ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ​វាយ​ប្រហារ​បន្ថែម​ ពេល​គណបក្ស​គ្រប់គ្រង​ប្រទេស​បន្ទន់​ឥរិយាបថ​ស្តារ​ស្ថានការណ៍​នយោបាយ


លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)
លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)

គណៈកម្មការ​អចិន្ត្រៃយ៍​សភា​កំពុង​ពិនិត្យ​មើល​សេចក្តី​ស្នើ​ច្បាប់​បើក​ផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ឬ​ទាំង​១១៨​នាក់​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ តែ​លោក​ សម រង្ស៊ី ​សហស្ថាបនិក​នៃ​ក្រុម​ជំទាស់​បាន​វាយ​ប្រហារ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ដែល​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​បន្តិច​នេះ ​នៅ​ពេល​មានការ​ទាមទារ​ពី​អន្តរជាតិ​ឲ្យ​មាន​ការ​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ។​

នៅ​ពេល​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចាប់​ផ្តើម​បន្ទន់​ជំហរ​បន្តិច​ដើម្បី​ដំណើរការ​នីតិវិធី​ឲ្យ​ឥស្សរជន​នយោបាយ​ចំនួន​១១៨រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ ឲ្យ​ទទួល​បាន​សេរីភាព​នយោបាយ​ឡើងវិញ មេដឹកនាំ​នយោបាយ​គណបក្ស​ជំទាស់​មួយ​រូប​គឺ​លោក ​សម រង្ស៊ី ​បាន​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រើ​ល្បិច​ចង់​ស្តារ​ស្ថានការណ៍​នយោបាយ​ដោយសារ​តែ​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

«ឥឡូវនេះ​ឃើញ​ថា​ស្ថានការណ៍​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ ដោយសារ​តែ​លោក​ហ៊ុន សែន ​ទទួល​សម្ពាធ​ពី​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើងៗ។ ​ដូច្នេះ​គាត់​ត្រូវតែ​បង្ហាញ​ធ្វើជា កាយវិការ​អី​មួយ​ឲ្យ​គេ​ឃើញ​ថា​គាត់​បន្ធូរ​ ចង់​បន្ធូរ​ស្ថាន​ការណ៍។​ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប បងប្អូន​ជន​រួម​ជាតិ​ថា​នេះ​ជា​ល្បិច​លោក​ ហ៊ុន ​សែន​ ទេ​ ពីព្រោះ​បំណង​របស់​គាត់​មាន ពីរ។​ បំណង​ទី​មួយ ​គឺ​ចង់​ចៀសវាង​ទណ្ឌកម្ម​អន្តរជាតិ​។​ បំណង​ទី​ពីរ​ គឺ​ចង់​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។​ តែ​ខ្ញុំ​សូម​ប្រាប់​ទៅ​លោក ​ហ៊ុន សែន ​វិញ​ថា​បំណង​ទាំងពីរ​នេះ​នឹង​បរាជ័យ​ទាំង​ពីរ‍»។

លោក ​សម រង្ស៉ី ​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អនាគត​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដូច្នេះ​ក្នុង​កម្មវិធី ​Hello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​ទៅ។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖

«យើង​ត្រូវការ​ឲ្យ​លោក​ ហ៊ុន សែន​ ដោះ​លែង​លោក ​កឹម សុខា ​ជា​បន្ទាន់​ដោយ​ឥត លក្ខខណ្ឌ​ ឲ្យ​លោក​ កឹម សុខា ​មាន​សិទ្ធិ​មក​ធ្វើ​នយោបាយ​ មក​ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ​ ហើយ​ត្រូវតែ​ទម្លាក់​ចោល​ទាំងអស់​រាល់​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ​មក​លើ​លោក​ កឹម សុខា។​ ដរាប​ណា​ការ​ចោទ​ប្រកាន់​ក្បត់ជាតិ​នេះ​មិនទាន់​ទម្លាក់​ចោល ទេ​គឺ​អ្នកណា​ក៏​មិន​អាច​ជឿ​លោក​ ហ៊ុន សែន​ បាន​ដែរ​ ពីព្រោះ​តែ​ថ្ងៃ​ណា​មួយ​គេ​ចាប់ យើង​ទៀត។​ គេ​ធ្វើ​ជា​ដោះលែង​យើង​មួយ​រយៈពេល​ ហើយ​យើង​ធ្វើអ្វី​ឲ្យ​គេ​មិន សប្បាយ​ចិត្ត ​គេ​នឹង​ឲ្យ​តុលាការ​ ហើយ​ឲ្យ​ភ្នាក់ងារ​គេ​ មក​ចាប់​យើង​ដាក់​គុក​ម្តង ទៀត‍»។

