អតីតប្រធានគណបក្សគណបក្សប្រឆាំងលោកសម រង្ស៊ី ក្នុងសប្តាហ៍នេះ បានរិះគន់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែនយ៉ាងចាស់ដៃ ចំពោះការប្រព្រឹត្តអំពើពុករលួយដែលអាចនឹងធ្វើឲ្យលោក ហ៊ុន សែន ជួបជោគវាសនាចុងក្រោយដូចអតីតមេដឹកនាំប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ជាដើម។
ការរិះគន់របស់អតីតមេដឹកនាំគណបក្សប្រឆាំងកើតមានឡើង ស្របពេលលោកហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ជាទីដែលលោក ហ៊ុន សែន និងក្រុមមេដឹកនាំប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ជួបប្រជុំជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោករយៈពេលពីរថ្ងៃ គិតចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោល ទៅតាមសំណើររបស់រដ្ឋាភិបាលនៃប្រទេសនេះ បានពណ៌នាលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធ អំពីចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអតីតមេដឹកនាំបីរូបរបស់ប្រទេសកូរ៉េខាងត្បូង និងអតីតមេដឹកនាំរបស់ប្រទេសម៉ាឡេស៊ីដែលទើបចាញ់ការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨។
លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅឯប្រទេសបារំាងបានសរសេរតាមន័យដើមថា៖
«លោក ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ពីព្រោះខ្លាចជួបប្រទះវាសនាចូលគុក ដូចអតីតប្រធានាធិបតី កូរ៉េខាងត្បូង៣រូប ដែល២នាក់ត្រូវគេចាប់ដាក់គុក និងម្នាក់ទៀត បានសម្លាប់ខ្លួន ដោយសារតែតុលាការតាមចាប់ខ្លួន ពីព្រោះបានប្រព្រឹត្តអំពើពុករលួយលួចជាតិ នៅពេលខ្លួនកាន់តំណែងជាថ្នាក់ដឹកនាំកំពូល»។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរបន្ថែមថា៖
«ករណីមួយទៀត ដែលធ្វើឲ្យលោក ហ៊ុន សែន ដេកមិនលក់គឺករណីអតីតនាយក មន្ត្រីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលទើបតែចាញ់ឆ្នោតកាលពីខែឧសភា ឆ្នាំ ២០១៨នេះ ហើយដែលកំពុងតែប្រឈមតុលាការឯករាជ្យ នៃប្រទេសម៉ាឡេស៊ីសព្វថ្ងៃ។ សូមរំឮកថា តុលាការចោទប្រកាន់លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ថាបានលួចជាតិ រាប់រយលានដុល្លារ ដូចលោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ អញ្ចឹងដែរ»។
កាលពីខែកក្កដា ឆ្នាំ២០១៨ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារអាមេរិក ដែលទាក់ទិននឹងថវិកាវិនិយោគរបស់ក្រុមហ៊ុន 1MDB របស់រដ្ឋ។ លោក Najib គឺជាចំណុចស្នូលនៃការស៊ើបអង្កេតលើការចោទប្រកាន់ថាបានលួចប្រាក់ពីក្រុមហ៊ុន 1MDB របស់រដ្ឋ ដែលជាក្រុមហ៊ុនមួយដែលលោកបានបង្កើតឡើងនៅពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រី។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់ថា ទឹកប្រាក់សរុបចំនួន៤ពាន់៥រយលានដុល្លារអាមេរិកត្រូវបានគេលួចពីថវិកាក្រុមហ៊ុន 1MDB ដែលទឹកប្រាក់មួយចំនួនត្រូវបានគេឃើញនៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Najib។
នៅឯប្រទេសកូរ៉េខាងត្បូងឯណោះ តុលាការប្រទេសនេះ បានកាត់ទោសលោកស្រី Park Geun-hye អតីតប្រធានាធិបតី ឱ្យជាប់ពន្ធនាគារ២៤ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទរំលោភអំណាចនិងអំពើពុករលួយ។ ការកាត់ទោសអតីតប្រធានាធិបតីរូបនេះ បានធ្វើឡើងកាលពីខែមេសាឆ្នាំ២០១៨ គឺមួយឆ្នាំក្រោយ បន្ទាប់ពីអ្នកស្រីត្រូវបានដកចេញពីតំណែង។ ហើយកាលពីដើមខែតុលា ឆ្នាំ២០១៨នេះ លោក Lee Myung-bak អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងបានត្រូវតុលាការកាត់ទោសឲ្យជាប់គុក១៥ឆ្នាំ។
