ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី ព្រមាន​ចិន​ឱ្យ​គោរព​ខ្មែរ​ម្ចាស់​ស្រុក


រូបឯកសារ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងការជួបជុំមួយរបស់គណបក្សនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងការជួបជុំមួយរបស់គណបក្សនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

លោក​ ​សម រង្ស៊ី​ សរសេរ​បន្ថែម​ថា ​អ្នក​វិនិយោគ​និង​ជនជាតិ​ចិនត្រូវ​ពិនិត្យ​ឡើងវិញ​ រាល់​សកម្មភាព និង​គម្រោង​ទាំងឡាយ​របស់​ពួកគេ​ ហើយ​ក៏​តម្រូវ​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​ពួកគេ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ។

នៅ​ថ្ងៃ​ច័ន្ទនេះ​ ​លោក​ ​សម រង្ស៊ី​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​រស់​នៅ​និរទេស​ខ្លួន​ ​បាន​ព្រមាន​ដល់​អ្នក​វិនិយោគ​ទុន​និង​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា​ ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក ​មុន​ពេល​ស្ថានការណ៍​នយោបាយ​ថ្មីអាច​កើត​មាន​ក្នុង​ឆ្នាំ​២០១៩​នេះ។​

លោក​ ​សម រង្ស៊ី​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​បាន​បង្ហោះ​សារ​ជា​អក្សរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ដោយ​ព្រមាន​ដល់អ្នកវិយោគ​ទុន​និង​ជនជាតិ​ចិន​ដែល​កំពុង​ស្ថិត​នៅ​កម្ពុជា​ ​ឲ្យ​មាន​ការ​គោរព​ជនជាតិ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក។​ ​ក្នុង​សារ​ដែល​មាន​ជា​ភាសា​ខ្មែរ​ ​និង​អង់គ្លេស​នោះ​ ​លោក​ ​សម រង្ស៊ី​ ​បន្ថែម​ថា​ ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​នឹង​កាន់​តែ​តានតឹង​ឡើង​ចាប់ពី​ពេល​នេះ​ទៅ​និង​ថា​ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់​ ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ​ដោយសារ​តែ​ប្រជារាស្ត្រ​ខ្មែរ​មាន​បំណង​ចង់​ប្តូរ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​

លោក ​សម រង្ស៊ី ​បញ្ជាក់​ថា៖​

«ជនជាតិ​ចិន​ទាំង​នោះ​ត្រូវ​ដឹង​ថា ​ពួកគេ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ ​មាន​ការ ក្តៅ​ក្រហាយ​ចំពោះ​ពួកគេ។​ ដូច្នេះ​ជា​ការ​ប្រុង​ប្រយ័ត្ន​ដ៏​ត្រឹមត្រូវ​ បើ​ពួកគេ​ឈប់​បំពាន​មក​លើ​ជនជាតិ​ខ្មែរ​ ​ឈប់​ព្រហើន​ ​ហើយ​ចេះ​សម្តែង​ការ​គោរព​ខ្លះ ​ចំពោះ​ជន​ជាតិ​ខ្មែរ ដែល​ជា​ម្ចាស់​ស្រុក។​ បើ​មិន​យ៉ាង​ដូច្នោះ​ទេ​ពួក​ជន​ជាតិចិន​ទាំង​នោះ​ ​អាច​ប្រឈម​មុខ​ពី​ការផ្ទុះ​កំហឹង​ពី​សំណាក់​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ស្រុក នៅ​ពេល​ដែល​ព្រឹត្តិការណ៍​នយោបាយ​ថ្មី​នឹង​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១៩​នេះ»។​

លោក​ ​សម រង្ស៊ី​ សរសេរ​បន្ថែម​ថា ​អ្នក​វិនិយោគ​និង​ជនជាតិ​ចិនត្រូវ​ពិនិត្យ​ឡើងវិញ​ រាល់​សកម្មភាព និង​គម្រោង​ទាំងឡាយ​របស់​ពួកគេ​ ហើយ​ក៏​តម្រូវ​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​ពួកគេ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ។​

លោក​ សម រង្ស៊ី​ ​សរសេរ​អំពី​ផល​វិបាក​ដែល​លោក​ថា​នឹង​អាច​កើត​មាន​ចំពោះ​ជនជាតិ​ចិន​នៅ​កម្ពុជា​ថា៖​

«ពួកគេ​ត្រូវតែ​ប្រគល់​សង​ឲ្យ​ម្ចាស់​ដើម​វិញ ​នូវ​ដីធ្លី​ ​ដែល​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ផ្តាច់ការ និង​ពុករលួយ នៅ​ពេល​មក​រឹបអូស​ដីធ្លី​ទាំងនោះ​ពី​ពលរដ្ឋ​ខ្មែរ។​ ពួកគេ​ត្រូវ​តែ​បិទ​បនល្បែង​ស៊ីសង (កាស៊ីណូ) ដែល​ពួកគេ​បាន​បើក​ព្រោងព្រាត​នៅ​ស្រុក​យើង​ ​ហើយ​ពួកគេ​ត្រូវ​តែ​យក​ចេញ​ពី​ស្រុក​ខ្មែរ​នូវ​ក្រុម​ចោរ​ម៉ាហ្វៀរ (Mafia) ​និង​បន​ជនពាល​កាប់​ចាក់ ដែល​ពួកគេ​បាន​នាំ​មក​ជាមួយ​វិនិយោគ​ និង​សកម្មភាព​ផ្សេងៗ​របស់​ពួកគេ»។​

ថ្មីៗ​នេះ ​លោក សម រង្ស៊ី​ បាន​ប្រកាស​គម្រោង​ចូល​មក​កម្ពុជា​វិញ​ដើម្បី​ដណ្តើម​អំណាច​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយ​មាន​ទាំង​ការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ​ចូល​មក​កម្ពុជា​វិញ​ជាមួយ​លោក​ទៀត​ផង។ ​ខណៈ​លោក​ សម រង្ស៊ី ​ប្រកាស​គម្រោង​ចូល​ស្រុក​ជាច្រើន​ដង​នោះ​ ​គេ​ឃើញ​មេដឹកនាំ​ទាំង​នគរបាល ​និង​កងទ័ព​បាន​ប្រកាស​ត្រៀម​កម្លាំង​ដើម្បី​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​ពេល​ដែល​លោក​ចូល​មក​កម្ពុជា​វិញ។

VOA ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​តែ​រហូត​មកដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ មិន​មាន​ការឆ្លើយ​តប​នៅ​ឡើយ។​

លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​គណៈ​រដ្ឋមន្រ្តី​ប្រាប់​ VOA ​ថា​ការ​លើកឡើង​របស់​លោក​ ​សម រង្ស៊ី​ គ្រាន់​តែ​ជា​សង្គ្រាម​ចិត្ត​សាស្រ្ត​នៃការ​អស់​សង្ឃឹម ក្នុង​គោលដៅ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​កុំ​ឲ្យ​បាត់​សំឡេង​របស់​លោក​ ​សម រង្ស៊ី​ ​ប៉ុណ្ណោះ។​ ​ លោក​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​ និង​ជនជាតិ​ចិន​ដែល​កំពុង​ស្ថិតនៅ​កម្ពុជា មិន​មាន​ការចាប់​អារម្មណ៍​នឹង​សារ​របស់​លោក​ សម រង្ស៊ី​ នោះទេ។​

លោក​បញ្ជាក់​ថា៖​

«ជនជាតិ​ចិន​ជា​ស្គាល់​ច្បាស់ ស្គាល់​ សម រង្ស៊ី ច្បាស់ ដោយសារ​គេ​យល់​ឃើញ​ថា ទាំង​អស់​គ្នា​យល់​ឃើញ​ថា​ សម រង្ស៊ី គាត់​លើក​ឡើង​ដើម្បី​ចង់​ជា​ខ្ញុំ​បម្រើ​ដាច់​ថ្លៃ​ដល់​បរទេស​តែ​ប៉ុណ្ណោះ ឯ​បរទេស​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ចិន​តែ​ប៉ុណ្ណឹង។ គាត់​កំពុង​ស្វែង​រក​ចៅហ្វាយ​របស់​គាត់។ ដូច្នេះ​យើង​មិន​ឲ្យ​តម្លៃ ឬ​មិន​ចាប់​អារម្មណ៍​ទេ»។​