គណៈកម្មការ​អចិន្ត្រៃយ៍​សភា​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ កំពុង​ដំណើរការ​នីតិវិធី ដើម្បី​ពិនិត្យ​មើល​សេចក្តី​ស្នើ​ច្បាប់​មួយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​ឥស្សរជន​នយោបាយ ១១៨រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើងវិញ ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​បាន​សម្រេច​ហាម​ពួកគេ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ ទន្ទឹម​នឹង​ពេល​ដែល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​មុន​ការ​បោះឆ្នោត​កាលពី​ខែ កក្កដា ​ឆ្នាំ ​២០១៨។ លោក​ កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ថា​ប៉ុនប៉ង​ផ្តួល​រំលំ រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច ​ដែល​ក្រុម​ជំទាស់​ចាត់​ទុក​ថា​ជា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល។​ សេចក្តីស្នើ​ច្បាប់​នេះ ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​សេចក្តី​ថ្លែង ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ ច័ន្ទ​ សប្តាហ៍​មុន​ដែល​បាន​បញ្ជាក់​ថា៖‍ « ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​បន្ថែម​ទៀត ​រដ្ឋសភា​ជាតិ​កម្ពុជា កំពុង​សិក្សា​ពិនិត្យ​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​នយោបាយ​អាច​ចាប់​ផ្តើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើង​វិញ»។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ក៏បាន​លើក​ឡើង​ពី​ការ​បើក​ទូលាយ​នូវ​សេរីភាព​របស់ អង្គការ​សង្គម​ស៊ីវិល​ សហជីព​ និង​ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​បាន​បិទ​ដូច​ជា​វិទ្យុ​អាស៊ី​សេរី​ និង​កាសែត​ដឹខេមបូឌាដេលី ​ជាដើម ​អាច​បើក​ការិយាល័យ​នៅ​កម្ពុជា ឡើងវិញ​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​ដែល​ក្រុម​ជំទាស់​ចាត់​ទុក​ថា​ជា​ការ​បន្ទន់​ជំហរ​របស់​រាជ​រដ្ឋាភិបាល កម្ពុជា​នេះ​គឺ​ដើម្បី​ទប់ស្កាត់​សហភាព​អឺរ៉ុប​កុំឲ្យ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ដល់​ការ​នាំចូល ទំនិញ​ទាំងអស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប ​លើក​លែង​តែ​អាវុធ ​ដែល​អាច​ប៉ះពាល់​ដល់​ការងារ កម្មករ​ជាង​៧សែន​នាក់។

សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​កំពុង​សិក្សា​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​និង​រៀបចំ​ច្បាប់​ដាក់​ទណ្ឌកម្ម​នានា​ដល់​បុគ្គល​និង​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្រោយ​ពេល​ដែល​មាន​ការ​បង្រ្កាប​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ មុន​ការ​បោះឆ្នោត​កាលពី​ខែ កក្កដា​ ឆ្នាំ​ ២០១៨។ ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ភ្លូកទឹក​ភ្លូកដី​ និង​ដឹកនាំ​ប្រទេស​តាម​លំនាំ​រដ្ឋាភិបាល​ឯក​បក្ស។

លោក ​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ ក្នុង ប្រទេស​កម្ពុជា​ បាន​សង្កេត​ឃើញ​ថា​នៅ​មាន​បញ្ហា​ច្រើន​ដែល​កំពុង​ប្រឈម​ក្នុង​ការ ដោះស្រាយ​ក្នុង​ប្រព័ន្ធ​ឯក​បក្ស ​ដែល​គ្មាន​ការ​ផ្ទៀងផ្ទាត់​ ទោះជា​មានការ​ប្រកាស​ពី ដំណើរការ​នីតិវិធី​ផ្តល់​សិទ្ធិ​នយោបាយ​ក៏​ដោយ។

លោក​បាន​ថ្លែង​ថា៖ «ហើយ​ប្រព័ន្ធ​ឯកប​ក្ស​នេះ ​អាច​ជា​បញ្ហា​ខ្លះ​ដែរ​ ដោយ​គ្មាន​ទម្រង់​នៃ​ការ​ត្រួត​ពិនិត្យ​នៅ​ក្នុង​នីតិបញ្ញត្តិ ​នៅ​អី​ហ្នឹង​ អាច​ធ្វើ​ការ​កែប្រែ​ច្បាប់​ គឺថា​កែប្រែ​ភ្លាមៗ​អាច​មាន​ជា​បញ្ហា​ដែរ ព្រោះ​ពិបាក​ដែរ​ ពេលខ្លះ​កែ​ទៅ​ល្អ ​ពេលខ្លះ​កែ​ទៅ​អាក្រក់​វិញ​គឺថា​មានការ​ប្រែប្រួល​មិន​អាច​គិតទុក​មុន​បាន​ព្រោះ​ដោយសារ​គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ‍»។

