ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ភ្នំពេញ​​បញ្ជា​ឲ្យ​គ្រប់​ច្រក​ព្រំដែន​កម្ពុជា​​​​ត្រៀម​កម្លាំង​ចាប់​លោក​សម រង្ស៊ី​


រូប​ឯកសារ៖ លោក សម រង្ស៊ី ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូប​ឯកសារ៖ លោក សម រង្ស៊ី ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

ការ​​បញ្ជា​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ធ្វើ​ឡើង​ខណៈ​លោក​ សម រង្ស៊ី​​ ប្រកាស​ជាច្រើន​ដង​ថា​ ​លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ។​

អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បញ្ជា​ឲ្យ​មន្រ្តី​គ្រប់​ច្រក​ទ្វារ​អាកាសយានដ្ឋាន​ ​និង​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិទាំង​អស់​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេសដែល​កំពុង​រៀប​គម្រោង​ចូល​មក​កម្ពុជា​វិញ។​

លិខិត​មួយ​ច្បាប់​ ចេញ​នៅ​ថ្ងៃទី១ខែ​កុម្ភៈ​ឆ្នាំ​២០១៩ដោយ​លោក ​គៀត ច័ន្ទថារិទ្ធ​ ​អគ្គ​នាយក​អន្តោ​ប្រវេសន៍​ ​ដែល​មាន​កម្មវត្ថុ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​និង​នាំ​ខ្លួន​លោក​សម រង្ស៊ី​ ​ ​បញ្ជាក់​ថា​ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ស្នើ​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​ទាំង​អស់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ ​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា ​លោក សម រង្ស៊ី ​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នា​ពេល​ខាង​មុខ។​

លិខិត​ចំនួន​បី​ដែល​យោង​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​ ផង​នោះ ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖

«អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ​សូម​ក្រើន​រំឭក​ជាថ្មី​ដល់​ឯកឧត្ដម​ ​លោក​ជំទាវ​ ​អគ្គ​នាយក​រង​ និង​លោក​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​ ​ពិសេស​នៅ​តាម​គោលដៅ​ច្រក​ទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ ​និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ត្រូវ​ចាត់​វិធានការ​អនុវត្ត​ ​និង​សហការ​អនុវត្ត​ជាមួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»។​

ការបញ្ជា​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ធ្វើ​ឡើង​ខណៈ​លោក​ សម រង្ស៊ី ប្រកាស​ជាច្រើន​ដង​ថា​ ​លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ។​

លោក សម រង្ស៊ី​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ ​បន្ទាប់​ពី​លោក​រង​បណ្តឹង​ជា​ច្រើន​ករណី​ដែល​ប្តឹង​ដោយ​មេ​ដឹកនាំ​ជាន់​ខ្ពស់របស់​រដ្ឋាភិបាល​ ​ដែល​រួម​មាន​ទាំង​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ផង។

ក្នុង​វីដេអូ​មួយ​ដែល​លោក សម រង្ស៊ី ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃពុធ ​លោក សម រង្ស៊ី​ ប្រកាស​ទៅ​កាន់​អ្នក​គាំទ្រ​លោក​នៅ​សហ​រដ្ឋ​អាមេរិក​ថា​ ឆ្នាំ​២០១៩​នេះ​គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ហើយ​ដណ្តើម​យក​ប្រទេស​កម្ពុជា​មក​ប្រគល់​សង​ប្រជា​រាស្ត្រ​ខ្មែរ​វិញ។​

លោក​បញ្ជាក់​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​៦​នាទី​នោះ​ថា៖​

