមិត្តដែលយល់ព្រមបម្រើផលប្រយោជន៍គេដូចជាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន អីចឹងហើយបានសហរដ្ឋអាមេរិកបារម្ភណាស់ បារម្ភពីនយោបាយឈ្លានពាននិយម វាតទីនិយមរបស់ចិនកុម្មុយនីស្ត។ អីចឹងហើយរបបផ្ដាច់ការដឹកនាំនៅកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ជាគ្រោះថ្នាក់សម្រាប់គេ ដោយចូលដៃជាមួយចិន»។
មេដឹកនាំគណបក្សប្រឆាំងរូបនេះជឿជាក់ថា គ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយប្រទេសចិនដោយមានថ្នាក់ដឹកនាំកម្ពុជាក្នុងពេលបច្ចុប្បន្នជាអ្នករួមគំនិតនឹងធ្វើឲ្យអន្តរាយដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ដែលអាចឈានដល់ការជះឥទ្ធិពលមិនល្អដល់សហរដ្ឋអាមេរិកផងដែរ។ ដូច្នេះ លោកថាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ត្រូវតែធ្វើសកម្មភាពដើម្បីបញ្ចៀសហានិភ័យនេះ។
លោក សម រង្ស៊ី បានក៏បានលើកឡើងទៀតថា៖ «បើចង់ឲ្យមានសន្ដិភាពសន្ដិសុខ ស្ថិរភាពនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍យើងត្រូវធានា ត្រូវជំរុញធ្វើម៉េចឲ្យប្រទេសកម្ពុជាប្រកាន់ជំហរអព្យាក្រឹត មិនត្រូវចូលដៃជាមួយអ្នកណា ជាមួយមហាអំណាចណាទាំងអស់ ជាពិសេសពេលនេះ មិនត្រូវចូលដៃជាមួយចិនកុម្មុយនីស្តទាល់តែសោះ»។
លោកបន្តទៀតថា៖ «អីចឹងហើយត្រូវតែធ្វើម៉េចឲ្យប្រជារាស្ត្រខ្មែរសម្រេចវាសនាដោយខ្លួនឯងតាមរយ:ការបោះឆ្នោតត្រឹមត្រូវត្រូវតែមានគណបក្សសង្គ្រោះជាតិចូលរួម។ ពេលណាដែលមានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវគណបក្សសង្គ្រោះជាតិដឹកនាំប្រទេស គឺយើងមិនអនុញ្ញាតដាច់ខាត ឲ្យចិនកុម្មុយនីស្តមកបោះទីតាំងនៅលើទឹកដីប្រទេសកម្ពុជា»។
លោកថា ពេលនោះប្រទេសជិតខាងកម្ពុជា និងសហរដ្ឋអាមេរិកមានការកក់ក្ដៅពីព្រោះអត់មានចិនណា យកប្រទេសកម្ពុជាធ្វើជាឈ្នាន់ដើម្បីឈ្លានពានគេឯងនៅជុំវិញប្រទេសកម្ពុជាទេ។ ពេលនោះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធានាឲ្យមានសេរីភាព យុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរផង ហើយធានាឲ្យមានសន្ដិសុខ និងសន្តិភាពចំពោះប្រទេសជិតខាងទាំងអស់ផង។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សប្រឆាំងមួយនេះ ក៏បានថ្លែងក្នុងវេទិកានេះថា គណបក្សសង្គ្រោះជាតិតៀមរៀបចំផែនការ និងកម្មវិធីជាច្រើនដើម្បីរំឭកខួបទី៣០ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងមានគោលបំណងបញ្ចប់សង្គ្រាមរវាងភាគីខ្មែរនិងខ្មែរនិងនាំមកនូវសន្តិភាពការអភិវឌ្ឍសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមកប្រទេសកម្ពុជា។