លោក​បាន​បន្ថែម​ថា ​មាន​គណបក្ស​ច្រើន​ មាន​សំឡេង​ក្រុម​ជំទាស់​ក្នុង​សភា​ជា ពហុបក្ស ​នៅ​មាន​បញ្ហា​ក្នុង​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​ការ​មិន​ទទួល​យក​គំនិត​ផង ចុះ​ទម្រាំ​ប្រព័ន្ធ​ឯក​បក្ស​ដូច​ពេល​នេះ ​លោក​មើល​ឃើញ​ថា​វា​ជា​ការ​លំបាក។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​ថា​កែ​ ចង់​បង្ហាញ​អំពី​ការ​ចង់​ដោះស្រាយ​បញ្ហា​។​ ទៅមុខ​ទៀត​អាច​កែ​រឿង​ទៀត ទៅជា​បញ្ហា​ទៀត​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​វា​ច្របូក​ច្របល់។​ ទាំងនេះ​ដែល​ជា​បញ្ហា ​ដែល​ពិបាក​ដែរ ​ហើយ​ស្ថាប័ន​រដ្ឋ​ក៏​មិន​ទាន់​មាន​ភាព​ឯករាជ្យ ​ជាពិសេស​ស្ថាប័ន​ប្រជាធិបតេយ្យ​ហ្នឹង ​មិនទាន់​មាន​ភាព​រឹងមាំ​ក្នុង​ការ​ត្រួតត្រា​ ក្នុង​ការ​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​នានា ​ដែល​បាន​ធ្វើ ហើយ​និង​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​នីតិរដ្ឋ។ ​នេះ​ជា​ការ​ប្រឈម ​ហើយ​នៅ​មាន​ច្រើន​ទៀត​ដែល​មិនទាន់​មាន​ការ​ដោះស្រាយ‍»។

លោក គល់​ បញ្ញា ​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅលើ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ដក​ហូត​សិទ្ធិ​ធ្វើនយោបាយ ​ការ​មិន​ដោះ​លែង​លោក កឹម សុខា ​ការ​មិន​ផ្តល់​សិទ្ធិ អំណាច​ដល់​អ្នក​ជាប់​ឆ្នោត​ដែល​ត្រូវ​គេ​ដក​ហូត​ជាដើម។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​នៅ​សប្តាហ៍​មុន​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​ខិតខំ​កែ​លម្អ ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​តទៅ​ទៀត។

លោក​បាន​ថ្លែង​ថា៖ «ទោះបីជា​យ៉ាងណា​ក៏ដោយ ​ក៏​យើង​មើល​ឃើញ​ថា​យើង​ត្រូវ​បន្ត​ពង្រឹង​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​យើង​ កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន។​ នេះ​ក្នុង​ន័យ​ហ្នឹង»។

លោក​ថា​ វិធានការ​ចុង​ក្រោយ​ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះជាតិ ១១៨​នាក់​ មាន​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ​វិញ​នោះ ​មិនមែន​ធ្វើ​ដោយសារ​តែ​ពាក់ព័ន្ធ នឹង​ទណ្ឌកម្ម​ឬ​រឿង​អនុគ្រោះពន្ធ​ EBA ​នោះ​ទេ។

លោក ​ប៉ុន សាវរី ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ​ដែល​បាន ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង​និង​សមាជិក​សភា​មួយ​ចំនួន​ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន​ បាន អះអាង​ថា ​សហគមន៍​អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​មិនទាន់​ជឿ​ទុកចិត្ត​គណបក្ស​គ្រប់ គ្រង​ប្រទេស​នោះ​ទេ ​ហើយ​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ជំរុញ​រឿង​ទណ្ឌកម្ម​លើ បុគ្គល​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​តាម​សេចក្តីស្នើច្បាប់​មួយ​ចំនួន។

លោក​មាន​ប្រសាសន៍​ថា៖ «មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ច្បាស់​ថា​ ការ​ដាក់​ទណ្ឌកម្ម​គឺ​មិន​ថយក្រោយ​ទេ ហើយ​ទោះបី​ជា​ច្បាប់ ​HR ៥៧៥៤​ ក៏ដូចជា​ S ២៤១២​ បាន​ឬ​មិន​ត្រូវ​បាន​អនុម័ត​នៅ​ចុង​ឆ្នាំ​២០១៨ក៏ដោយ ​ក៏​គេ​នឹង​ឲ្យ​ប្រើប្រាស់​ច្បាប់​ដែល​មាន​ស្រាប់​ គេ​ហៅ​ថា​ Magnitsky Act ​ហើយ​ពង្រីក​នូវ​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​នៅ​ជុំវិញ​លោក​ ហ៊ុន សែន​ ទាំង​អស់​ដើម្បី​ឲ្យ​ទទួល​ខុសត្រូវ​នូវ​ទង្វើ​របស់​ពួកគាត់​ដែល​បំផ្លាញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ក៏​ដូចជា​បំផ្លាញ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​ដល់​លោក​ ហ៊ុន សែន ​ត្រឡប់​មក​ដោះ​ស្រាយ​បញ្ហា​ទាំងអស់‍»។