«យើង​ដឹង​ថា​ បេសកកម្ម​នេះ​ពិបាក តែ​ត្រូវ​តែ​ធ្វើ ហើយ​ធ្វើ​ឲ្យ​ទាន់​ពេល ​ទាន់​ពេល​ហ្នឹងគឺ​មិន​ត្រូវ​លើស​២០១៩។​ បើ​លើស​២០១៩​ ​យើង​អាច​បាត់​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ ​ឱកាស​មាស ​ដែល​យើង​ត្រូវ​ចាប់​ច្បាម​ឲ្យ​ជាប់​ យក​មក​ប្រើប្រាស់​ឲ្យ​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ​២០១៩​នេះ។​ ​ធ្វើ​យ៉ាង​ម៉េច? ​ចំពោះ​រូប​ខ្ញុំ​ សម រង្ស៊ី ​គឺ​ខ្ញុំ​សូម​បបួល​បងប្អូន​ជន​រួម​ជាតិ​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​ខ្ញុំ​ ដែល​នៅ​ក្រៅ​ប្រទេស ​សូម​បងប្អូន​វិល​ត្រឡប់ទៅ​ស្រុក​កំណើត​របស់​យើង​វិញ»។​

យ៉ាង​ណា​ក្តី​លោក សម រង្ស៊ី នៅ​តែ​មិន​បាន​បញ្ជាក់​ថា​ ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញនោះ​នឹង​មកនៅ​ពេល​ណា ​ហើយ​ដោយ​របៀប​ណា​នោះ​ទេ។​

ទន្ទឹម​នឹង​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថា​ ​ត្រៀម​ខ្លួន​ចាំ​ចាប់​លោក​ សម រង្ស៊ី ​នោះ​ ​អ្នកស្រីមូរ​ សុខហួ​រ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​សុំ​ឲ្យ​សហភាព​អឺរ៉ុបឲ្យ​ជួយ​ឃ្លាំ​មើល​ដំណើរ​វិល​ត្រឡប់​របស់លោក ​សម រង្ស៊ី មក​កាន់​កម្ពុជា។​

បើ​តាមលិខិត​មួយ​ច្បាប់​ជា​ភាសា​អង់គ្លេស ​ចុះ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ ដែល​អ្នក​ស្រី ​មូរ សុខហួរ ផ្ញើ​ទៅអ្នកស្រី ​Federica Mogherini ​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ផ្នែក​កិច្ច​ការ​បរទេស ​និង​គោល​នយោបាយសន្តិសុខ ​និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សហភាព​អឺរ៉ុបបញ្ជាក់​ថា ​គម្រោង​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី រង​នូវ​ការ​គំរាម​កំហែង​ទាំង​លោក សម រង្ស៊ី​ ផ្ទាល់ ​ទាំង​មន្ត្រី​និង​សកម្មជន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

លិខិត​ដែល​មាន​បី​ទំព័រ​នោះ​ អ្នក​ស្រី ​មូរ សុខហួរ បានបញ្ចូល​ឈ្មោះ​មនុស្ស​ជាង​២០​នាក់ ​ដែល​អ្នក​ស្រី​អះអាង​ថា​ បាន​រង​ការ​គំរាម ​ឬ​ហៅ​ទៅ​សាក​សួរ។​

អ្នក​ស្រី​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ការ​គាំទ្រ​របស់​យើង​សម្រាប់​ការ​ពិភាក្សា​រវាង​របប​លោក​ហ៊ុន សែននិង​សហគមន៍​អន្តរជាតិក្នុង​ការ​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឡប់​មក​វិញ។ ​លោក សម រង្ស៊ី ​និង​សមាជិក​បក្ស​ប្រឆាំង​ទាំង​អស់​ដែល​និរទេស​ខ្លួននឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយឲ្យ​មាន​ឯកភាពជាតិនិង​ដើម្បី​ទាមទារ​គោលការណ៍​ប្រជាធិបតេយ្យ​ និង​តម្លៃ​នៃ​ពហុនិយម»។​

សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ ​ដែល​ហៅ​កាត់​ថា ​EBA​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចាប់​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា ដាក់​ពន្ធនាគារ​ ​និងព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​រូប​រយៈពេល​៥​ឆ្នាំ​ ​ព្រម​ទាំង​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ផង៕

XS
SM
MD
LG