អ្នកស្រីបាននិយាយថា៖ «មិនត្រឹមតែរំលឹកខួបទេ យើងបង្ហាញជាថ្មីម្ដងទៀត ថាជំហរនៃគណបក្សសង្គ្រោះជាតិគឺរក្សាព្រលឹង ស្មារតី ទាំងអស់ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា»។
ឆ្លើយតបនឹងសំណួរអ្នកចូលរូម អ្នកស្រី មូរ សុខហួរ ក៏បានយកឱកាសនោះវាយប្រហារទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថា លោក ហ៊ុន សែន មិនមែនជាបុរសខ្លាំងនោះទេ ដោយអ្នកស្រីបាននិយាយក្នុងសម្ដីដើមថា៖ «ទាំងអស់គ្នាចេះតែគិតថា ហ៊ុន សែន ខ្លាំងបើសិនជាមនុស្សហ្នឹងជាមនុស្សខ្លាំងជាអ្នកដឹកនាំកំពូលហើយជាមនុស្សខ្លាំងហេតុអ្វីមកចាប់កូនក្មេងដែលមាន [ជំងឺ] Autism»។
ក្នុងពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថែមទាំងបានលួចចូលស្តាប់តាមដានកិច្ចប្រជុំតាមប្រព័ន្ធ Zoom របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលនៅក្រៅប្រទេសជាមួយនឹងអ្នកគាំទ្រដែលធ្វើឲ្យអ្នកតាមដានព្រួយបារម្ភពីការរំលោភឯកជនភាពរបស់ពលរដ្ឋ។
អ្នកស្រី មូរ សុខហួរ បានរិះគន់ទង្វើនេះ៖ «កត្តាមួយទៀតថ្មីៗហ្នឹង ទើបតែកើតឡើង យើងប្រជុំគណបក្សសង្គ្រោះជាតិសោះហេតុអ្វីលោក ហ៊ុន សែន ចូលមកបន្ទប់យើង។ ហើយមិនមែនជាប្រជុំថ្នាក់កំពូលទេ ប្រជុំសកម្មជនយើងធម្មតាសោះ គាត់ស្រែកឃ្លានគាត់មានជំងឺអ្វីមួយចង់ឲ្យយើងទទួលស្គាល់គាត់…»។
លោក គុយ ម៉ារុង អាយុ ៦៨ ឆ្នាំ ជាអ្នកចូលនិវត្តន៍មួយរូបមកពីរដ្ឋ Maryland ដែលបានចូលរួមក្នុងវេទិកាសាធារណ:នោះបានប្រាប់វីអូអេថា វេលានេះជាឱកាសល្អសម្រាប់ប្រទេសកម្ពុជាព្រោះថា ប្រទេសកម្ពុជាជាប្រទេសយុទ្ធសាស្ត្រក្នុងតំបន់ ដែលប្រទេសមហាអំណោចដូចជាសហរដ្ឋអាមេរិកនៅចង់ជួយជ្រោមជ្រែង។
លោក គុយ ម៉ារ៉ុង បានប្រាប់វីអូអេថា៖ «ស្ដាប់លោកប្រធានគាត់ធ្វើអត្ថាធិប្បាយមក សម្ព័ន្ធមិត្តរបស់អ្នកគោរពលទ្ធិប្រជាធិបតេយ្យហ្នឹង គេត្រូវការទប់ឥទ្ធិពលរបស់ចិនរបស់កុម្មុយនីស្តដែលកំពុងតែខ្លាំងក្លា នៅក្នុងតំបន់ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះដូចខ្ញុំនិយាយអីចឹងថា នេះជាអំណោយផលរបស់ខ្មែរយើងដែលមានប្រទេសសម្ព័ន្ធមិត្តជាមហាអំណាចពិភពលោក គេត្រូវការយើងដូចនេះវាជាភ័ព្វសំណាងរបស់ប្រទេសយើងប្រជារាស្ត្រយើង»។
