មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានទាត់ចោលការចោទប្រកាន់ដែលថា លោកនឹងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្តទៅឱ្យជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក សម រង្ស៊ី មេបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ បានបកស្រាយថា អ្នកដែលចោទប្រកាន់រូបលោកគឺមានការភាន់ច្រឡំចំពោះភាសាដែលលោកប្រើ ហើយថា អ្វីដែលលោកបានលើកឡើងឱ្យប្រាកដនោះគឺសំដៅទៅការគោរពសិទ្ធិរបស់ជនជាតិដើមភាគតិច តាមរយៈការអនុញ្ញាតឱ្យពួកគេមានលទ្ធភាពកាន់កាប់ដីធ្លីនិងមានសេរីភាពក្នុងការប្រណិប័តន៍ជំនឿសាសនាដែលស្មើភាពគ្នាដូចនឹងជនជាតិខ្មែរទូទៅដែរ។
លោកថ្លែងថា៖ «គឺជាលោកជាពលរដ្ឋខ្មែរ ជាពលរដ្ឋខ្មែរដែលមានសេរីភាព ដូចពលរដ្ឋខ្មែរដទៃទៀតអ៊ីចឹងដែរ។ អ៊ីចឹងទៅចោទប្រកាន់ថា ខ្ញុំអីណាកាត់ទឹកដីកាត់អីហ្នឹង វាលើគោក គឺបង្ហាញភាពល្ងង់ខ្លៅ។ នរណាដែលនិយាយបែបហ្នឹង ហើយល្ងង់ខ្លៅមួយទៀត អត់ចេះមើលភាសាអង់គ្លេស»។
បើតាមមេដឹកនាំគណបក្សនយោបាយជំទាស់រូបនេះ អ្វីដែលលោកបាននិយាយគឺស្របទៅតាមច្បាប់អន្តរជាតិដែលមានចែងក្នុងអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច។
លោកបន្ថែមថា៖ «អ៊ីចឹងអ្វីដែលខ្ញុំបានចុះហត្ថលេខាជាមួយតំណាងខ្មែរលើនោះគឺយកអត្ថបទពីអង្គការសហប្រជាជាតិបេះបិទគឺថា អត់មានខុសអីទាល់តែសោះ គ្រាន់តែបន្ថែមថា នេះចំពោះប្រទេសកម្ពុជា»។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស លោកសុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការបកស្រាយរបស់លោកសម រង្ស៊ី ជាការកែតម្រូវនូវកំហុសរបស់ខ្លួនតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «វាគ្រាន់តែជាការកែតម្រូវខ្លួនឯងទេ។ តាមការណ៍ពិតគឺ កឹម សុខា ជាមួយនឹងទណ្ឌិត សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយយួនសេរី នៅក្នុងទឹកដីយួនទេ។ អាហ្នឹងគឺថា ជនជាតិភាគតិច មិនមែនជនជាតិភាគតិចនៅក្នុងទឹកដីកម្ពុជាឯណា?»
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ការថ្លែងរបស់លោក សម រង្ស៊ី ផ្តោតលើការផ្តល់សិទ្ធិសេរីភាពទៅជនជាតិដើមភាគតិច និងថាការចោទប្រកាន់កន្លងមកលើមេដឹកនាំនយោបាយជំទាស់រូបនេះជាការផ្ចាញ់ផ្ចាលគ្នាដើម្បីកេងចំណេញផលប្រយោជន៍នយោបាយ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «អានេះជាអ្នកនយោបាយយកប្រៀបលើគ្នា វាយប្រហារគ្នាទេ។ ប៉ុន្តែខ្លឹមសារដែលគាត់សម្ភាសជាមួយអាស៊ីសេរី ហើយគាត់បញ្ជាក់ជាមួយ ជុន ចាន់បុត្រ យើងឃើញថា មិនមែនដូចជាការលើកឡើងរបស់អ្នកនយោបាយទេ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ លោក សម រង្ស៊ី បានថ្លែងនៅមុខតំណាងជនជាតិដើមភាគតិចថា លោកនឹងផ្តល់សិទ្ធិនៅក្នុងការកាន់កាប់ដីធ្លីដល់ពួកគេ ជាពិសេសផ្តល់សេរីភាពដល់ពួកគេនៅក្នុងការអនុវត្តជំនឿក៏ដូចជាប្រពៃណីជាដើម។ ការណ៍នេះនាំឱ្យអាជ្ញាធរកម្ពុជាបានចោទរូបលោកថា មានបំណងកាត់ទឹកដីឱ្យទៅក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត៕