ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីសិទ្ធិ​មនុស្ស​ស្នើ​សុំ​កុំ​ឱ្យ​ប្រើ​វិធានការ​ក្តៅ​លើ​ពលរដ្ឋ​រងគ្រោះ​និង​ព្រះសង្ឃ


លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​និង​ព្រះតេជគុណ លួន សុវ៉ាត ជ័យលាភី​រង្វាន់​សិទ្ធិ​មនុស្ស ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​និង​ព្រះតេជគុណ លួន សុវ៉ាត ជ័យលាភី​រង្វាន់​សិទ្ធិ​មនុស្ស ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​នៅ​កម្ពុជា នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

ការចាប់​ឃុំឃាំង​សកម្មជន​គណបក្ស​នយោ​បាយនិង​ការកាត់​ទោស​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ដាក់​ពន្ធនាគារ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​ក្នុង​ពេល​ថ្មីៗ​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ភាពតានតឹង​ថ្មី​ទៀត​ហើយស្ថានភាព​សិទ្ធិ​មនុស្ស​ហាក់វិលត្រឡប់ទៅរក​ស្ថានការណ៍​មុន​ពេល​ដែល​គណបក្ស​នយោបាយ​ទាំងពីរ​បាន​សម្រេចកិច្ចព្រមព្រៀងដើម្បី​បញ្ចប់​វិបត្តិ​ក្រោយពី​ការបោះឆ្នោត។ នេះបើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ការចាប់​ខ្លួន​សកម្មជន​ដីធ្លី ​ព្រះសង្ឃ​ និង​សមាជិក​គណបក្ស​នយោបាយ​ជា​បន្តបន្ទាប់។ សកម្មជនខ្លះត្រូវបានតុលាការ​កាត់ទោស​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​នោះមានលោកស្រីទេព វន្នីជ័យ​លាភី រង្វាន់សិទ្ធិ​មនុស្ស​របស់​អង្គការ​ Vital Voices ​ហើយអ្នកខ្លះទៀត​នៅ​កំពុង​ជាប់​ឃុំឃាំង​នៅឡើយ។

លោកអំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូ​អេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា៖​«ខ្ញុំ​មើល​ថា​នេះ​គ្រាន់តែ​ជាលេស​មួយ​ដើម្បី​បំបាក់​ស្មារតី​ក្រុម​អ្នក​តវ៉ា ​បំភិត​បំភ័យ​អ្នកតវ៉ា»។

លោក​អះអាង​ថា​ពេល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឡើង​មក​ភ្នំពេញ​ដើម្បី​តវ៉ា​រឿង​បញ្ហា​ដីធ្លីហើយរដ្ឋាភិបាលត្រូវតែចាត់​វិធានការ​ក្តៅដើម្បី​ទប់​ស្កាត់។

លោក អំ សំអាតបានបន្ថែមថា៖ «ដំណោះស្រាយ​នេះ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​ទេ។ អ្វី​ដែលសំខាន់គឺការដោះស្រាយ​ដោយសន្តិវិធី​ស្វែងរក​នូវ​វិធីសាស្រ្ត​ដើម្បី​ដោះស្រាយ​វិបត្តិ​នោះ​បាន​ជាគោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស»។

យុទ្ធនា​ការ​ក្តៅ​នេះ​ត្រូវ​បានទទួល​ការ​គាំទ្របន្ថែម​ដោយ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​ហ៊ុន​ សែន​ដែល​ថាការតវ៉ា​ដោយ​បិទ​ផ្លូវ​ដែល​ពលរដ្ឋ​មួយ​ចំនួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ត្រូវ​តែ​កុំ​ឱ្យ​មាន​តទៅ​ទៀត។

ការ​តាម​ចាប់​ខ្លួន​និង​កាត់​ទោស​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការធ្វើ​បាតុកម្ម​នានា​ក្នុង​ពេល​អតីតកាល​ហាក់​មិន​ទាន់​បន្ថយ​ទេ។ ព្រះតេជគុណ​លួន សុវ៉ាត់ ព្រះសង្ឃ​ព្រះពុទ្ធសាសនាមួយ​អង្គដែល​តែ​ងតែ​តាម​ដាន​សកម្មភាព​តវ៉ា​និង​ការពារ​ពលរដ្ឋ​រងគ្រោះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ជាច្រើន​ដោយ​រួមមាន​បទក្បត់​ជាតិ​ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និង​ប្រឆាំង​ការបោះឆ្នោត​ជាដើម ​ហើយព្រះ​អង្គ ត្រូវតុលាការដាក់​គម្រោង​បើក​សវនាការ​កាត់ទោស​នៅថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ខាងមុខ​នេះ។