ចាប់​តាំង​ពី​ជនជាតិ​ចិន​ជាច្រើន​ម៉ឺន​នាក់ ដែលមាន​ទាំង​អ្នក​វិនិយោគ កម្មករ និង​ទេសចរ ចូល​មក​ទស្សនា និង​រស់នៅកម្ពុជា គេ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក ​និង​បណ្ដាញ​សង្គម អំពី​ការ​កើន​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ចោរ​កម្ម​ ​ករណី​វាយតប់​គ្នា​ ​បង​តូច​បងធំ​ ​និង​ការ​ជួញដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន ​ជា​បន្ត​បន្ទាប់។​

លោក ​មាស នី​ អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ សុំ​មិនធ្វើ​អត្ថា​ធិប្បាយ​លើ​សារ​ព្រមាន​របស់​លោក សម រង្ស៊ី។​ ទោះ​យ៉ាង​ណា​លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​ដែល​កើត​មាន​ឡើង​ដោយ​សារ​ការ​ប្រព្រឹត្តិ​របស់​ជនជាតិ​ចិន និង​គួរ​ដោះស្រាយ​រាល់​ការ​ត្អូញ​ត្អែររបស់​ប្រជាពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​កម្ពុជា​យើង​ ​បើសិន​ណា​ជា​យើង​មិន​បាន​ធ្វើ​បែប​ហ្នឹង​ទេ​ហើយ​យើងគ្រាន់​តែ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​របស់​គាត់ ជាមួយ​ជនជាតិ​ចិន ជាមួយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​យើង​មិន​បាន​ដោះស្រាយ​ឲ្យ​សម​ស្រប ហើយ​មាន​តែ​ការ​គំរាម ការ​ប្រើ​ហិង្សារ​ដូចជា​នៅ​ក្រុង​ព្រះសីហនុ ដែល​យើង​ឃើញ​កន្លង​មក​ហើយ​នេះ អាហ្នឹងវា​នឹង​បណ្តាល​ឲ្យ​មាន​ការ​ដុះដាល​ការ​រើស​អើង​កាន់​តែ​ធំ​ទៀត ហើយ​ជួន​កាល​ការ​រើស​អើងនេះ ​វា​អាច​នឹង​រាល​ដាល​នូវ​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​ ដែល​រដ្ឋាភិបាល​ពិបាក​នឹង​គ្រប់គ្រង»។

រដ្ឋាភិបាល​កម្ពុជាត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កំពុងទំនាក់​ទំនង​ជាមួយ​ចិនយ៉ាង​ស្អិត​រមួត ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​កម្ពុជា​ត្រូវ​បាន​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ចោទ​ថា ​កំពុង​ដើរ​បញ្ច្រាស​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​លើ​ក្រុម​ជំទាស់​ អង្គការ​សង្គម​ស៊ីវិល​ ​សារព័ត៌មាន​ឯករាជ្យ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ២០១៧។​ ការ​បង្ក្រាប​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស។​

លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​កំពុង​ងាក​ចេញ​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ចាប់ដៃ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ប្រទេស​ចិន​បាន​ថ្លែង​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​នេះ​ថា ​ចិន​គឺជា​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ​ជា​ពិសេស​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ស្ពាន​ ​ស្ពាន​អាកាស​ ​និង​វារី​អគ្គិសនី​ជា​ដើម។ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​បាន​កើន​ឡើង​ដល់​៥.៦០០​លាន​ដុល្លារ។​

លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង​៣៤​ឆ្នាំ​រូប​នេះ​ក៏​បាន​បន្ថែម​ថា ​កម្ពុជា​ចង់​ឲ្យ​ទេសចរ​ចិន​កើន​ឡើង​យ៉ាង​ហោច​ណាស់​ប្រាំ​ដង​ធៀប​នឹង​ចំនួន​ទេសចរ​ចិន​ក្នុង​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​ត្រឹម​តែ​១,៩​លាន​នាក់​ ដើម្បី​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា៕

XS
SM
MD
LG