ប៉ុន្តែលោក ចំរើន មុយ អាយុ ៦៥ ឆ្នាំ ជាអ្នកចូលនិវត្តន៍ រស់នៅក្នុងរដ្ឋធានី Washington ដែលបានចូលរួមស្តាប់ដែរបានប្រាប់វីអូអេថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា របបដឹកនាំនៅកម្ពុជានឹងមានការផ្លាស់ប្ដូរក្នុងពេលឆាប់ៗនេះ ហាក់ដូចជាឆ្ងាយពីការពិត។
លោក ចំរើន មុយ បាននិយាយថា លោក សម រង្ស៊ី មានការយល់សុបិនច្រើនពេកដោយសារតែរឿងបោះឆ្នោតមិនមែនជារឿងធម្មតាព្រោះត្រូវមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយហើយលោកស្នើឲ្យកម្ពុជាពឹងទាំងស្រុងទៅលើអង្គការសហប្រជាជាតិ។
លោក ចំរើន មុយ បន្ថែមថា៖ «កុំឲ្យដេកយល់សុបិន អ្នកដែលគ្នានៅខាងក្នុង [ប្រទេស] ដែលរងកម្មវេទនា ដែលងើបមិនរួច ងើបគេយកទៅធ្វើបាប យើងចេះតែហៃអើៗ បើសិនជាយើងថា ធ្វើមិនកើត យើងនិយាយថា ធ្វើមិនកើតយើងឈប់និយាយកុំឲ្យដូចថា ឲ្យគ្នាសង្ឃឹម អ្នកដែលនៅខាងក្នុងក៏ដោយ អ្នកនៅសហរដ្ឋក៏ដោយអស់សង្ឃឹមទំាងអស់គ្នា»។
អ្នកចូលរូមក្នុងវេទិកានេះម្នាក់ទៀតគឺអ្នកស្រី ម៉ាលី មកពីរដ្ឋ Maryland បានសួរទៅកាន់លោក សម រង្ស៊ី ថាតើប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀតទើបមានការផ្លាស់ប្ដូររបបដឹកនំានៅប្រទេសកម្ពុជា? លោក សម រង្ស៊ីឆ្លើយថា៖ «ផលប្រយោជន៍របស់គេ [ប្រទេសដែលមានឥទ្ធិពលលើស្ថានការណ៍ប្រទេសកម្ពុជា] តម្រូវឲ្យគេដក ហ៊ុន សែន គេនឹងសម្រេចយ៉ាងម៉េច គេនឹងធ្វើអ្វីនៅពេលណា អាហ្នឹងស្រេចតែលើគេទេ ខ្ញុំអត់ទស្សន៍ទាយបានទេ មិនអាចប្រាប់ថ្ងៃខែមុនពេលណាទេ»។
នៅក្នុងការវិវត្តថ្មីមួយ គឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយពីដំណើរទស្សនកិច្ចការងាររបស់លោកសម រង្ស៊ីនិងក្រុមប្រតិភូនៅរដ្ឋធានីវ៉ាស៊ីនតោនរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាកាលពីថ្ងៃអង្គារដោយសំឡេងគាំទ្រលើសលប់មកពីគណបក្សទាំងពីរគឺ៤០៣សំឡេង ទល់នឹង១៧សំឡេងជំទាស់។ សេចក្តីស្នើច្បាប់នេះមានគោលបំណងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងដាក់ទណ្ឌកម្មមន្ត្រីដែលរំលោភសិទ្ធិមនុស្ស។ ច្បាប់នេះត្រូវបានសភានីតិកាលមុនអនុម័តម្តងហើយប៉ុន្តែបាននៅជាប់គាំងត្រឹមព្រឹទ្ធសភានិងបានផុតអណត្តិ។
ប៉ុន្តែលោក សម រង្ស៊ី បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយនឹងវីអូអេថាស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រែប្រួលខុសពីមុនដែលសហរដ្ឋអាមេរិកយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុន៕
សូមទស្សនាបទសម្ភាន៍នេះទាំងស្រុងដូចតទៅ៖