ព្រះអង្គ​មាន​សង្ឃដីកា​នៅ​ក្នុងកម្មវិធីហេឡូវីអូអេដោយបដិសេធការចោទប្រកាន់នោះថា៖

«អាត្មា​រក្សា​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​ច្បាប់​ក្បួន​ដែល​មាន​ចែង​ដោយ​ព្រះពុទ្ធ​សាសនា​ក៏​ដូចជា​ច្បាប់​ជាតិ​គឺ​អាត្មា​ពុំដែល​ធ្វើ​ឱ្យ​ឃ្លាងឃ្លាត​ពី​ច្បាប់​ណាមួយ​នោះ​ទេ»។

ព្រះតេជគុណ លួន សុវ៉ាត់​បាន​បន្ថែម​ថា​ព្រះអង្គ​បាន​ទទួល​ការប្រមាថ​មាក់​ងាយ​និង​ត្រូវ​មន្រ្តី​អាជ្ញាធរ​មាន​សមត្ថកិច្ចធ្វើ​បាបដោយ​ហិង្សា​ជាច្រើន​ចាប់​តាំងពីព្រះអង្គចេញមក​ការពារ​ជនរងគ្រោះ​ដោយសារ​ការរំលោភបំពាន​ដីធ្លី ​លំនៅដ្ឋាននិងទាមទារយុត្តិធម៌សម្រាប់ពួកគេ។ ប៉ុន្តែ​ទើប​តែលើក​នេះព្រះអង្គ​ទទួល​រង​ការចោទ​ប្រកាន់​ធ្ងន់ធ្ងរ​រហូត​ដល់​ទោស​ក្បត់​ជាតិ។

ព្រះតេជគុណ​លួន សុវ៉ាត់​បាន​ចោទ​សួរ​ថា៖«តើអ្វីជា​ទោស​ក្បត់​ជាតិ​ តើអ្វី​ជា​ទោស​ឧក្រិដ្ឋ? កុំថា​ឡើយ​តែ​តុលាការ​អាង​តែ​ចោទ​អាង​តែ​ចាប់​សូម្បី​តែ​ច្បាប់​ព្រះពុទ្ធ​សាសនា​ក៏​យើង​ដឹង​គ្រប់គ្នា​ហើយ​ថា​ព្រះសង្ឃ​ឯណា​ទៅ​ក្បត់​ជាតិ?»

លោកអំ សំអាត​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​មិនគួរ​ប្រើ​វិធានការ​ក្តៅ​ដាក់​ពលរដ្ឋ​រងគ្រោះ​ដែល​គ្រាន់តែ​ចង់​ទាមទារ​ឱ្យ​មានដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​ពួកគេ​ជួប​ការលំបាក​ទេហើយ​ជាពិសេស​លើ​ព្រះសង្ឃ​គួរតែប្រគល់ជូន​ក្រសួង​ធម្មការ​និង​សម្តេច​សង្ឃរាជ​ឱ្យ​ដោះស្រាយ។

លោក​បន្ថែម​ថា៖«យើង​ទាំងអស់​គ្នា​យើង​នឹក​ឃើញ​ហើយ​ថា​ជំនាន់​ប៉ុលពត។ ម្នាក់ៗ​គិត​តែ​ជេរ​ថា​ «ទមិឡ​អត់​សាសនា​ចាប់​ព្រះសង្ឃ​បកស្បង់​ចីពរ​ឱ្យ​ទៅ​ធ្វើ​ស្រែ​ធ្វើអី» ​ហើយ​ប្រសិន​បើ​រូបភាព​នេះ​កើត​ឡើង​មក​វិញ​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​នឹក​ឃើញ។ តើ​ព្រះពុទ្ធ​សាសនា​យើង​វា​ទៅ​បែបណា?»។

XS
SM
MD
LG