មន្ត្រី​នៃ​ក្រុម​អង្គការ​តាក់តែង​គោល​នយោបាយ ​មន្ត្រី​ក្រសួង​ការបរទេស ​និង​ក្រុម សមាជិក​សភា​របស់​សហរដ្ឋ​អាមេរិក​ ត្រូវ​គេ​ដកស្រង់​សម្តី​មក​បញ្ជាក់​ថា ​គេ​កំពុង​តាម​មើល​ការ​ផ្លាស់ប្តូរ​នយោបាយ​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ទៅលើ​សកម្មភាព​ជា​ជាង​ការ​និយាយ។

លោក ​ញឹម គីមញ៉ុល សមាជិក​មួយ​រូប​ក្នុង​ចំណោម​១១៨​ រូប​ដែល​ត្រូវ​ហាម​ឃាត់​បាន ថ្លែង​ថា​ ការ​ដោះលែង​និង​ការ​ទម្លាក់​បទ​ចោទ​ចំពោះ​លោក ​កឹម សុខា​ និង ​លោក​ សម រង្ស៉ី ​ដែល​ជា​មេដឹកនាំ​គណបក្ស​គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​ នៅ​មុន​ការ​ផ្តល់​សិទ្ធិ​ធ្វើ នយោបាយ​ដល់​ឥស្សរជន​ចំនួន​១១៨នាក់។

«មានន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លោក​ សម រង្ស៊ី ​មាន​លោក ​កឹម សុខា ​ជា​ប្រធាន ​ជា​អ្នកដឹកនាំ ​ហើយ​យើង​គិត​ថា​ លោក​ទាំងពីរ​ជា​មនុស្ស​តែមួយ។​ អីចឹង​ដោះលែង​យើង​១១៨នាក់ ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ទេ ​ទាល់តែ​មាន​កឹម សុខា​ មាន ​សម រង្ស៊ី​ ទើប​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ ហើយ​យើង​បាន និយាយ​ថា​ សម រង្ស៉ី ​និង ​កឹម សុខា​ជា​មនុស្ស​តែមួយ ​តែ​បើ​យើង​លែង​តែ​ កឹម សុខា បានន័យ​ថា​លែង​តែ​មនុស្ស​ម្ខាង ​មិនមែន​លែង​មនុស្ស​មួយ ​តាម​គោលការណ៍​ដែល យើង​បាន​ឯកភាព​គ្នា​ពីមុន​មក​ទេ‍​បាទ»។

លោក​មិនបាន​បញ្ជាក់​ថា​លោក​ត្រូវ​ទៅវិញ​ឬយ៉ាង​ណា​ទេ​ បើ​សិន​ជា​មាន​ការ​ផ្តល់​សិទ្ធិ នយោបាយ​ឡើងវិញ​ តែ​លោក​បាន​ព្រមាន​ជាមុន​ដល់​សមាជិក​ដទៃ​ថា ​មិនមែន​ជា ជម្រើស​វិជ្ជមាន​ទេ​ ប្រសិន​បើ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង ​ឬ បង្កើត​គណបក្ស​ថ្មី ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី ​ដែល​បាន​លាលែង​ពី​គណបក្ស ដោយសារ​ការ​ចោទ​ប្រកាន់​រឿង​ក្តីក្តាំ​តុលាការ ​ហើយ​ខ្លាច​ដៃគូ​ប្រជែង​នយោបាយ រំលាយ​គណបក្ស​នោះ​ បាន​វិល​ចូល​មក​ដឹកនាំ​គណបក្ស​វិញ​ដើម្បី​អ្វីមួយ ​ដែល​លោក ថា ​តតាំង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ពេល​លោក​ កឹម សុខា ​ប្រធាន គណបក្ស​បន្ត ​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ។ ​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី​ ចូល មក​ក្នុង​គណបក្ស​វិញ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លះៗ ​ដែល​ក្រុម​មន្ត្រី និយម​កណ្តាល​និង​អ្នកគាំទ្រ​ជាច្រើន​នៅតែ​ផ្តល់​តម្លៃ​ដល់​ការ​រួបរួមគ្នា​ជានិច្ច​របស់ លោក​ សម រង្ស៊ី ​និង​លោក ​កឹម សុខា ​ដែល​ធ្លាប់​សន្យា​ជា​សាធារណៈ​តាំងពី​ដើម​រៀង​មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG