អតីតមេដឹកនាំគណបក្សជំទាស់ គឺលោក សម រង្ស៊ី បានដាក់ពាក្យប្តឹងមួយទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក ដើម្បីឲ្យក្រុមហ៊ុនបណ្តាញសង្គមដ៏ធំ ហៅថា ហ្វេសប៊ុក (Facebook) ឲ្យបង្ហាញព័ត៌មាន ដែលលោក សម រង្ស៊ី ចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានប្រើប្រព័ន្ធសង្គមបោកប្រាស់អ្នកបោះឆ្នោត និងរំលោភសិទ្ធិមនុស្ស។ នេះ បើតាមការជូនដំណឹងមួយរបស់មេធាវីរបស់លោក សម រង្ស៉ី ដែល VOA ទទួលបានប៉ុន្មានម៉ោងមុននេះ។
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានប្រើប្រាស់បណ្តាញសង្គម Facebook ខុសឆ្គង បោកប្រាស់ ដោយជួលគណនីយក្លែងក្លាយដើម្បីបង្កើនប្រជាប្រិយភាព ហៅថា Click farms និងដើម្បីគំរាមសម្លាប់ ក្រុមជំទាស់ រួមទាំង លោក សម រង្ស៊ី ដោយខុសគោលការណ៍បណ្តាញសង្គម ហើយថាកំណត់ត្រាទិន្នន័យរបស់ក្រុមហ៊ុន Facebook នឹងជួយដល់បណ្តឹងរបស់លោក សម រង្ស៊ី នៅកន្លែងផ្សេង ទៀត។ សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ពាក្យបណ្តឹងនេះ ស្វះស្វែងរកការបញ្ចេញកំណត់ត្រាទិន្នន័យក្នុងបណ្តាញហ្វេសប៊ុក ការប្រើប្រាស់គេហទំព័ររបស់ លោកហ៊ុន សែន និងសម្ព័ន្ធមិត្តរបស់លោកដោយមិនត្រឹមត្រូវ រួមទាំងការចំណាយថវិកាជាតិរបស់លោក ហ៊ុន សែនក្នុងការផ្សព្វផ្សាយលើប្រព័ន្ធនេះផង។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក Noah Hagey មេធាវីរបស់លោក សម រង្ស៊ី អតីតមេដឹកនាំជំទាស់ដែលកំពុងនិរទេសខ្លួនដោយសាររឿងក្តីក្តាំជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា៖
«បណ្តាញសង្គម Facebook បានបង្ហាញ ពីសក្តានុពលរបស់ខ្លួនដើម្បីជួយធ្វើឲ្យប្រសើរឡើងផ្នែកចែកចាយ ព័ត៌មាន និង តម្លាភាពក្នុងប្រទេសដូចជាប្រទេសកម្ពុជា។ បញ្ហាដែលលើកឡើងក្នុងពាក្យបណ្តឹងនេះ គឺសួរអំពីសំណួរជាមូលដ្ឋានអំពីតួនាទីរបស់ Facebook ក្នុងដំណើរការប្រជាធិបតេយ្យរួមទាំងអំពីវិធីថាតើ Facebook នឹងប្រតិកម្មយ៉ាងណានៅពេលមានការប្រើប្រាស់ខុសឆ្គងដោយរបបគ្រប់គ្រងបិទសិទ្ធិសេរីភាពដូច្នេះ»។
លោកថា ប្រសិនបើលោក ហ៊ុន សែន គ្មានអ្វីត្រូវលាក់បាំងទេ លោកនឹងជួយដល់ការស៊ើបអង្កេត បញ្ហាទាំងឡាយទាក់ទងនឹងរឿងរបស់មេដឹកនាំប្រទេសកម្ពុជា ដែលរំលោភលើបណ្តាញសង្គមក្នុងប្រទេស ដែលបណ្តាញព័ត៌មាន សេរីភាពទទួលព័ត៌មានត្រូវរឹតត្បឹត។
មេដឹកនាំនយោបាយទាំងពីរមានចំនួនតួលេខអ្នកគាំទ្រលើបណ្តាញFacebook រាប់លាននាក់។ លោក ហ៊ុន សែន នាំមុខលោក សម រង្ស៉ី ដោយមានអ្នកគាំទ្រ ឬ មិត្តដល់ទៅ៩លានកន្លះហើយ លោក សមរង្ស៉ី មានអ្នកគាំទ្រ ឬ មិត្ត តែជាង ៤ លានកន្លះ៕