លោក Lee Myung-bakបានរងការចោទប្រកាន់ពីការទទួលប្រាក់សំណូកពីក្រុមហ៊ុន Samsung ហើយនឹងក្រុមហ៊ុនផ្សេងៗទៀតខណៈដែលនៅកាន់អំណាច ហើយនឹងលួចបន្លំប្រាក់ជិត៣៥លានដុល្លារមកក្រុមហ៊ុនចំនួន៣ដែលលោកបានពាក់ព័ន្ធ។ លោក Lee បានបដិសេធថា លោកពុំបានធ្វើអ្វីខុសទេហើយបានហៅការកាត់ទោសលោកថា «ជាការសងសឹកខាងនយោបាយ»។
VOA មិនទាន់អាចទាក់ទងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានទេនៅថ្ងៃសុក្រនេះ។ យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ VOAថា ការនិយាយរបស់លោក សម រង្ស៊ី គឺជាទស្សនៈរបស់ជនមានបញ្ហាប្រព័ន្ធប្រសាទតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន ថ្លែងថា៖
«ជាការលើកឡើង ដោយគ្មានមូលដ្ឋានគ្រឹះពិតប្រាកដ តាមវិកលចរឹតភាព វិកលចរឹតរបស់គាត់ ដែលចាញ់ផ្គាប់មុខ ងើបមុខមិនរួចនេះឯងបាទ»។
អ្នកនាំពាក្យរូបនេះ អះអាងថា តាមការស្រាវជ្រាវរបស់ឯកជនមួយបានរកឃើញថា ពលរដ្ឋខ្មែរជាង៩០ភាគរយ បានគាំទ្រដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅពេល VOA សួរលោកថា តើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពិតជាបម្រើប្រទេសប្រកបដោយភាពស្មោះត្រង់មែនឬយ៉ាងណានោះ លោក ផៃ ស៊ីផាន ថ្លែងថា៖
«អាហ្នឹង៩០ប្លាយភាគរយ គឺយើងយល់ឃើញអ៊ីចឹង។ អ្នកបោះឆ្នោត៨០បា្លយភាគរយ ក្នុងចំណោម៧០ភាគរយជាង នៃចំណោម៨០ភាគរយសមាមាត្រនោះ គេទទួលស្គាល់សម្តេច គេប្រគល់សេចក្តីទុកចិត្ត។ ខ្ញុំមិនបកស្រាយអ្វីផ្សេងពីហ្នឹងទេ គ្រាន់តែប្រជាពលរដ្ឋភាគច្រើនភ្លូកទឹក ភ្លូកដី វាយតម្លៃខ្ពស់ និងគោរពនូវស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការដឹកនាំ ក៏ដូចជាការ ដែលផ្តល់នូវទំនុកចិត្តដើម្បីឲ្យសម្តេចលោកបន្តការដឹកនាំបន្តតទៅមុខទៀត»។
លោក សម រង្ស៊ី មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រដល់ការអធិប្បាយរបស់លោកដែលចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធនឹងការលួចលុយជាតិ ដូចការប្រព្រឹត្តរបស់លោក Najib Razak នោះទេ នៅពេលលោកផ្តល់ការអធិប្បាយតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែតុលា។
ក៏ប៉ុន្តែ កាលពីខែកក្កដា ឆ្នាំ២០១៦ អង្គការ Global Witness បានចេញរបាយការណ៍មួយមានចំណងជើងថា«ការក្តោបក្តាប់តាមបែបប្រទូសរ៉ាយ» ឬនិយាយជាភាសាអង់គ្លេសថា Hostile Takeover ដែលរបាយការណ៍នេះ បានលាតត្រដាងឲ្យដឹងពីការ គ្រប់គ្រងទ្រព្យសម្បតិ្តដ៏សម្បើមរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍នេះ បានរកឃើញបណ្តាញដ៏ស្មុគស្មាញមួយនៃបណ្តាក្រុមហ៊ុននៅកម្ពុជា ដែលបានដាក់បង្ហាញទឹកប្រាក់ប្រហែល២០០លានដុល្លារ ហើយដែលសុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងក្រុម គ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរងការចោទប្រកាន់ថាជាមេដឹកនាំផ្តាច់ការនៅក្នុងប្រទេស។
របាយការណ៍ដដែលនោះមិនបានរួមបញ្ចូលអចលនទ្រព្យរបស់ក្រុមគ្រួសារនេះ ដែលមានច្រើនសន្ធឹកសន្ធាប់នោះទេ ប៉ុន្តែរបាយការណ៍នោះបានដកស្រង់សម្តីរបស់អ្នកជំនាញការនានាដែលថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារនេះអាចមានតម្លៃពី៥០០លានដុល្លារ ទៅ១ពាន់លានដុល្លារ។
នេះគឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បើក្រឡេកមើលទៅលើការត្អូញត្អែររបស់លោក ហ៊ុន សែន ដែលថា លោករកចំណូលបានត្រឹមតែប្រមាណ១៣.៨០០ដុល្លារតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ក្នុងនាមលោកជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះ៕